31 C
Phnom Penh

នាយករដ្ឋមន្ត្រី​ថៃ ប្រាប់​មេដឹកនាំ​យោធា​ភូមា​ឱ្យ​ឆាប់​ចាប់ផ្ដើម​ចរចា ព្រោះ​កម្លាំង​ទ័ព​នៃ​របប​សឹក​នេះ​កំពុង​ចុះ​ទន់ខ្សោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin និយាយ​ថា ឥឡូវ​នេះ​គឺជា​ពេលវេលា​ដ៏​ល្អ​មួយ ដើម្បី​បើក​កិច្ចពិភាក្សា​ជាមួយ​ពួក​យោធា​ភូមា ខណៈ​របប​ដឹកនាំ​យោធា​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​កាលពី​ឆ្នាំ​២០២១ នា​ពេលនេះ​កំពុង​ចុះ​ទន់ខ្សោយ។

ថ្លែង​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​មុន​នេះ នាយករដ្ឋមន្ត្រី​ថៃ បាន​និយាយ​ថា របប​ដឹកនាំ​បច្ចុប្បន្ន​នៅ​ប្រទេស​ភូមា កំពុង​ចាប់ផ្តើម​បាត់បង់​កម្លាំង​របស់​ខ្លួន​ជា​បណ្តើរៗ​ហើយ។

យ៉ាងណាមិញ លោក​អះអាង​ថា ទោះបីជា​ពួក​យោធា​កំពុង​ចុះ​ទន់ខ្សោយ​ក៏ដោយ ពួកគេ​នៅតែ​មាន​អំណាច នៅតែ​មាន​សព្វាវុធ​គ្រប់គ្រាន់​ដើម្បី​ប្រយុទ្ធ។

លោក Srettha Thavisin បាន​បន្ត​ថា គួរ​ដល់​ពេល​ហើយ​ដែល​ត្រូវ​បោះ​ដៃ​ទៅ​រក​ពួក​យោធា ហើយ​ស្វែងរក​ការ​សម្រេច​ឱ្យ​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​ដែល​លោក​ថា ពួក​យោធា​គួរ​ចាប់ផ្តើម​ចរចា​ជាមួយ​ភាគី​ម្ខាង​ទៀត។

តាម​ការ​ថ្លែង​របស់​នាយករដ្ឋមន្ត្រី​ថៃ ដែល​បាន​ផ្ដល់​បទសម្ភាសន៍​ឱ្យ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters​ទំនង​លោក​ក៏​ចង់​ប្រាប់​ទៅ​មេដឹកនាំ​អាស៊ាន ឱ្យ​រិះរក​ពេលវេលា​ដើម្បី​ជួប​មេដឹកនាំ​យោធា​ភូមា ដើម្បី​ការ​ចរចា ហើយ​ឆ្ពោះ​ទៅ​រក​ការ​ចរចា​រវាង​របប​សឹក និង​ក្រុម​សម្ព័ន្ធភាព​ដែល​ប្រឆាំង​នឹង​របប​សឹក។

រយៈពេល​ជាច្រើន​ខែ​មក​នេះ រដ្ឋាភិបាល​យោធា​ភូមា បាន​និង​កំពុង​ស្ថិត​ក្នុង​សមរភូមិ​ដ៏​តានតឹង​ជាមួយ​ក្រុម​ចលនា​តស៊ូ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ស្រមោល នៅ​ប៉ែក​ជាច្រើន​នៃ​ផ្ទៃ​ប្រទេស ហើយ​បាន​បាត់បង់​មូលដ្ឋាន​ទ័ព និង​ក្រុង​សំខាន់ៗ​ជា​បន្តបន្ទាប់​ទៅ​ខាង​ក្រុម​ប្រឆាំង។

ទីតាំង​ឈរជើង​របស់​ពួក​យោធា​ជិត ៥០​កន្លែង​ដែល​នៅ​ជាប់​ព្រំដែន​ប្រទេស​ជិតខាង បាន​ធ្លាក់​ក្នុង​កម្លាំង​សម្ព័ន្ធភាព​ប្រឆាំង​របប​សឹក ហើយ​ចុងក្រោយ​នេះ មូលដ្ឋាន​ទ័ព​របប​សឹក​ដ៏​សំខាន់​មួយ​នៅ​ជាប់​ព្រំប្រទល់​ប្រទេស​ថៃ បាន​ធ្លាក់​ក្នុង​ដៃ​របប​កងទ័ព​ការ៉េន ជា​កងទ័ព​ជនជាតិ​ដើម​ដែល​សហការ​ជាមួយ​កម្លាំង​នៃ​ក្រុម​ចលនា​តស៊ូ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ស្រមោល។

គិត​ចាប់តាំងពី​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២១ មក​ទល់​នឹង​ពេលនេះ កងទ័ព​របប​សឹក​ជាង ២០០០​នាក់​ចុះចូល​នឹង​កម្លាំង​ប្រឆាំង ហើយ​ចុងក្រោយ​នេះ កងទ័ព​របស់​របប​សឹក​នេះ​ជិត ៥០០​នាក់ បាន​ទម្លាក់​អាវុធ​សុំ​ចុះចូល​នឹង​កងទ័ព​ជាតិ​ការ៉េន ក្រោយពី​ពួកគេ​មិន​អាច​ការពារ​បាន​មូលដ្ឋាន​ទ័ព​នៃ​របប​សឹក​ដ៏​សំខាន់​មួយ​នៅ​ទីក្រុង Myawaddy ជាប់​នឹង​ព្រំដែន​ថៃ។

ជាមួយ​នឹង​ការ​ធ្លាក់​ដៃ​ក្នុង​ការ​ប្រយុទ្ធ របប​សឹក​ភូមា បាន​កាត់ទោស​ឧត្តមសេនីយ៍​របស់​ខ្លួន​ចំនួន ១១​នាក់​ដែល​ពួកគេ​មាន​ទោស​អស់​មួយ​ជីវិត និង​ខ្លះ​ទៀត​មាន​ទោស​រហូត​ទោស​ប្រហារ​ជីវិត ព្រោះតែ​រង​បទ​ចោទ​ពី​ទោស​ក្បត់​ជាតិ ដោយសារតែ​បណ្ដោយ​ឱ្យ​កងទ័ព​ចុះចូល​នឹង​កម្លាំង​ប្រឆាំង។

តែ​ទន្ទឹម​នឹង​នេះ របប​សឹក​ភូមា ចេញ​ច្បាប់​កំណែន​កងទ័ព។

តាម​សារព័ត៌មាន Myanmar Now ចាប់ពី​ខែ​មេសា នេះ​ទៅ​ត្រូវ​កេណ្ឌ​យុវជន​ឱ្យ​ចូល​បំពេញ​កាតព្វកិច្ច​កងទ័ព​ឱ្យ​បាន ៦០០០០​នាក់ ដែល​កំណត់​មួយ​ខែ​ឱ្យ​បាន ៥០០០​នាក់។

យ៉ាងណា របប​សឹក​កំពុង​ជួប​ផលវិបាក ព្រោះ​យុវជន​ពុំ​ស្ម័គ្រចិត្ត​ចូល​បម្រើ​កងទ័ព​ឱ្យ​របប​យោធា​នេះ​ទេ ដែល​ពួកគេ​ភាគច្រើន​រត់​ចាកចេញ​ពី​ប្រទេស និង​ខ្លះ​ទៀត​រត់​ចូល​ព្រៃ​កាន់​អាវុធ​ជួយ​ក្រុម​កម្លាំង​ប្រឆាំង។

ខណៈ​នេះ សង្គ្រាម​ស៊ីវិល​ផ្ទុះ​ស្ទើរ​ទូទាំង​ប្រទេស​ភូមា ដែល​នាំ​ឱ្យ​ប្រជាជន​រត់​ចោល​ភូមិ និង​សហគមន៍​របស់​ពួកគេ​ប្រមាណ​ជាង ៣​លាន​នាក់។

យោង​តាម​សមាគម​ជំនួយ​សម្រាប់​អ្នកទោស​នយោបាយ​នៅ​ភូមា មនុស្ស​ជាង ១៤៥០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​សម្លាប់​ជាង ២​ពាន់​នាក់ ចាប់តាំងពី​ពួក​យោធា​ឡើង​កាន់​អំណាច​តាមរយៈ​រដ្ឋប្រហារ​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ប៉ុន្តែ​ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​នោះ គឺ​មាន​អ្នក​នយោបាយ​ប្រមាណ ៣០០​នាក់ ហើយ​អ្នកស្រី អ៊ុងសាន ស៊​ជី ជា​និមិត្តរូប​នៃ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ភូមា ត្រូវ​បាន​របប​សឹក​កាត់​ឱ្យ​មាន​ទោស ៣៣​ឆ្នាំ។

របប​សឹក​ភូមា ពុំ​មាន​តំណាង​របស់​ខ្លួន​នៅ​អង្គការ​សហប្រជាជាតិ​នោះ​ទេ។ របប​ខុស​ច្បាប់​នេះ កំពុង​រង​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ពី​សហគមន៍​អន្តរជាតិ។

សហគមន៍​អន្តរជាតិ​ដែល​ដាក់​សម្ពាធ​លើ​របប​សឹក គឺជា​ការ​រុញ​ឱ្យ​ពួក​យោធា​ដោះលែង​អ្នកទោស​មនសិការ អ្នក​នយោបាយ​ទាំងអស់ អ្នកស្រី អ៊ុងសាន ស៊ូជី និង​ប្រធានាធិបតី មីនម្យីន ហើយ​បើក​ផ្លូវ​ទៅ​រក​ការ​ចរចា និង​ការ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល​វិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស