29.3 C
Phnom Penh

ក្រសួង​នឹង​ចាត់​វិធានការ​មន្ទីរពេទ្យ​ឯកជន​មួយ​ដែល​វះកាត់​យក​កូន​ស្លាប់​ចេញពី​ផ្ទៃ​ម្តាយ​បណ្ដាល​អ្នកជំងឺ​របួស​ធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​សុខាភិបាល ព្រមាន​ចាត់​វិធានការ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន «ដើម​អង្គ្រង» ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​ធ្វេសប្រហែស​វះកាត់​ស្ត្រី​ម្នាក់​ដើម្បី​យក​កូន​ស្លាប់​ចេញពី​ផ្ទៃ​ទៅ​តាម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល។ ក្រសួង​អះអាង​ថា ការ​វះកាត់​នោះ​បណ្ដាល​ឲ្យ​អ្នកជំងឺ​កាន់តែ​របួស​ធ្ងន់ធ្ងរ​ទៅៗ។

ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នេះ ធ្វើឡើង​បន្ទាប់ពី​សហជីព និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បាន​រិះគន់ និង​ទទូច​ឲ្យ​ក្រសួង​ចាត់​វិធានការ​ចំពោះ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន «ដើម​អង្គ្រង» ដែល​បាន​ឲ្យ​ពេទ្យ​ឆ្មប​វះកាត់​យក​កូន​ស្លាប់​ចេញពី​ផ្ទៃ​របស់​ស្ត្រី​ម្នាក់​ទាំង​ខ្វះ​វិជ្ជាជីវៈ ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​កាន់តែ​របួស​ធ្ងន់ធ្ងរ​ឡើង។

សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដែល The Cambodia Daily ទើប​ទទួល​បាន ឲ្យ​ដឹង​ថា មន្ទីរ​សម្រាក​ព្យាបាល ដើម​អង្គ្រង នេះ មាន​ការ​ធ្វេសប្រហែស​ដោយ​អនុញ្ញាត​ឲ្យ​ឆ្មប​ដែល​មិន​មាន​ការ​បណ្ដុះបណ្ដាល​ចូល​វះកាត់​យក​កូន​ស្លាប់​ក្នុង​ផ្ទៃ​ម្ដាយ បណ្តាល​ឲ្យ​គ្រោះថ្នាក់​កាន់តែ​ធ្ងន់ធ្ងរ។ ករណី​នេះ ក្រសួង​សម្រេច​បិទ​មន្ទីរពេទ្យ​ដើម​អង្គ្រង​បណ្ដោះអាសន្ន ដើម្បី​បន្ត​នីតិវិធី​ស្រាវជ្រាវ​តាម​ច្បាប់​ជា​ធរមាន​នូវ​ហេតុការណ៍​ដែល​បាន​កើតឡើង ខណៈ​មន្ទីរ​សម្រាក​ព្យាបាល ដើម​អង្គ្រង ត្រូវ​បាន​ក្រសួង​សុខាភិបាល​តម្រូវ​ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​លើ​បាតុភាព​ដែល​បាន​កើតឡើង​ពី​ការ​ធ្វេសប្រហែស​របស់​ខ្លួន។

ចំពោះ​ឆ្មប​ដែល​បាន​អនុវត្ត​ការ​រំលូត​គភ៌​ក្នុង​ផ្ទៃ​អាយុ ១៨​សប្ដាហ៍​របស់​ស្ត្រី​រូប​នោះ ក្រសួង​នឹង​ចាត់​វិធានការ​ឲ្យ​គណៈ​វិជ្ជាជីវៈ​ឆ្មប​ចុះ​ធ្វើការ​ស្រាវជ្រាវ​បន្តបន្ទាប់ ដោយ​អនុលោម​តាម​ច្បាប់​គ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​ក្រសួង​សុខាភិបាល​ដែល​មាន​ជា​ធរមាន។

លើស​ពី​នេះ គណៈ​វិជ្ជាជីវៈ​ឆ្មប​ដែល​ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​របស់​ខ្លួន បាន​ស្រាវជ្រាវ និង​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឆ្មប​យ៉ាង​ល្អិតល្អន់ ហើយ​សម្រេច​ដាក់​ទោស​ទណ្ឌកម្ម​ខាង​វិន័យ​ឆ្មប​ឈ្មោះ អ៊ុង ធារិន ដោយ​ផ្អាក​ការ​ប្រកប​វិជ្ជាជីវៈ​ឆ្មប​បណ្ដោះអាសន្ន​រយៈពេល ២​ឆ្នាំ តាម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល។

បើ​តាម​គ្រួសារ​របស់​ស្ត្រី​ឈ្មោះ សៀង ស្រីអូន ដែល​រងគ្រោះ​ពី​ការ​វះកាត់​យក​កូន​ស្លាប់​ចេញពី​ក្នុង​ផ្ទៃ បាន​អះអាង​ថា កាលពី​ពេល​ថ្មីៗ​នេះ ប្អូនស្រី​របស់​គាត់​បាន​ពិនិត្យ​សុខភាព​កូន​ក្នុង​ផ្ទៃ ៥​ខែ និង​ចង់​ដឹង​កូន​នោះ​ប្រុស​ឬ​ស្រី​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន ដើម​អង្គ្រង នៅ​ខេត្ត​កំពង់ស្ពឺ។ ក្រោយ​ទៅ​ពិនិត្យ​រួច​ហើយ​ឃើញ​កូន​ក្នុង​ផ្ទៃ​ស្លាប់ ក្រុម​គ្រួសារ​ក៏​បាន​នាំ​ជន​រងគ្រោះ​មក​វះកាត់​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន ដើម​អង្គ្រង ក្រោយពី​បាន​វះកាត់​រួច​ហើយ គ្រូពេទ្យ​បាន​ឲ្យ​ប្អូនស្រី​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ក្រោយ​ត្រឡប់​ទៅ​ផ្ទះ​បាន​ប៉ុន្មាន​ថ្ងៃ ប្អូនស្រី​គាត់​មាន​អាការៈ​ឈឺ​ចុកចាប់​ក្នុង​ពោះ និង​បាន​ត្រឡប់​មក​ឲ្យ​ពេទ្យ​នៅ​មន្ទីរ​សម្រាក​ព្យាបាល ដើម​អង្គ្រង ពិនិត្យ​ម្តង​ទៀត ហើយ​ក្រុម​គ្រូពេទ្យ​វះកាត់​ម្តង​ទៀត និង​បាន​ច្រឡំ​កាត់​ដាច់​ពោះវៀន​ដែល​ធ្វើ​ឲ្យ​ប្អូនស្រី​របស់​គាត់​ធ្លាក់​ខ្លួន​ឈឺ​កាន់តែ​ខ្លាំង​ថែម​ទៀត។

សាច់ញាតិ​ស្ត្រី​ដែល​រងគ្រោះ​ពី​ការ​វះកាត់​យក​កូន​ស្លាប់​ចេញពី​ក្នុង​ផ្ទៃ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន ដើម​អង្គ្រង ស្ថិត​នៅ​ឃុំ​អង្គពពេល ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ បាន​ទទូច​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ រួម​ទាំង​គ្រួសារ​ពួកគេ ខណៈ​បច្ចុប្បន្ន​ស្ត្រី​រងគ្រោះ​រូប​នោះ​កំពុង​សម្រាក​ព្យាបាល និង​ជួយ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស