29 C
Phnom Penh

TI៖ ការ​ប្រកាស​ទ្រព្យសម្បត្តិ​មន្ត្រី​រាជការ​តែ​ចំពោះ​បុគ្គល​សាមី គឺ​គ្មាន​ភាព​សុក្រឹត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​តម្លាភាព​កម្ពុជា (TI) ថា​ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​មន្ត្រី​ដែល​ធ្វើឡើង​ចំពោះ​តែ​បុគ្គល​សាមី​ដែល​មិន​តម្រូវ​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួកគេ​ប្រកាស​ទ្រព្យសម្បត្តិ ជា​ហេតុ​ធ្វើ​ឱ្យ​ការ​ប្រកាស​គ្មាន​ភាព​សុក្រឹត។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ មករា នេះ​ថា កន្លងមក​មន្ត្រី​ជាប់​កាតព្វកិច្ច​ក្នុង​ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ធ្វើ​ឡើង​បាន​ល្អ​ប្រសើរ​ទៅ​តាម​ច្បាប់​ដែល​បាន​កំណត់ ទោះបី​មាន​ការ​យឺតយ៉ាវ​តិចតួច ប៉ុន្តែ​នៅតែ​អាច​កែ​សម្រួល​បាន ដើម្បី​ឱ្យ​កិច្ចការ​នេះ​ប្រព្រឹត្ត​ទៅ​មាន​ប្រសិទ្ធភាព។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​រូប​នេះ​ត្អូញត្អែរ​ថា ផ្អែក​ទៅ​តាម​ច្បាប់​ប្រឆាំង​អំពើពុករលួយ ការ​ប្រកាស​ទ្រព្យសម្បត្តិ​នេះ គឺ​ត្រូវ​ធ្វើ​ឡើង​ជា​សម្ងាត់​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​ព័ត៌មាន​អំពី​ទ្រព្យសម្បត្តិ និង​បំណុល​នៃ​មន្ត្រី​សាធារណៈ​របស់​ពួកគាត់ ដែល​ជា​ឧបសគ្គ​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​គណនេយ្យភាព​ចំពោះ​ការ​អនុវត្ត​ការងារ​របស់​មន្ត្រី​ទាំងនោះ ជាពិសេស​នៅ​ពេល​ដែល​មាន​ទំនាស់​ផល​ប្រយោជន៍​ផ្សេងៗ។

លោក ប៉ិច ពិសី បញ្ជាក់​ថា ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​មន្ត្រី​ដែល​បាន​កំណត់​ទាំងនោះ គឺ​ត្រូវ​ធ្វើ​ឡើង​ចំពោះ​តែ​បុគ្គល​សាមី​ប៉ុណ្ណោះ ខណៈ​ក្រុម​គ្រួសារ​របស់​ពួកគេ ដូចជា​ប្រពន្ធ និង​កូន ជាដើម មិន​តម្រូវ​ឱ្យ​មាន​ការ​ប្រកាស​ទ្រព្យសម្បត្តិ​ទាំងនោះ​ទេ។

លោក​បន្ថែម​ថា ត្រង់​ចំណុច​នេះ ប្រសិនបើ​មន្ត្រី​ទាំងនោះ​ផ្ទេរ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ទៅ​ប្រពន្ធ ឬ​កូន​របស់​ពួកគេ ដូច្នេះ​នឹង​ធ្វើ​ឱ្យ​ការ​ប្រកាស​នេះ​មិន​មាន​ភាព​សុក្រឹត​នោះ​ឡើយ។ លោក​គូស​បញ្ជាក់​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិន​អាច​ធ្វើ​លើស​ពី​ច្បាប់​កំណត់​បាន​ទេ ដូច្នេះ​ប្រសិនបើ​ចង់​ឱ្យ​ការ​ប្រកាស​ទ្រព្យសម្បត្តិ​នេះ​មាន​ភាព​ទូលំទូលាយ​ជាង​នេះ ទាល់​តែ​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ជា​មុន​សិន ដែល​នឹង​ត្រូវ​ឱ្យ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

កាលពី​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០២៣ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល បាន​ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​សរុប​ចំនួន ១៣៨១៣​ច្បាប់​ហើយ ក្នុង​នោះ​ខេត្ត​ចំនួន​៩ ដូចជា​ខេត្ត​ប៉ៃលិន ខេត្ត​មណ្ឌលគិរី ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កែប ជាដើម បាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ចប់​សព្វគ្រប់​មួយ​រយ​ភាគរយ​អស់​ហើយ។

អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បញ្ជាក់​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ក៏​បាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ចប់​សព្វគ្រប់​មួយ​រយ​ភាគរយ​ដែរ។ នៅ​ពេល​នេះ ការ​ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៣ ដោយ​មិន​ឈប់​សម្រាក​ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ និង​ថ្ងៃ​បុណ្យ​ឡើយ។

កាលពី​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២២ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​អះអាង​ក្នុង​កិច្ចប្រជុំ​លើក​ទី​១៨ របស់​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​ថា ក្នុង​ឆ្នាំ​២០២៣ នេះ មន្ត្រី​ដែល​ត្រូវ​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​ខ្លួន​តាម​របប​កំណត់ ២​ឆ្នាំ​ម្ដង មាន​ចំនួន ២២៨៦៤​នាក់។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លើកឡើង​ក្នុង​កិច្ចប្រជុំ​នោះ​ថា នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ដើម្បី​ទទួល​មន្ត្រី​ដែល​ត្រូវ​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​ខ្លួន​តាម​របប​កំណត់ ២​ឆ្នាំ​ម្ដង ដើម្បី​ប្រឆាំង​អំពើពុករលួយ​ជាតិ និង​អន្តរជាតិ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) បាន​លាតត្រដាង​ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១៥៧ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០ នៅ​លើ​ពិភពលោក​ជុំវិញ​នៃ​ការ​ប្រព្រឹត្ត​អំពើពុករលួយ​កាលពី​ឆ្នាំ​២០២១ ហើយ​ចំណាត់ថ្នាក់​នេះ​បាន​ថយ​ជាង​ឆ្នាំ​២០២០ បន្តិច ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ចំណាត់ថ្នាក់​លេខ​១៥៧ នេះ នៅតែ​បង្ហាញ​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​កម្រិត​ពុករលួយ​អាក្រក់​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ទាំង​១០ នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​ហៅ​កាត់​ថា​អាស៊ាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស