33.2 C
Phnom Penh

សមត្ថកិច្ច​បណ្ដេញ​ជនជាតិ​វៀតណាម​ជិត​១០០​នាក់​និង​ជនបរទេស​៩​នាក់​ទៀត​ដោយ​ហាម​ចូល​កម្ពុជា​៣​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បណ្ដេញ​ជនបរទេស​ចំនួន ១០៤​នាក់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម ជិត ១០០​នាក់​ដែល​ចូល​មក​ដោយ​ខុស​ច្បាប់ និង​ហាម​មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា​វិញ​រយៈពេល ៣​ឆ្នាំ។

យោង​តាម​សេចក្ដី​ប្រកាស​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ដល់​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២២ ជនបរទេស​ខុស​ច្បាប់ ១០៤​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញពី​កម្ពុជា ក្នុង​នោះ​វៀតណាម ចំនួន ៩៥​នាក់ ជនជាតិ​ឥណ្ឌា ២​នាក់ អាមេរិកាំង​ម្នាក់ លាវ (ឡាវ) ២​នាក់ និង​ចិន ៤​នាក់។

ក្រៅពី​បណ្ដេញ​ចេញ​ហើយ ក្រសួង​មហាផ្ទៃ​ថា​ពួកគេ​ទាំង ១០៤​នាក់ ក្នុង​នោះ​មាន​ស្រី ២៤​នាក់ ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា​រយៈពេល ៣​ឆ្នាំ ដោយ​អនុលោម​តាម​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍ តាម​ប៉ុស្តិ៍​នគរបាល ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែកចាក។

បើ​តាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឲ្យ​ដឹង​ថា ជនបរទេស​ទាំងនេះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​លួច​ស្នាក់នៅ និង​ធ្វើ​ការងារ​ខុស​ច្បាប់ ដែល​ល្មើស​នឹង​ច្បាប់​ស្តីអំពី​អន្តោប្រវេសន៍​ដោយ​ត្រូវ​បណ្ដេញ​ចេញ​តាម​ប្រកាស​នៃ​ក្រសួង​មហាផ្ទៃ។

អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក កែវ វណ្ណថន លើកឡើង​កាលពី​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០២២ ថា គិត​ចាប់តាំងពី​ឆ្នាំ​២០១៤ មក​ដល់​បច្ចុប្បន្ន ក្រសួង​មហាផ្ទៃ​បាន​បណ្តេញ​ជនបរទេស​រស់នៅ​កម្ពុជា​ដោយ​ខុស​ច្បាប់​ជាង ២៤០០០​នាក់ ដោយ​មាន​ចំនួន​ជាង ១០០​សញ្ជាតិ ខណៈ​អាជ្ញាធរ​នៃ​ប្រទេស​កម្ពុជា​ក៏​កំពុង​ពិភាក្សា​ជាមួយ​ភាគី​វៀតណាម ដើម្បី​រក​ដំណោះស្រាយ​ជុំវិញ​ជនជាតិ​វៀតណាម​ដែល​បន្ត​រស់នៅ​លើ​ទឹក​ដោយ​ខុស​ច្បាប់​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស