29 C
Phnom Penh

“ការ​កំណត់​តម្លៃ​ស្រូវ​ផ្ការំដួល​ត្រឹម​១០៤០​រៀល​ក្នុង​១​គីឡូក្រាម​ជា​សញ្ញា​ធ្លាក់​ចុះ​វិស័យ​កសិកម្ម”

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ថា​ការ​កំណត់​តម្លៃ​ស្រូវ​កម្ពុជា​ពូជ​ផ្ការំដួល ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ លើ​ពិភពលោក ត្រឹម​តម្លៃ ១០៤០​រៀល​ក្នុង ១​គីឡូក្រាម គឺជា​តម្លៃ​ដែល​មិន​អាច​ឱ្យ​កសិករ​ចំណេញ​បាន​ទេ ហើយ​ក៏​ជា​សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​នៃ​វិស័យ​កសិកម្ម​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២១ វិច្ឆិកា ថា ការ​ចំណាយ​របស់​កសិករ​លើ​ការ​ផលិត គឺ​មាន​ទំហំ​ច្រើន និង​តម្លៃ​ខ្ពស់​គ្រប់​មុខទំនិញ​ទាំងអស់ ដូចជា​ការ​ចំណាយ​ទៅ​លើ​ថ្លៃ​ឈ្នួល​ក្នុង​ការ​ថែទាំ ថ្លៃ​ទិញ​ឧបករណ៍​ប្រើប្រាស់​ផ្សេងៗ ដូចជា​ម៉ាស៊ីន​បូមទឹក ម៉ាស៊ីន​បាញ់​ថ្នាំ​ស្រូវ ថ្លៃ​ជី ថ្លៃ​ថ្នាំ​សម្លាប់​សត្វ​ល្អិត ថ្លៃ​ប្រេងឥន្ធនៈ ថ្លៃ​ឈ្នួល​ម៉ាស៊ីន​ច្រូត និង​ថ្លៃ​ឈ្នួល​ដឹក​ស្រូវ​អំឡុង​ពេល​ច្រូត​ពី​ក្នុង​ស្រែ​យក​មក​ផ្ទះ ជាដើម។

លោក ថេង សាវឿន លើកឡើង​ថា កសិករ​ខ្មែរ​បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​ការ​យកចិត្ត​ទុកដាក់​ពី​រដ្ឋាភិបាល​រហូត​ផ្តល់​នូវ​កម្ចី​ជា​សហគមន៍​ដែល​គ្មាន​ការប្រាក់ ឬ​ការប្រាក់​ទាប ដើម្បី​ជំរុញ​ឱ្យ​ពួកគាត់​ប្រកប​របរ​កសិកម្ម​ដោយ​គ្មាន​ការ​ភ័យ​ព្រួយ​នោះ​ទេ។ ដូច្នេះ កសិករ​ខ្មែរ​ភាគច្រើន​តែងតែ​ខ្ចី​បុល​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​មាន​ការប្រាក់​ខ្ពស់​ចន្លោះ​ពី ១,៥% រហូត​ដល់ ២% ក្នុង​នោះ​មាន​កសិករ​ខ្លះ​ទៀត​មិន​ត្រឹមតែ​ជំពាក់​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទេ ថែមទាំង​ជំពាក់​ថ្លៃ​ជី ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​ឧបករណ៍​ផ្សេងៗ​ទៀត​របស់​ឈ្មួញ​ដោយ​មាន​ការប្រាក់​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​កសិកម្ម​បាន​កំណត់​តម្លៃ​ស្រូវ​វស្សា​ពូជ​ផ្ការំដួល​ក្នុង​តម្លៃ ១០៤០​រៀល​ក្នុង​មួយ​គីឡូក្រាម ក្រោយ​ការ​ត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ​អំពី​តម្លៃ​ស្រូវ​ដែល​បាន​ចុះ​ថោក​នៅ​ពេល​ពួកគាត់​ប្រមូល​ផល​អំឡុង​ខែ​វិច្ឆិកា នេះ។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កិច្ច​ពិភាក្សា​នេះ​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា​គ្មាន​គោល​នយោបាយ​ច្បាស់លាស់​ជុំវិញ​ការ​កំណត់​តម្លៃ​ស្រូវ​របស់​កសិករ​ទេ។ ដូច្នេះ ឈ្មួញ​របស់​ក្រុម​គ្រួសារ​លោក ហ៊ុន សែន និង​ឈ្មួញ​វៀតណាម ដែល​ឈរជើង​គ្រប់គ្រង​ស្រូវ​របស់​កម្ពុជា​សព្វថ្ងៃ​នេះ មាន​សិទ្ធិ​កំណត់​តម្លៃ​ស្រូវ​របស់​កសិករ​ស្រេច​តែ​នឹង​ចិត្ត ដែល​ពួកគេ​នៅតែ​អាច​ទទួល​បាន​ផល​ចំណេញ​ខ្ពស់​ដដែល​ជុំវិញ​ការ​ទិញ​ស្រូវ​របស់​កសិករ​រាល់​ពេល​ប្រមូល​ផល​ម្តងៗ។

លោក គឹម សុខ លើកឡើង​ថា ឈ្មួញ​ដែល​កាង​ទិញ​ស្រូវ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​អាច​ចំណេញ​ពី​កសិករ​ខ្មែរ​ក្នុង​មួយ​តោន​ចាប់ពី ៣០​ម៉ឺន​រៀល​រហូត​ដល់ ៥០​ម៉ឺន​រៀល​ឯណោះ​តាម​វិធី​របស់​ពួកគេ ដូចជា​ការ​កំណត់​ស្រូវ​លេខ​១ លេខ​២ ឬ​លេខ​៣ គ្មាន​ខ្នាត​កំណត់​ពិតប្រាកដ​ទេ គឺ​ស្ថិត​នៅ​លើ​មាត់​ឈ្មួញ​ទាំងនោះ​ប៉ុណ្ណោះ ដូច្នេះ​ស្រូវ​កម្រិត​លេខ​១ ពួកគេ​អាច​នឹង​កំណត់​ទៅ​ជា​លេខ​២ ឬ​លេខ​៣ ស្រេច​តែ​នឹង​ចិត្ត ខណៈ​កសិករ​មាន​ពេល​ខ្លះ​ដឹង​ថា​ឈ្មួញ​កំណត់​មិន​ត្រឹមត្រូវ​ក៏ដោយ ក៏​ពួកគេ​ត្រូវតែ​បង្ខំ​ចិត្ត​លក់​ដែរ ព្រោះតែ​គ្មាន​ជម្រើស។

កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ប្រី ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ដែល​កំពុង​ប្រមូល​ផល​ស្រូវ​ប្រភេទ​ស្រូវ​ផ្កា​រំដួល បាន​ត្អូញត្អែរ​ថា ស្រូវ​ដែល​ពួកគាត់​ធ្វើ​បាន​មាន​តម្លៃ​ថោក​ត្រឹមតែ ៧០០​រៀល​ទៅ ៨០០​រៀល​ប៉ុណ្ណោះ ដូច្នេះ​ពួកគាត់​នឹង​មិន​អាច​ចំណេញ​ពី​ការ​ធ្វើ​ស្រែ​បាន​នោះ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​សាលាស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​ម្នាក់​ឈ្មោះ អឿន ធី ត្រូវ​បាន​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ហៅ​ទៅ​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៨ វិច្ឆិកា កន្លងទៅ បន្ទាប់ពី​មន្ត្រី​សាលាស្រុក​ស្វាយចេក​រូប​នេះ​បាន​ផ្សាយ​ផ្ទាល់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​អំពី​តម្លៃ​ស្រូវ​ចុះ​ថោក​មុន​មួយ​ថ្ងៃ។

ជុំវិញ​បញ្ហា​នេះ ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ថា រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​កញ្ចប់​ថវិកា​ចំនួន ១០​លាន​ដុល្លារ​អាមេរិក​ដើម្បី​ប្រមូល​ទិញ​ស្រូវ​របស់​កសិករ។ បន្ថែម​ពី​នេះ ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដាក់​កម្មវិធី​ច្រូត​ជាមួយ​រោង​ម៉ាស៊ីន​កិនស្រូវ ដើម្បី​កុំ​ឱ្យ​មាន​ការ​ប្រមូល​ផល​ក្នុង​ពេល​តែ​មួយ ដែល​ជា​ហេតុ​នាំ​ឱ្យ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស