33 C
Phnom Penh

របប​សឹក​ភូមា​ដោះលែង​អ្នកទោស​ជាង​៧​ពាន់​នាក់ តែ​ក្នុង​នោះ​ពុំ​មាន​អ្នក​នយោបាយ​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របប​យោធា​ភូមា នៅ​ថ្ងៃ​ពុធ ទី​៤ មករា ឆ្នាំ​២០២៣ នេះ​ប្រកាស​ថា​ខ្លួន​នឹង​ដោះលែង​អ្នកទោស​ជាង ៧​ពាន់​នាក់ ដើម្បី​អបអរ​ខួប​ទី​៧៥ នៃ​ការ​ទទួល​បាន​ឯករាជភាព​ពី​ចក្រភព​អង់គ្លេស។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AP នៅ​ថ្ងៃ​ពុធ ទី​៤ ខែ​មករា ឆ្នាំ​២០២៣។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​យោធា​ភូមា លោក Zaw Min Tun បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AP ថា ជា​សរុប​អ្នកទោស​ចំនួន ៧០១២​នាក់​នឹង​ត្រូវ​លើកលែង​ទោស និង​ដោះលែង ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ច្បាស់​ថា​តើ​ការ​ដោះលែង​នេះ នឹង​រួម​មាន​អ្នក​ដែល​ជាប់​ពន្ធនាគារ​អំឡុង​ការ​បង្ក្រាប​ពី​ពួក​យោធា​ទៅ​លើ​ក្រុម​អ្នក​ប្រឆាំង ព្រមទាំង​អ្នកទោស​នយោបាយ​ដែរ​ឬ​យ៉ាង​ណា​ទេ។

តែ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​របប​សឹក MRTV អ្នកទោស​ដែល​ជាប់​ពិរុទ្ធ​មនុស្ស​ឃាត រំលោភ​សេពសន្ថវៈ ជនជាប់ចោទ​ត្រូវ​បាន​ដាក់​ពន្ធនាគារ​ដោយសារ​បទល្មើស​ពាក់ព័ន្ធ​ជាមួយ​គ្រឿងផ្ទុះ ការ​កសាង​កម្លាំង​ទ័ព​ខុស​ច្បាប់ ការ​រត់​ពន្ធ​គ្រឿងញៀន និង​អំពើពុករលួយ ជាដើម នឹង​ពុំ​ទទួល​បាន​ការ​ដោះលែង​ឱ្យ​មាន​សេរីភាព​ក្នុង​ការ​លើកលែង​ទោស​ទ្រង់ទ្រាយ​ធំ​លើក​ទី​២ នេះ​ទេ។

កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២ របប​យោធា​ភូមា ក៏​បាន​ដោះលែង​អ្នកទោស​ជាង ៦០០០​នាក់​ផង​ដែរ ក្នុង​នោះ​រួម​មាន​ទាំង​អតីត​អគ្គរាជទូត​អង់គ្លេស អ្នកកាសែត​ជប៉ុន ហើយ​និង​សេដ្ឋវិទូ​ជនជាតិ​អូស្ត្រាលី​ម្នាក់​ដែល​ជា​អតីត​ទីប្រឹក្សា​ឲ្យ​អ្នកស្រី អ៊ុងសាន ស៊ូជី។

ចំពោះ​ការ​ដោះលែង​អ្នកទោស​លើក​នេះ គេ​ពុំ​អាច​រក​ឈ្មោះ​អ្នកទោស​នយោបាយ​ជាន់ខ្ពស់​ណា​ម្នាក់​នៃ​រដ្ឋាភិបាល​អ្នកស្រី ស៊ូជី ត្រូវ​បាន​ដោះលែង​នោះ​ទេ។

ការ​ដោះលែង​អ្នកទោស​លើក​ទី​២ នៅ​ក្នុង​ការ​រំលឹក​ខួប ៧៥​ឆ្នាំ​នៃ​ទិវា​ឯករាជ្យ​ជាតិ​ពី​អាណានិគម​អង់គ្លេស ដែល​មាន​ទ្រង់ទ្រាយ​ធំ​នេះ ពុំ​ធ្វើ​ឱ្យ​មាន​ការ​ចាប់អារម្មណ៍​ពី​សហគមន៍​អន្តរជាតិ​ទេ ហើយ​សូម្បី​ប្រទេស​ក្នុង​សមាគម​អាស៊ាន​ក៏​ពុំ​ឃើញ​ចេញ​សេចក្ដី​ថ្លែងការណ៍​សាទរ​ពួក​យោធា​ដោះលែង​អ្នកទោស​ដែរ។

មេដឹកនាំ​របប​សឹក ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បាន​ថ្លែង​ថា រដ្ឋាភិបាល​របស់​លោក​មាន​ផែនការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ តែ​ក្នុង​ឱកាស​នោះ លោក​បាន​ថ្លែង​អំពាវនាវ​សុំ​ឱ្យ​មាន​ការ​ឯកភាព​ជាតិ។ ជាមួយ​គ្នា​នេះ លោក​ទទូច​ដល់​បណ្ដា​ប្រទេស និង​អង្គការ​អន្តរជាតិ រួម​ទាំង​ពលរដ្ឋ​ភូមា គាំទ្រ​ផែនការ​របស់​លោក​ដែល​ត្រូវការ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពហុបក្ស​ដែល​មាន​វិន័យ និង​មាន​ស្មារតី​ជាតិ​ខ្ពស់ ជាជាង​ធ្វើ​នយោបាយ​បម្រើ​បរទេស។ មេ​រដ្ឋប្រហារ​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា ជម្លោះ​ប្រដាប់​អាវុធ​ផ្ទៃក្នុង​គួរតែ​រក​ពេលវេលា​បិទ​បញ្ចប់ ដោយ​រួម​គ្នា​ធានា​ឱ្យ​បាន​នូវ​ការ​សាមគ្គី​ជាតិ និង​សន្តិភាព។

ពួក​យោធា​ភូមា​ធ្វើ​រដ្ឋប្រហារ​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​អ្នកស្រី ស៊ូជី កាលពី​ជិត ២​ឆ្នាំ​មក​នេះ ដោយ​បាន​ចាប់​ខ្លួន​អ្នក​នយោបាយ និង​សកម្មជន​ប្រឆាំង​ជិត ១៦០០០​នាក់ ក្នុង​នោះ​មាន​អ្នកស្រី ស៊ូជី លោក​ប្រធានាធិបតី មីន ម្យីន រួម​នឹង​អ្នក​នយោបាយ​ក្រុម​គណបក្ស​សម្ព័ន្ធជាតិ​ប្រជាធិបតេយ្យ​ជាង ៣០០​នាក់។

បើ​និយាយ​ពី​ការ​ស្លាប់​ប្រជាជន​វិញ ដោយ​ពួក​យោធា​សម្លាប់​ក្នុង​ការ​វាយ​បង្ក្រាប និង​សម្លាប់​ដោយ​វាយប្រហារ​ក្នុង​សង្គ្រាម​ជិត ៦០០០​នាក់។

ចំពោះ​អំពើ​ហិង្សា​ទៅ​លើ​សហគមន៍​មូស្លីម​នៅ​រដ្ឋ​រ៉ាក់ខើយ នៅតែ​បន្ត​មក​ដល់​ពេលនេះ។ ហិង្សា​ផ្ទុះ​ឡើង​តាំងពី​ចុង​ឆ្នាំ​២០១៧ បណ្ដាល​ឱ្យ​មាន​ជនភៀសខ្លួន​ទៅ​នៅ​ប្រទេស​បង់ក្លាដេស ជាង ៧០​ម៉ឺន​នាក់ និង​ត្រូវ​បាន​ពួក​យោធា​សម្លាប់​រាប់​ពាន់​នាក់។ របប​សឹក​ភូមា​កំពុងតែ​ជាប់​ឈ្មោះ​ជា​អ្នក​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទៅ​លើ​សហគមន៍​រ៉ូហីងយ៉ា។ តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) កំពុង​រៀបចំ​បើក​ជំនុំជម្រះ​ក្ដី​សំណុំរឿង​នៃ​សហគមន៍​រ៉ូហីងយ៉ា។

សេចក្ដី​ថ្លែងការណ៍​របស់​មេដឹកនាំ​យោធា​ភូមា ដែល​អះអាង​ថា​នឹង​ធ្វើ​ឱ្យ​មាន​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពហុបក្ស​ឡើងវិញ បន្ទាប់ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២២ បាន​អនុម័ត​សេចក្ដី​សម្រេច​រួម​មួយ​លេខ​២៦៦៩ ជា​លើកដំបូង ដោយ​បង្គាប់​ទៅ​របប​សឹក​ភូមា​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់ និង​បញ្ឈប់​ជាបន្ទាន់​នូវ​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​ប្រឆាំង។

នៅ​ក្នុង​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី​២២ ធ្នូ នោះ គេ​សង្កេត​ឃើញ​តំណាង​រុស្ស៊ី និង​ចិន បាន​ដូរ​ឥរិយាបថ​ដោយ​សម្រេច​បោះឆ្នោត​អនុប្បវាទ ដែល​បាន​នាំ​ឱ្យ​សេចក្ដី​សម្រេច​លេខ​២៦៦៩ បាន​ក្លាយ​ជា​វិធាន​ការទូត​មួយ​កម្រិត​ខ្ពស់​បំផុត​របស់​អង្គការ​សហប្រជាជាតិ​ដាក់​ទម្ងន់​ទៅ​លើ​របប​សឹក​ភូមា។

បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP សេចក្ដី​សម្រេចចិត្ត​លេខ​២៦៦៩ គឺជា​សេចក្ដីព្រាង និង​គំនិត​ផ្ដួចផ្ដើម​ចេញពី​ប្រទេស​អង់គ្លេស ហើយ​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក ខណៈ​ដែល​ប្រទេស​មហាអំណាច​ពីរ​នេះ​ទទួល​សំណើ​ពី​ប្រមុខ​ការទូត​នៃ​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​សិង្ហបុរី ដែល​បាន​ស្នើ​ឲ្យ​មាន​វិធានការ​ចេញពី​ក្រុមប្រឹក្សា​សន្តិសុខ​ទៅ​លើ​ភូមា កាល​គ្រា​ដែល​ពួកគាត់​ទៅ​ចូលរួម​ប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ខែ​កញ្ញា កន្លងទៅ​នេះ។

សេចក្ដី​សម្រេច​ចិត្ត​លេខ​២៦៦៩ ក៏​ទាមទារ​ឲ្យ​របប​សឹក​ភូមា គោរព​និង​អនុវត្ត​ឲ្យ​បាន​នូវ​គោលការណ៍ ៥​ចំណុច​ពី​អាស៊ាន ដែល​បាន​ធ្វើឡើង​កាល​ពី​ខែ​មេសា នៅ​ចំពោះ​មុខ​មេ​រដ្ឋប្រហារ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅ​ទីក្រុង​ចាកាតា ប្រទេស​ឥណ្ឌូនេស៊ី ដែល​តម្រូវ​ឲ្យ​ដោះលែង​អ្នកទោស​នយោបាយ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស