30 C
Phnom Penh

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ស្នើ​សហភាព​អឺរ៉ុប​ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ស្វាមី​ពួកគេ​ដែល​កំពុង​ជាប់​ពន្ធនាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រី​ថ្ងៃ​សុក្រ​ដែល​ជា​ភរិយា និង​សាច់ញាតិ​សកម្មជន​គណបក្ស​ប្រឆាំង នាំគ្នា​ប្រមូលផ្ដុំ​តវ៉ា​នៅ​ខាងមុខ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដើម្បី​ស្នើ​ទៅ​ស្ថាប័ន​នេះ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​សាច់ញាតិ និង​ផ្ដល់​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​ពួកគេ​ដែល​កំពុង​ជាប់​ពន្ធនាគារ។

បដា​ដែល​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​លើក​នៅ​ខាងមុខ​សហភាព​អឺរ៉ុប នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៩ ធ្នូ សរសេរ​ថា អបអរ​កិច្ចប្រជុំ​កំពូល​អាស៊ាន-អឺរ៉ុប «ដោះលែង​អ្នកទោស​នយោបាយ​នៅ​កម្ពុជា»។ តែ​យ៉ាងណា ការ​ប្រមូលផ្ដុំ​តវ៉ា និង​លើក​បដា​នេះ ត្រូវ​ក្រុម​សណ្ដាប់ធ្នាប់​រាជធានី​ភ្នំពេញ​ហាមឃាត់ ក្រោម​ហេតុផល​ថា​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។

អ្នកស្រី ព្រំ ចាន់ថា ភរិយា​របស់​លោក កាក់ កុម្ភារ សកម្មជន​បក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​នៅ​ខាងមុខ​សហភាព​អឺរ៉ុប​ថា ស្វាមី​អ្នកស្រី និង​អ្នក​ផ្សេង​ទៀត​មិន​បាន​ធ្វើ​ខុស​អ្វី​សោះ ប៉ុន្តែ​បែរ​ជា​តុលាការ​មក​ចោទប្រកាន់ និង​កាត់ទោស​ស្វាមី និង​សាច់ញាតិ​ពួកគេ​ដាក់​ពន្ធនាគារ​ម្នាក់​ចន្លោះ​ពី ៣ ទៅ ៧​ឆ្នាំ ទាំង​មិន​មាន​កំហុស។

អ្នកស្រី​ស្នើ​ទៅ​សហភាព​អឺរ៉ុប ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះលែង​ស្វាមី និង​អ្នកទោស​នយោបាយ​ផ្សេង​ទៀត​ឲ្យ​មាន​សេរីភាព ដើម្បី​ឲ្យ​ស្វាមី​អ្នកស្រី ព្រមទាំង​អ្នក​ផ្សេង​ទៀត​បាន​ធ្វើ​នយោបាយ​ឡើងវិញ​ផង​ដែរ។

ក្រៅពី​ប្រមូលផ្ដុំ​តវ៉ា​នៅ​មុខ​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ក៏​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ស្នើសុំ​ឲ្យ​ប្រទេស​មហាអំណាច​មួយ​នេះ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​ស្វាមី និង​សាច់ញាតិ​របស់​ពួកគេ ព្រមទាំង​អ្នកទោស​នយោបាយ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ឲ្យ​មាន​សេរីភាព​វិញ។

ការ​រក​កិច្ច​អន្តរាគមន៍​នៅ​ស្ថានទូត​នានា​របស់​ភរិយា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើឡើង​បន្ទាប់ពី​តុលាការ​កម្ពុជា​បាន​កាត់ទោស និង​ឃុំ​ខ្លួន​ស្វាមី​របស់​ពួកគេ​ដាក់​ពន្ធនាគារ​ម្នាក់ៗ​ចន្លោះ​ពី ៣ ទៅ ៧​ឆ្នាំ ក្រោម​បទចោទប្រកាន់ «ញុះញង់ និង​រួម​គំនិត​ក្បត់» ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស