28 C
Phnom Penh

លោក នេត្រ ភក្ត្រា៖ គ្មាន​បក្ស​ណា​អាច​ជំនួស​បក្ស​ប្រជាជន​បាន​ឡើយ​ក្នុង​ការ​រក្សា​សន្តិភាព​ជូន​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​យក​ជីវិត​ធ្វើ​ជា​ដើមទុន​ដើម្បី​រំដោះ​ជាតិ និង​បញ្ចប់​សង្គ្រាម ដូច្នេះ​គ្មាន​គណបក្ស​ណា​មួយ​អាច​ជំនួស​បាន​ឡើយ​ក្នុង​ការ​ការពារ និង​ថែរក្សា​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ជូន​ជាតិ និង​ប្រជាជន។

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា លើកឡើង​ក្នុង​វេទិកា​សាធារណៈ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំងរពៅ សង្កាត់​ព្រែកត្នោត ក្រុង​បូកគោ ខេត្ត​កំពត កាលពី​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៣ ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​យក​ជីវិត​ធ្វើ​ជា​ដើមទុន​ដើម្បី​រំដោះ​ជាតិ និង​ប្រជាជន​ចេញពី​របប​ខ្មែរក្រហម និង​បញ្ចប់​សង្គ្រាម ដែល​នាំ​មក​នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ជូន​ជាតិ និង​ប្រជាជន​កម្ពុជា​ទាំងមូល ហើយ​ការ​លះបង់​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​រស់​ក្នុង​ភាព​សុខសាន្ត និង​ការ​អភិវឌ្ឍ​ដល់​សព្វថ្ងៃ​នេះ។

លោក នេត្រ ភក្ត្រា អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នឹង​ការពារ ថែរក្សា​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ ដែល​កម្ពុជា​រក​បាន​ដោយ​ពិបាក​នេះ ឱ្យ​ស្ថិតស្ថេរ​គង់វង្ស​ជា​អមតៈ​សម្រាប់​ជា​ប្រយោជន៍​មនុស្ស​រាប់​ជំនាន់​ត​ទៅ​មុខ​ទៀត ហើយ​កម្ពុជា​ក៏​នឹង​ប្រឆាំង​ដាច់ខាត​មិន​ឱ្យ​មាន​ការ​បំផ្លិចបំផ្លាញ​សុខ​សន្តិភាព​នេះ​ដែរ។

រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​រូប​នេះ​បញ្ជាក់​ថា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​លោក ហ៊ុន សែន ប្រទេស​កម្ពុជា​បាន​ចាកចេញ​ពី​ប្រទេស​ដែល​មាន​សង្គ្រាម​រ៉ាំរ៉ៃ មក​ជា​ប្រទេស​មាន​សុខ​សន្តិភាព​ពេញលេញ​ក្រោម​ការ​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ និង​មាន​ការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ដែល​នាំ​មក​នូវ​កេរ្តិ៍ឈ្មោះ និង​កិត្យានុភាព​ជាតិ​ខ្មែរ​ល្បី​រន្ទឺ​នៅ​លើ​ពិភពលោក​សព្វថ្ងៃ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​លើកឡើង​ផ្ទុយ​ស្រឡះ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​ការ​ផ្លាស់ប្ដូរ ដើម្បី​បញ្ចប់​នូវ​វប្បធម៌​ការ​ដឹកនាំ​ដោយ​ឯក​បក្ស​ដូច​គណបក្ស​ប្រជាជន​កម្ពុជា​អនុវត្ត​សព្វថ្ងៃ​នេះ។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ មករា នេះ​ថា ការ​លើកឡើង​ថា​គ្មាន​គណបក្ស​ណា​អាច​ជំនួស​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ គឺជា​សម្ដី​ប្រជាភិថុតិ​សុទ្ធសាធ ត្បិត​រយៈពេល​ជាង ៣០​ឆ្នាំ​ដែល​បក្ស​កាន់​អំណាច​ដឹកនាំ​ប្រទេស គឺ​មាន​តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​ក្រីក្រ ជំពាក់​បំណុល​បរទេស​វ័ណ្ឌក និង​ការ​អភិវឌ្ឍ​ដែល​ពោរពេញ​ដោយ​អំពើពុករលួយ​ប៉ុណ្ណោះ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ដោយឡែក​ការ​ថែរក្សា​សន្តិភាព ក៏​ជា​ការ​លើកឡើង​ដែល​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា​ដែរ ព្រោះ​ថា​ដើម្បី​ឱ្យ​កម្ពុជា​មាន​សន្តិភាព​ពិតប្រាកដ មិនមែន​ជា​សន្តិភាព​ក្រោម​ការ​គំរាមកំហែង និង​សន្តិភាព​ដែល​ផ្ញើ​វាសនា​ប្រទេស​ជាតិ​ខ្លួន​លើ​បរទេស​ជិតខាង ទាល់​តែ​កម្ពុជា​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ប៉ុន្តែ​ជាង ៣០​ឆ្នាំ​មក​នេះ កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច បាន​អនុវត្ត​ផ្ទុយ​ពី​ស្មារតី​នៃ​កិច្ចសន្យា​អន្តរជាតិ​មួយ​នេះ​ទាំងស្រុង។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ជាង ៣០​ឆ្នាំ​នេះ ប្រសិនបើ​បក្ស​ប្រឆាំង​ដឹកនាំ​ប្រទេស ប្រាកដ​ជា​មាន​ការ​រីកចម្រើន សុខសាន្ត​ជាង​គណបក្ស​ប្រជាជន​កម្ពុជា​ឆ្ងាយ​ណាស់ ត្បិត​បក្ស​ប្រឆាំង​ប្រកាន់​យក​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជា​ផែនការ​អនុវត្ត​រាល់​កម្មវិធី​នយោបាយ​របស់​ខ្លួន​គ្រប់​កាលៈទេសៈ​ទាំងអស់។

លោក​បន្ថែម​ថា ការ​ដឹកនាំ​ប្រទេស​ជាង ៣​ទសវត្សរ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​តែ​ធ្វើ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ​ទៅៗ ការ​គោរព​ច្បាប់​ក៏​លែង​មាន សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ក៏​ត្រូវ​អ្នកមាន​អំណាច​រំលោភ ខណៈ​ប្រជាធិបតេយ្យ​ក៏​ត្រូវ​រង​នូវ​ការ​ជាន់​ឈ្លី​ថែម​ទៀត។

ទាក់ទិន​នឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជាង ៤០​ឆ្នាំ​មក​នេះ អង្គការ Freedom House បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ឆ្នាំ​២០២២ ថា ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​លោក ហ៊ុន សែន គ្រប់គ្រង​ផ្ដាច់មុខ​ទាំងស្រុង ក្នុង​នោះ​គណបក្ស​ប្រឆាំង បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ អ្នក​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព និង​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​គ្រប់ៗ​គ្នា។

ចំណែក​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) បាន​លាតត្រដាង​កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២២ ថា កម្ពុជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រទេស​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​ចាប់តាំងពី​ឆ្នាំ​២០១២ មក គឺ​ស្ថិត​ក្នុង​ចន្លោះ​លំដាប់​លេខ​រៀង​ចាប់ពី ១៥៧ ដល់​ជាង ១៦០ ក្នុង​ចំណោម​ប្រទេស ១៨០ នៅ​លើ​ពិភពលោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស