ក្រសួងសុខាភិបាល អះអាងថា នឹងចាត់វិធានការមន្ទីរពេទ្យសម្រាកព្យាបាលឯកជន ដើមអង្ក្រង ក្នុងខេត្តកំពង់ស្ពឺ ដែលធ្វេសប្រហែសក្នុងការវះកាត់យកកូនស្លាប់ចេញពីផ្ទៃបណ្ដាលអ្នកជំងឺកាន់តែរបួសធ្ងន់ធ្ងរទៅតាមច្បាប់ស្ដីពីការគ្រប់គ្រងវិជ្ជាជីវៈវិស័យសុខាភិបាល។
ការប្រកាសរបស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីសហជីព និងអ្នកប្រើប្រាស់បណ្ដាញសង្គមបានរិះគន់ និងទទូចឲ្យក្រសួងចាត់វិធានការចំពោះមន្ទីរពេទ្យសម្រាកព្យាបាលឯកជន ដើមអង្ក្រង ដែលបានឲ្យពេទ្យឆ្មបវះកាត់យកកូនស្លាប់ចេញពីផ្ទៃទាំងដែលមិនបានបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលធ្វើឲ្យអ្នកជំងឺកាន់តែរបួសធ្ងន់ធ្ងរឡើង។
ក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ចេញកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ឲ្យដឹងថា មន្ទីរពេទ្យដើមអង្ក្រងនេះមានការធ្វេសប្រហែសដោយអនុញ្ញាតឲ្យឆ្មបដែលមិនមានការបណ្ដុះបណ្ដាលចេញពីឆ្មបរំលូតកូន ចូលវះកាត់ ទើបធ្វើឲ្យស្ត្រីដែលយកកូនស្លាប់ក្នុងផ្ទៃម្ដាយចេញជួបគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ។
ករណីនេះ ក្រសួងសម្រេចបិទមន្ទីរពេទ្យដើមអង្ក្រងបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធីស្រាវជ្រាវតាមច្បាប់ជាធរមាននូវហេតុការណ៍ដែលបានកើតឡើង ខណៈមន្ទីរពេទ្យសម្រាកព្យាបាលដើមអង្ក្រង ក្រសួងឲ្យទទួលខុសត្រូវចំពោះមុខច្បាប់លើបាតុភាពដែលបានកើតឡើងដែលបណ្ដាលមកពីការធ្វេសប្រហែសរបស់ខ្លួន។
ចំពោះឆ្មបដែលបានអនុវត្តការរំលូតគភ៌ក្នុងផ្ទៃអាយុ ១៨សប្ដាហ៍របស់ស្ត្រីខាងលើ ក្រសួងនឹងចាត់វិធានការឲ្យគណៈវិជ្ជាជីវៈឆ្មបចុះធ្វើការស្រាវជ្រាវបន្តបន្ទាប់ ដោយអនុលោមតាមច្បាប់គ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈក្រសួងសុខាភិបាលដែលមានជាធរមាន។
លើសពីនេះ គណៈវិជ្ជាជីវៈឆ្មបដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន បានស្រាវជ្រាវ និងពិនិត្យលក្ខណៈបច្ចេកទេសឆ្មបយ៉ាងល្អិតល្អន់ ហើយសម្រេចដាក់ទោសទណ្ឌកម្មខាងវិន័យឆ្មបឈ្មោះ អ៊ុង ធារិន ដោយផ្អាកការប្រកបវិជ្ជាជីវៈឆ្មបបណ្ដោះអាសន្នរយៈពេល ២ឆ្នាំតាមច្បាប់ស្ដីពីគ្រប់គ្រងវិជ្ជាជីវៈវិស័យសុខាភិបាល។
បើតាមគ្រួសាររបស់ស្ត្រីឈ្មោះ សៀង ស្រីអូន ស្ត្រីដែលវះកាត់យកកូនស្លាប់ចេញពីក្នុងផ្ទៃ បានអះអាងថា កាលពីពេលថ្មីៗនេះ ប្អូនស្រីគាត់បានពិនិត្យសុខភាពកូនក្នុងផ្ទៃ ៥ខែ និងចង់ដឹងកូននោះប្រុស ឬស្រីនៅមន្ទីរសម្រាកព្យាបាលឯកជន ដើមអង្ក្រង នៅខេត្តកំពង់ស្ពឺ។ ក្រោយទៅពិនិត្យរួចហើយ ឃើញកូនក្នុងផ្ទៃស្លាប់នោះ ក្រុមគ្រួសារក៏បាននាំជនរងគ្រោះមកវះកាត់នៅមន្ទីរសម្រាកព្យាបាលឯកជន ដើមអង្ក្រង ក្រោយពីបានវះកាត់រួចហើយ គ្រូពេទ្យបានឲ្យប្អូនស្រីត្រឡប់ទៅផ្ទះវិញ។
ក្រោយត្រឡប់ទៅផ្ទះបានប៉ុន្មានថ្ងៃ ប្អូនស្រីគាត់មានអាការៈឈឺចុកចាប់ក្នុងពោះ និងបានត្រឡប់មកឲ្យពេទ្យនៅមន្ទីរសម្រាកព្យាបាល ដើមអង្ក្រង ពិនិត្យម្តងទៀត ហើយក្រុមគ្រូពេទ្យវះកាត់ម្តងទៀត និងបានច្រឡំកាត់ដាច់ពោះវៀនដែលធ្វើឲ្យប្អូនស្រីរបស់គាត់ធ្លាក់ខ្លួនឈឺកាន់តែខ្លាំងថែមទៀត។
សាច់ញាតិស្ត្រីដែលវះកាត់យកកូនស្លាប់ចេញពីក្នុងផ្ទៃនៅមន្ទីរសម្រាកព្យាបាលឯកជន ដើមអង្ក្រង ស្ថិតនៅឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានទទូចទៅអាជ្ញាធរពាក់ព័ន្ធជួយរកយុត្តិធម៌ជូនជនរងគ្រោះ រួមទាំងគ្រួសារពួកគេ ខណៈបច្ចុប្បន្នប្អូនស្រីគាត់កំពុងតែសម្រាកព្យាបាល និងសង្គ្រោះជីវិតនៅមន្ទីរពេទ្យកាល់ម៉ែត៕