ក្រសួងសុខាភិបាលសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ ដើមអង្គ្រង (ផ្សារព្រៃទទឹង) បន្ទាប់ពីរកឃើញថា ម្ចាស់មន្ទីរសម្រាកព្យាបាលនេះបានប្រើប្រាស់បុគ្គលិកគ្មានការបណ្តុះបណ្តាលតាមវិជ្ជាជីវៈសុខាភិបាល ដែលនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
រដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានចេញសេចក្តីសម្រេចនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នេះថា ម្ចាស់មន្ទីរសម្រាកព្យាបាល ដើមអង្គ្រង និងឆ្មបមានឈ្មោះ អ៊ុង ធារិន ដែលបានប្រព្រឹត្តខុសនឹងក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ខុសបច្ចេកទេសក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ចំណែកមន្ទីរសម្រាកព្យាបាលឯកជននេះនឹងត្រូវដកហូតលិខិតអនុញ្ញាតលែងឱ្យដំណើរការចាប់ពីពេលនេះតទៅ។
អ្នកស្រី ឱ វណ្ណឌីន បញ្ជាក់ថា មន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ ដើមអង្គ្រង ដែលមានទីតាំងនៅផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នេះ បានប្តូរទីតាំងដោយខ្លួនឯងគ្មានការជូនដំណឹងដល់ក្រសួងសុខាភិបាលនោះឡើយ ដែលជាទង្វើរំលោភបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ទីរសម្រាកព្យាបាលឯកជន ដើមអង្គ្រង បានទទួលព្យាបាលអ្នកជំងឺដែលជាស្ត្រីឈ្មោះ សឿន ស្រីអូន អាយុ ២២ឆ្នាំ រស់នៅភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក្រោយពិនិត្យឃើញថាស្ត្រីរូបនោះត្រូវកូនអាយុ ៥ខែបានស្លាប់ក្នុងស្បូនរបស់ខ្លួន។
បន្ទាប់ពីមានការព្រមព្រៀងគ្នា ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយរំលូតយកកូនដែលបានស្លាប់ក្នុងផ្ទៃនោះចេញ និងបន្តឱ្យសម្រាកនៅគ្លីនិករបស់ខ្លួនរយៈពេលមួយយប់ ហើយក៏បានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែរំលងបាន ១១ថ្ងៃ គឺនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកជំងឺដដែលនោះបានមកគ្លីនិកនេះម្ដងទៀត ដោយមានអាការៈឈឺពោះធ្ងន់ធ្ងរ។ ភ្លាមនោះ ក្រុមគ្រូពេទ្យក៏បានចាប់ផ្តើមពិនិត្យ និងព្យាបាលដោយការសម្អាតស្បូនឡើងវិញសាជាថ្មី ប៉ុន្តែដោយអាការៈធ្ងន់ធ្ងរខ្លាំងលើសពីសមត្ថភាពរបស់ខ្លួន ខាងគ្លីនិកក៏សម្រេចបញ្ជូនអ្នកជំងឺរូបនោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ទីក្រុងភ្នំពេញភ្លាមៗតែម្តង។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ថា មន្ទីរសម្រាកព្យាបាលឯកជន ដើមអង្គ្រង បានអនុញ្ញាតឱ្យឆ្មបដែលមានការបណ្តុះបណ្តាលជាឆ្មបមែន ប៉ុន្តែឆ្មបរូបនេះនៅមិនទាន់ទទួលបានការបណ្តុះបណ្តាលបន្ថែមពីការរំលូតគភ៌នៅឡើយទេ ដែលជាការអនុវត្តខុសពីបច្ចេកទេសគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលទាំងស្រុង។
លោក ម៉ម ប៊ុនហេង បញ្ជាក់ថា ក្រសួងបានសម្រេចដាក់ទណ្ឌកម្មខាងវិន័យទៅលើឆ្មបឈ្មោះ អ៊ុង ធារិន ដោយផ្អាកការប្រកបវិជ្ជាជីវៈជាឆ្មបរយៈពេល ២ឆ្នាំ ដោយយោងតាមច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈខាងវិស័យសុខាភិបាល៕