34 C
Phnom Penh

រដ្ឋមន្ត្រី​កសិកម្ម​ថា​នឹង​រៀបចំ​ប្រព័ន្ធ​ផលិតកម្ម​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ធានា​ស្ថិរភាព​តម្លៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លើកឡើង​ថា ក្រសួង​នឹង​រៀបចំ​ប្រព័ន្ធ​ផលិតកម្ម​កសិកម្ម​មួយ​ដែល​មាន​ប្រសិទ្ធភាព​បំផុត ដោយ​ធានា​នូវ​ស្ថិរភាព​តម្លៃ​មិន​ឱ្យ​កើនឡើង និង​មិន​ឱ្យ​ធ្លាក់​ចុះ​សម្រាប់​ការ​ផលិត​កសិកម្ម​ក្នុង​ស្រុក ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ផលិត និង​អ្នក​ប្រើប្រាស់។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០២៣ ថា ក្រសួង​នឹង​ដាក់​ចេញ​នូវ​ទស្សនទាន​ស្ថិរភាព​តម្លៃ​ក្នុង​វិស័យ​កសិកម្ម​មិន​ឱ្យ​កើន​ឡើង ហើយ​ក៏​មិន​ឱ្យ​ធ្លាក់​ចុះ​សម្រាប់​ការ​ផលិត​កសិកម្ម​ក្នុង​ស្រុក ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ផលិត និង​អ្នក​ប្រើប្រាស់។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រូប​នេះ​លើកឡើង​ថា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចង់​ឱ្យ​មាន​ការ​រីកចម្រើន​ព្រម​គ្នា​សម្រាប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​នេះ។ លោក​បន្ថែម​ថា ដោយឡែក​ការ​ទុក​ចោល ឬ​មិន​ផ្តល់​សារសំខាន់​ដល់​តួអង្គ​ណា​មួយ នឹង​នាំ​ឱ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​ទាំងមូល​ជាប់​គាំង និង​ជួប​បញ្ហា​ជាមិនខាន។

លោក ឌិត ទីណា បញ្ជាក់​ថា ក្រសួង​នឹង​ទាញ​យក​សក្ដានុពល​កសិកម្ម​មាន​ស្រាប់​ដែល​អំណោយ​ផល​ពី​ធម្មជាតិ​របស់​កម្ពុជា មក​បែងចែក​ប្រកប​ដោយ​សមធម៌​ទៅ​តាម​ខ្សែ​ច្រវាក់​ផលិតកម្ម​ទាំងមូល ដែល​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ប្រាក់​ចំណេញ​របស់​តួអង្គ​ទាំងអស់។ ជាង​នេះ​ទៀត ក្រសួង​បាន​គិតគូរ​ដល់​គុណភាព និង​សុវត្ថិភាព​លើ​កសិផល​ចំពោះ​អ្នក​ប្រើប្រាស់​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​វិស័យ​កសិកម្ម​ធានា​បាន​នូវ​តម្លៃ​ដែល​អាច​ទទួល​យក​បាន​សម្រាប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​អ្នក​ផលិត និង​អ្នក​ប្រើប្រាស់​ទៅ​ថ្ងៃ​មុខ។

ក្នុង​ផែនការ​ទី​៤ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣ អះអាង​ថា កម្ពុជា​នៅតែ​ចាត់ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាព​ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជាតិ ធានា​សន្តិសុខ​ស្បៀង និង​ជំរុញ​ការ​អភិវឌ្ឍ​ជនបទ ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ ប៉ុន្តែ​កន្លងមក កសិករ​ខ្មែរ​តែង​រង​នូវ​ការ​ខាតបង់​ពី​ការ​ប្រកប​របរ​កសិកម្ម​របស់​ពួកគេ ដោយ​គ្មាន​ការ​ដោះស្រាយ​ពី​រដ្ឋាភិបាល​ដើម្បី​ធានា​និរន្តរភាព​លើ​ការ​ផលិត និង​តម្លៃ​កសិផល​របស់​អ្នក​ទាំងនោះ​ឡើយ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ មករា នេះ​ថា ប្រសិនបើ​ការ​អនុវត្ត​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឬ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​លេច​ចេញ​ជា​រូបរាង គឺជា​រឿង​ល្អ ប៉ុន្តែ​លោក​នៅតែ​មិន​ទាន់​មាន​ជំនឿ​លើ​ការ​អះអាង​របស់​ក្រសួង​កសិកម្ម​នៅឡើយ ព្រោះ​ថា​ជា​ទម្លាប់ រដ្ឋាភិបាល​តែង​និយាយ​ឱ្យ​តែ​ល្អ​ស្តាប់ ជាជាង​ការ​អនុវត្ត ជាពិសេស​នៅ​ពេល​ដែល​រដូវ​កាល​នៃ​ការ​បោះឆ្នោត​ជិត​មក​ដល់។

លោក សេក សុជាតិ លើកឡើង​ថា សព្វថ្ងៃ​នេះ ក្រសួង​កសិកម្ម​នៅ​មិន​ទាន់​បង្ហាញ​នូវ​យន្តការ​ជាក់លាក់​ណា​មួយ ដើម្បី​ធានា​ដោះស្រាយ​នូវ​បញ្ហា​របស់​កសិករ​ដែល​ធ្លាប់​កើតមាន​នៅឡើយ​ទេ ដូចជា​ការ​ប្រមូល​ផល​រួម​គ្នា ការ​កំណត់​តម្លៃ​តាម​អំពើ​ចិត្ត​របស់​ឈ្មួញ​កណ្តាល ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​តម្លៃ​កសិផល​ធ្លាក់​ចុះ​បណ្តាល​ឱ្យ​កសិករ​ខាតបង់​ធ្ងន់ធ្ងរ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ក្រសួង​កសិកម្ម​ក៏​ត្រូវ​គិតគូរ​ធានា​នូវ​ដំណើរការ​នៃ​ការ​ផលិត​របស់​កសិករ​ផង​ដែរ ត្បិត​កន្លងមក​ពិត​មែន​តែ​រដ្ឋាភិបាល​ចាត់ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាព ប៉ុន្តែ​កសិករ​តែង​ជួប​គ្រោះ​ទឹកជំនន់ និង​គ្រោះ​រាំងស្ងួត​ស្ទើរតែ​រាល់​ឆ្នាំ ខណៈ​វិធានការ​ទប់ស្កាត់​នៅតែ​មិន​ទាន់​ដាក់​ចេញ​នៅឡើយ​រហូត​ដល់​ពេលនេះ។

លើស​ពី​នេះ ក្រសួង​ក៏​ត្រូវ​គិតគូរ​ពី​ថ្លៃ​ដើម​ដែល​កសិករ​ត្រូវ​ចំណាយ​លើ​ការ​ផលិត​ផង​ដែរ ព្រោះ​ថា​តម្លៃ​ជី តម្លៃ​ថ្នាំ​សម្លាប់​សត្វ​ល្អិត តម្លៃ​ថ្នាំ​បំប៉ន​រុក្ខជាតិ និង​ការ​ចំណាយ​លើ​ឧបករណ៍​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​ផ្សេងៗ នៅតែ​មាន​តម្លៃ​ខ្ពស់​ដដែល ដូច្នេះ​កសិករ​នៅតែ​ពិបាក​នឹង​ទទួល​ប្រាក់​ចំណេញ​ពី​ការ​ផលិត​របស់​ពួកគេ​យ៉ាង​ខ្លាំង។

កសិករ​ធ្វើ​ស្រូវ​ប្រាំង​ក្នុង​ខេត្ត​សៀមរាប ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ មករា នេះ​ដែរ​ថា សព្វថ្ងៃ​នេះ ដើម្បី​ទទួល​ផល​ស្រូវ​ចាប់​ពី ៥​តោន​ទៅ ៧​តោន​ក្នុង ១​ហិកតារ ទាល់តែ​ប្រើ​ជី ៥ ទៅ ៦​ការុង​ដែរ ខណៈ​តម្លៃ​ស្រូវ​ចាប់ ១​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម​ឡើង​ទៅ ទើប​អាច​ទទួល​បាន​ប្រាក់​ចំណេញ ប៉ុន្តែ​ការ​ធ្វើ​កសិកម្ម​របស់​ពួកគាត់​រាល់​ឆ្នាំ គឺ​ពឹង​តែ​ទៅ​លើ​សំណាង​ប៉ុណ្ណោះ ដោយសារ​ក្រសួង​កសិកម្ម​គ្មាន​វិធានការ​ជាក់លាក់​ក្នុង​ការ​កំណត់​តម្លៃ​ច្បាស់លាស់​នៅឡើយ។

ទាក់ទិន​នឹង​វិស័យ​កសិកម្ម​នេះ តម្លៃ​ជី​លក់​រាយ​លើ​ទីផ្សារ​កម្ពុជា​សព្វថ្ងៃ​នេះ បាន​ហក់​ឡើង​ពី​ជាង ១០​ម៉ឺន​រៀល​ក្នុង​មួយ​ការុង ៥០​គីឡូក្រាម​ទៅ ២០​ម៉ឺន​រៀល​តាម​ប្រភេទ​ជី​នៃ​ក្រុមហ៊ុន​នាំចូល​នីមួយៗ ខណៈ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​នៅតែ​រក្សា​តម្លៃ​ខ្ពស់​ដដែល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស