40.9 C
Phnom Penh

ក្រសួង​កសិកម្ម៖ ផល​នេសាទ​ឆ្នាំ​២០២៣​កើន​ឡើង​ក្រោយ​ការ​ទប់ស្កាត់​បទល្មើស​ក្នុង​បឹង​ទន្លេសាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​កសិកម្ម អះអាង​ថា ផល​នេសាទ​ក្នុង​ឆ្នាំ​២០២៣ មាន​ការ​កើនឡើង​ជាង​ឆ្នាំ​មុន ៤០​ភាគរយ ដែល​ឆ្លុះបញ្ចាំង​ពី​លទ្ធផល​នៃ​ការ​ទប់ស្កាត់​បទល្មើស​នេសាទ​ខុស​ច្បាប់​ក្នុង​បឹង​ទន្លេសាប ក្នុង​រដូវ​ត្រី​ពង អំឡុង​ឆ្នាំ​២០២២ កន្លងទៅ។

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៣ ថា ផល​នេសាទ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ក្នុង​រយៈពេល ៥​ថ្ងៃ​ចាប់ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២២ ដល់​ដើម​ខែ​មករា ឆ្នាំ​២០២៣ ទទួល​បាន​ត្រី​ចំនួន​ប្រមាណ​ជាង ១៤៨០​តោន កើន​ឡើង​ជាង ៦០០​តោន ដែល​ស្មើ​នឹង​ប្រមាណ​ជា ៤០​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​ផល​នេសាទ​នា​រដូវ​នេសាទ​កាលពី​ឆ្នាំ​២០២២ ដែល​ទទួល​បាន​ត្រឹមតែ ៨៩០​តោន​ប៉ុណ្ណោះ។

ក្រសួង​កសិកម្ម លើកឡើង​ថា ទន្លេសាប​ជា​កន្លែង​ត្រី​ធំធាត់ ចំណែក​ទន្លេមេគង្គ​លើ​ជា​កន្លែង​ត្រី​បន្ត​ពូជ និង​ជា​កន្លែង​សត្វ​ផ្សោត​រស់នៅ ដូច្នេះ​ក្រសួង​កសិកម្ម​នឹង​បន្ត​រក​តុល្យភាព​រវាង​ការ​អភិរក្ស និង​ការ​អភិវឌ្ឍ​មិន​ត្រឹមតែ​នៅ​បឹង​ទន្លេសាប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​អភិរក្ស ព្រមទាំង​ការ​អភិវឌ្ឍ​នឹង​ធ្វើ​ឡើង​នៅ​ទន្លេ​មេគង្គ​ខាងលើ​ផង​ដែរ ដើម្បី​រក្សា​តំបន់​ទាំង​ពីរ​នេះ​កុំ​ឲ្យ​មាន​ការ​នេសាទ​ហួស​កម្រិត ដែល​នឹង​នាំមក​នូវ​ភោគផល​ត្រី​ពោរពេញ​ផ្ទៃ​ប្រទេស​ទៅ​ថ្ងៃ​ក្រោយ។

ក្រសួង​ខាងលើ​ប្ដេជ្ញា​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ចំពោះ​បទល្មើស​ជាក់ស្តែង និង​បទល្មើស​ទាំងឡាយ​ណា​ដែល​មាន​ភស្តុតាង និង​កំណត់​អត្តសញ្ញាណ​នៃ​ជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ឲ្យខាងតែ​បាន។

ចាប់ពី​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២២ ដល់​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៣ ប្រជាពលរដ្ឋ​នាំគ្នា​នេសាទ​ត្រី​តាម​ដង​ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ក្នុង​នោះ​ប្រភេទ​ត្រី​ដែល​នេសាទ​បាន​ពី​ដាយ​ត្រី រួម​មាន ត្រី​រៀល ត្រី​ស្លឹក​ឫស្សី ត្រី​ខ្នង​វែង ត្រី​កប្រូក ត្រី​ច្រកែង ត្រី​ល្បាត និង​ត្រី​ចម្រុះ​ជាច្រើន​ផ្សេង​ទៀត ខណៈ​ប្រជាពលរដ្ឋ​ដែល​នេសាទ​ដើម្បី​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ និង​ទឹកត្រី មាន​ចំនួន​ប្រមាណ​ជា ៨​ពាន់​នាក់។

កាលពី​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២២ រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តី​ជូនដំណឹង​ថា ត្រី​ចាប់ផ្តើម​បន្លាស់​ទី​ចេញពី​បឹង​ទន្លេសាប បឹងបួ​នានា ស្ទឹង និង​ព្រែក​ផ្សេងៗ​ចូល​ទៅ​ក្នុង​ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់ ដែល​អំណោយ​ផល​ដល់​ការ​ធ្វើ​នេសាទ ជាពិសេស​គន្លង​ដាយ​ត្រី​តាម​ដង​ទន្លេសាប​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា រយៈពេល​ជាង ២​ឆ្នាំ​ហើយ​ដែល​អ្នក​រស់នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ស្អប់​រូបលោក ដែល​បាន​សហការ​ជាមួយ​អាជ្ញាធរ​ទប់ស្កាត់​បទល្មើស​នេសាទ​ខុស​ច្បាប់​ជុំវិញ​បឹង​ទន្លេសាប​កន្លងមក។

បណ្ឌិត សុខ ទូច អះអាង​ថា ការ​ទប់ស្កាត់​នេសាទ​ខុស​ច្បាប់​រួម​មាន​ការ​ហាមឃាត់​មិន​ឱ្យ​មាន​ការ​ដាក់​ព្រួល​ជាប់ៗ​គ្នា ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ត្រី​មិន​អាច​បន្លាស់​ទី​ទៅ​កាន់​ទី​ឆ្ងាយ​ដើម្បី​រក​ចំណី និង​កន្លែង​ពង។ លើស​ពី​នេះ ក៏​មាន​ការ​ហាម​មិន​ឱ្យ​ដាក់​ស្បៃ​មុង​ក្រឡា​ល្អិត មិន​ឱ្យ​ចូល​នេសាទ​នៅ​តំបន់​អភិរក្ស មិន​ឱ្យ​នេសាទ​នៅ​រដូវ​ត្រី​ពង មិន​ឱ្យ​ធ្វើ​ស្រែ​នៅ​តំបន់​៣ ដើម្បី​ទប់ស្កាត់​ការ​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ត្រី និង​ជីវចម្រុះ​នានា​នៅ​ក្នុង​បឹង​ទន្លេសាប​ផង​ដែរ។

លើស​ពី​នេះ ក៏​មាន​ការ​ហាមឃាត់​មិន​ឱ្យ​ដាក់​ស្បៃ​មុង​ក្រឡា​ល្អិត​នៅ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក មិន​ឱ្យ​បំផ្លាញ​ព្រៃ​លិច​ទឹក​ដែល​ជា​ជង្រុក​នៃ​ចំណី​ត្រី និង​ជា​កន្លែង​ផ្តល់​ជម្រក​សម្រាប់​ត្រី​ពង​នា​រដូវវស្សា និង​ហាម​មិន​ឱ្យ​មាន​បទល្មើស​ឆក់​ត្រី​គ្រប់​ប្រភេទ​ថែម​ទៀត ដូច្នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​ទទួល​បាន​ទិន្នផល​ត្រី​ពី​បឹង​ទន្លេសាប​កើន​ឡើង​ជាង​ឆ្នាំ​មុន​បែប​នេះ។

ក្រុម​អ្នក​សង្កេតការណ៍​ធ្លាប់​ព្រមាន​កាលពី​ពេល​កន្លងទៅ​ថា ប្រសិនបើ​រាជរដ្ឋាភិបាល​មិន​ទប់ស្កាត់​នូវ​ការ​នេសាទ​ខុស​ច្បាប់​ឱ្យ​បាន​ទាន់​ពេលវេលា​ទេ ក្នុង​រង្វង់ ២ ទៅ ៣​ឆ្នាំ​ទៀត ត្រី​ធំៗ និង​ពូជ​ត្រី​ដែល​កម្រ​មួយ​ចំនួន​នឹង​ផុត​ពូជ​អស់​ជាមិនខាន ហើយ​បឹង​ទន្លេសាប​នឹង​ក្លាយ​ជា​បឹង​មួយ​ដែល​មាន​តែ​ឈ្មោះ​ថា ជា​ជង្រុក​ត្រី ប៉ុន្តែ​នឹង​ប្រែ​ក្លាយ​ជា​បឹង​មួយ​ដែល​ប្រៀប​បាន​នឹង​ជង្រុក​ដែល​គ្មាន​ស្រូវ​ដូច្នោះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស