33 C
Phnom Penh

ក្រុមប្រឹក្សា​សន្តិសុខ UN បង្គាប់​ទៅ​យោធា​ភូមា​ដោះលែង​អ្នកទោស​នយោបាយ​ក្រោយពី​ចិន​និង​រុស្ស៊ី​លែង​បោះឆ្នោត​ជំទាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កិច្ចប្រជុំ​មួយ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​មាន​សមាជិក ១៥​ប្រទេស បាន​បោះឆ្នោត​លើ​សេចក្តី​សម្រេច​ចិត្ត​មោះមុត​មួយ​លេខ​២៦៦៩ ដោយ​សំឡេង​ឯកច្ឆន្ទ​បង្គាប់​ទៅ​របប​សឹក​ភូមា ឲ្យ​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់ និង​បញ្ឈប់​ជាបន្ទាន់​នូវ​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​ប្រឆាំង។

អ្នក​សង្កេតការណ៍ និង​អ្នក​សារព័ត៌មាន​មាន​ការ​ភ្ញាក់ផ្អើល​ដោយសារតែ​ពេល​នេះ​ប្រទេស​មហាអំណាច​ពីរ​ធ្លាប់​តែ​បោះឆ្នោត​ជំទាស់ ដែល​គេ​ហៅថា​បោះឆ្នោត​សិទ្ធិ​វេតូ​នោះ បែរ​ជា​បោះឆ្នោត​អនុប្បវាទ។ ប្រទេស​ពីរ​នេះ គឺ​ចិន និង​រុស្ស៊ី សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

កន្លងមក ប្រទេស​ពីរ​នេះ​តែងតែ​បោះឆ្នោត​ជំទាស់ រាំង​ខ្ទប់​មិន​ឲ្យ​មាន​ដំណោះស្រាយ​ណា​មួយ​ធ្លាក់​ទៅ​លើ​ប្រទេស​ភូមា​នោះ​ទេ សូម្បីតែ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ថ្កោលទោស​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ ក៏​ចិន និង​រុស្ស៊ី​ប្រើ​សំឡេង​ជំទាស់​ផង​ដែរ ហើយ​ទីបំផុត​សេចក្ដី​ថ្លែងការណ៍​នេះ​ចេញ​ពុំ​រួច​នោះ​ទេ រហូត​អូស​សំឡេង​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។

នៅ​ក្នុង​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី​២២ ធ្នូ រុស្ស៊ី និង​ចិន បាន​ដូរ​ឥរិយាបថ​របស់​ពួកគេ​ដោយ​សម្រេច​បោះឆ្នោត​អនុប្បវាទ។ តាម​បទបញ្ជា​ផ្ទៃក្នុង​អង្គការ​សហប្រជាជាតិ សន្លឹកឆ្នោត​អនុប្បវាទ​មិន​អាច​រាប់​បាន​ថា​ជា​តួលេខ​បាន​ការ​នោះ​ទេ គឺ​ស្មើ​នឹង​សូន្យ។ វា​មាន​ន័យ​ថា សន្លឹកឆ្នោត​នេះ​គ្មាន​ន័យ​ដើម្បី​ធ្វើ​ឲ្យ​រាំង​ខ្ទប់​សេចក្ដី​សម្រេច​អ្វី​មួយ​ឡើយ។ ដូចនេះ សំឡេង​ឆ្នោត​ដែល​អនុម័ត​ឲ្យ​មាន​ជា​សេចក្តី​សម្រេច​ចិត្ត​លេខ​២៦៦៩ អាច​បង្គាប់​ទៅ​ពួក​យោធា​ភូមា​ឲ្យ​ដោះលែង​អ្នកទោស​នយោបាយ គឺ ១២​សំឡេង​ទល់​នឹង ៣​សំឡេង​អនុប្បវាទ ក្នុង​នោះ​ប្រទេស​ឥណ្ឌា ដែល​ពុំ​មែន​ជា​សមាជិក​អចិន្ត្រៃយ៍​ក៏​បាន​បោះឆ្នោត​អនុប្បវាទ​ផង​ដែរ។

អ្នក​សារព័ត៌មាន និង​អ្នក​សង្កេតការណ៍​យល់​ថា ការ​ដោះដូរ​ឥរិយាបថ​របស់​ចិន និង​រុស្ស៊ី​នៅ​ពេលនេះ ក៏​វា​កើតឡើង​នៅ​ពេល​ដែល​ប្រទេស​យ៉ាងតិច​ជិត ៤០​ប្រទេស​កាលពី​ខែ​កញ្ញា បាន​ដាក់​ញត្តិ​ទាមទារ​ឲ្យ​គណៈកម្មការ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ពិនិត្យ​មើល​មាត្រា​ទាំងឡាយ​ណា​ដែល​ទាក់ទង​នឹង​បុព្វសិទ្ធិ​របស់​ពួក​មហាអំណាច ក្នុង​ការ​ប្រើ​សិទ្ធិ​របស់​ពួកគេ​ជំទាស់​ធ្វើ​ឲ្យ​រាំង​ខ្ទប់​ដំណោះស្រាយ​ពី​អង្គការ​សហប្រជាជាតិ។

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP អ្នក​ច្បាប់ និង​គណៈកម្មការ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កំពុងតែ​សិក្សា​ថា តើ​ត្រូវ​បន្ថយ​សិទ្ធិ​វេតូ​របស់​ពួក​មហាអំណាច​នេះ​កម្រិត​ណា ដើម្បី​កុំ​ឲ្យ​ពួកគេ​មាន​សិទ្ធិ​រាំង​ខ្ទប់​សេចក្ដី​សម្រេច​ក្នុង​ការ​ដាក់​ទម្ងន់ ឬ​ចាត់​វិធានការ​ទៅ​លើ​ប្រទេស​ណា​មួយ​ដែល​រំលោភ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ធ្ងន់ធ្ងរ។ នេះ​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​ចិន និង​រុស្ស៊ី ដោះដូរ​ឥរិយាបថ​ដូចនេះ​ចំពោះ​អ្វី​ដែល​ពួកគេ​ធ្លាប់​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដំណោះស្រាយ​ទៅ​លើ​ប្រទេស​ភូមា ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​នៃ​របប​សឹក។

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP សេចក្តី​សម្រេច​ចិត្ត​លេខ​២៦៦៩ គឺ​ជា​សេចក្ដី​ព្រាង និង​គំនិត​ផ្ដួចផ្ដើម​ចេញពី​ប្រទេស​អង់គ្លេស ហើយ​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក ខណៈ​ដែល​អង់គ្លេស និង​សហរដ្ឋ​អាមេរិក​ទទួល​សំណើ​ពី​ប្រមុខ​ការទូត​នៃ​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​សិង្ហបុរី ដែល​បាន​ស្នើ​ឲ្យ​មាន​វិធានការ​ចេញពី​ក្រុមប្រឹក្សា​សន្តិសុខ​ទៅ​លើ​ភូមា កាល​ដែល​ពួកគាត់​ទៅ​ចូលរួម​ប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ខែ​កញ្ញា កន្លងទៅ​នេះ។

ឥឡូវ​នេះ ពេលវេលា​មក​ឈាន​ដល់​ការ​ធ្វើ​សេចក្ដី​សម្រេច​ពី​ស្ថាប័ន​ដ៏​មាន​ឥទ្ធិពល​ក្នុង​ពិភពលោក​ទៅ​លើ​ប្រទេស​ភូមា គឺជា​សញ្ញា​ប្រាប់​របប​សឹក​ថា ត្រូវតែ​ដោះដូរ​ភាព​រឹង​ទទឹង ភាព​មានះ​របស់​ខ្លួន​ជាបន្ទាន់។

ជាមួយ​គ្នា​នេះ សេចក្ដី​សម្រេច​ចិត្ត​លេខ​២៦៦៩ ក៏​ទាមទារ​ឲ្យ​របប​សឹក​ភូមា គោរព​និង​អនុវត្ត​ឲ្យ​បាន​នូវ​គោលការណ៍ ៥​ចំណុច​របស់​អាស៊ាន ដែល​បាន​ធ្វើឡើង​កាលពី​ខែ​មេសា នៅ​ចំពោះ​មុខ​មេ​រដ្ឋប្រហារ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅ​ទីក្រុង​ចាកាតា ប្រទេស​ឥណ្ឌូនេស៊ី។

ក្នុង​គោលការណ៍​កុងសង់ស៊ីស ៥​ចំណុច​នេះ គឺ​ចំណុច​ដែល​សំខាន់ ការ​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់​ដោយ​បញ្ឈប់​អំពើ​ហិង្សា ហើយ​រៀបចំ​ផ្ទេរ​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ឡើងវិញ។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ ប្រទេស​ឥណ្ឌូនេស៊ី​ជា​ប្រធាន​អាស៊ាន​បន្ត​ពី​ប្រទេស​កម្ពុជា គេ​មាន​ជំនឿ​ជា​ខ្លាំង​ទៅ​លើ​ប្រទេស​នេះ​ដែល​នឹង​រក​យន្តការ​ជា​គន្លឹះ​គាប​សង្កត់​ពួក​យោធា​ឲ្យ​អនុវត្ត​គោលការណ៍ ៥​ចំណុច​នេះ​ឲ្យ​បាន ហើយ​ឈាន​ទៅ​ដល់​ការ​ផ្ទេរ​អំណាច​ទៅ​រដ្ឋាភិបាល​ស៊ីវិល​ឡើងវិញ ទោះបី​តាមរយៈ​ការ​បោះឆ្នោត​ក៏ដោយ។

អ្នក​សង្កេតការណ៍​ក៏​យល់​ឃើញ​ទៀត​ថា នៅ​ឆ្នាំ​ក្រោយ ពួក​យោធា​ភូមា​នឹង​កំណត់​យក​ខែ​សីហា ដើម្បី​រៀបចំ​បោះឆ្នោត​ឡើងវិញ គឺ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ពេល​នោះ​ទំនង​ជា​នឹង​លូក​ដៃ​ចូល​កិច្ចការ​បោះឆ្នោត​របស់​ប្រទេស​នេះ ដើម្បី​កែទម្រង់​ស្ថាប័ន​បោះឆ្នោត​ដែល​ពួក​យោធា​បង្កើត​ឡើង ព្រោះ​ឥណ្ឌូនេស៊ី តែងតែ​ទទូច​ថា ស្ថាប័ន​បោះឆ្នោត​មិន​ត្រូវ​មាន​សមាសភាព​ពួក​យោធា​នោះ​ទេ។ ស្ថាប័ន​នេះ គឺ​ត្រូវតែ​ជា​យន្តការ​ឯករាជ្យ និង​អព្យាក្រឹត ហើយ​ការ​រៀបចំ​ការ​បោះឆ្នោត​ទាំងអស់​ត្រូវតែ​បើក​ចំហ​សម្រាប់​សេរីភាព​អ្នក​នយោបាយ​គ្រប់​បក្ស​នយោបាយ​ទាំងអស់។

គេ​ក៏​រំពឹង​ថា ឥណ្ឌូនេស៊ី​នឹង​កៀងគរ​កម្លាំង​សហគមន៍​អន្តរជាតិ​ផ្សេងៗ ដូចជា​សមាគម​អាស៊ាន សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​អង្គការ​សហប្រជាជាតិ ចូល​ទៅ​ពាក់ព័ន្ធ​ចំពោះ​ការ​បោះឆ្នោត​នៅ​ប្រទេស​ភូមា នៅ​ខែ​សីហា ឆ្នាំ​២០២៣។

តែ​ទោះ​យ៉ាងណាក៏ដោយ ការ​ដោះលែង​អ្នកទោស​នយោបាយ រួម​ទាំង​អ្នកស្រី អ៊ុងសាន ស៊ូជី ប្រធានាធិបតី វីន ម្យីន ដោយ​ផ្ដល់​សិទ្ធិ​ឲ្យ​ពួកគេ​ធ្វើ​នយោបាយ​ឡើងវិញ គឺជា​រឿង​ចាំបាច់​បំផុត ទើប​ការ​បោះឆ្នោត​ឆ្លុះបញ្ចាំង​នូវ​ឆន្ទៈ​របស់​ប្រជាជន​ភូមា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស