មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ស្នើឱ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ពង្រាយផ្កាយរណបដើម្បីតាមដានផ្ដិតយកភស្តុតាងភាគីដែលឈ្លានពានទឹកដី ព្រោះភាគីថៃ តែងតែបង្កើតភស្តុតាងក្លែងក្លាយដើម្បីលាបពណ៌ និងចោទប្រកាន់កម្ពុជា ថាបានឈ្លានពានទឹកដីរបស់ពួកគេរហូតមកនោះ។
លោក មុត ចន្ថា ដែលជាអតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា សរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៨ ធ្នូ នេះថា ដើម្បីជម្រះការចោទប្រកាន់ឱ្យជ្រះស្រឡះ និងធានាដល់ការអនុវត្តបទឈប់បាញ់ គួរតែបើកឱ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ពង្រាយផ្កាយរណបដើម្បីតាមដានសង្គ្រាមព្រំដែនកម្ពុជា-ថៃ ថាតើភាគីណាជាអ្នកឈ្លានពានភាគីណាឱ្យពិតប្រាកដ។
មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា កន្លងមក ភាគីថៃ តែងតែបង្កើតភស្តុតាងក្លែងក្លាយដើម្បីលាបពណ៌ និងចោទប្រកាន់កម្ពុជា ថាបានរំលោភបំពានបទឈប់បាញ់ ដាក់មីនថ្មី និងបើកការវាយប្រហារទៅលើភាគីថៃ មុន ជាដើម ដូច្នេះដើម្បីបញ្ចប់ការចោទប្រកាន់គ្នាទៅវិញទៅមក តើថៃ ហ៊ានទទួលយកការចូលរួមឃ្លាំមើលរបស់សហភាពអឺរ៉ុប ជុំវិញជម្លោះព្រំដែនជាមួយកម្ពុជា ក្នុងពេលនេះដែរឬទេ។
ការស្នើនេះ ធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុប ប្រកាសពីការផ្តល់រូបភាពពីផ្កាយរណបសម្រាប់ការឃ្លាំមើលបទឈប់បាញ់ជុំវិញសង្គ្រាមកម្ពុជា-ថៃ ដែលបានផ្ទុះឡើងជាលើកទី២ នាពេលនេះ។
តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី Kaja Kallas បានចេញសេចក្តីថ្លែងការណ៍លើបណ្ដាញទំនាក់ទំនងសង្គម អិច (X) របស់ខ្លួនកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នេះថា សហភាពអឺរ៉ុប អាចផ្តល់ជូននូវរូបភាពពីផ្កាយរណបសម្រាប់ការឃ្លាំមើលបទឈប់បាញ់ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ប្រសិនបើប្រទេសទាំងពីរត្រូវការ។
តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប រូបនេះ បញ្ជាក់ថា បទឈប់បាញ់ចាំបាច់ត្រូវតែស្ដារឡើងវិញជាបន្ទាន់ ព្រោះជម្លោះរវាងប្រទេសកម្ពុជា និងថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ ខណៈអ្នកស្រីក្នុងនាមជាអនុប្រធានគណៈកម្មការអឺរ៉ុប នឹងបន្តកិច្ចការនេះដើម្បីជួយបញ្ចប់ការកើនឡើងជម្លោះតាមបណ្តោយព្រំដែនរវាងកម្ពុជា-ថៃ នាពេលនេះ។
សង្គ្រាមតាមបណ្តោយព្រំដែនរវាងកម្ពុជា-ថៃ បានឆ្លងចូលដល់ថ្ងៃទី១២ ហើយ ខណៈកម្ពុជា បានអះអាងថា យោធាថៃ បានវាយប្រហារមកលើកម្ពុជាមុន និងបន្តវាយប្រហារចូលជ្រៅក្នុងទឹកដីរបស់ខ្លួនកាន់តែឆ្ងាយពីព្រំដែនជិត ១០០គីឡូម៉ែត្រហើយនាពេលនេះ ប៉ុន្តែខាងភាគីថៃ ក៏បានអះអាងថា ខាងកម្ពុជា គឺជាអ្នកវាយប្រហារលើខ្លួនមុន។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ដ្រា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នេះ អះអាងថា ពេលនេះ ទីភ្នាក់ងារសារព័ត៌មានបរទេសធំៗ រួមមាន CNN, AP និងទីភ្នាក់ងារសារព័ត៌មានបារាំង AFP ព្រមទាំងបណ្ដាញព័ត៌មានជាច្រើនទៀត បាននាំសំឡេងរបស់កម្ពុជា ប្រាប់ពិភពលោកថា យោធាថៃ បានបើកការវាយប្រហារមកលើកម្ពុជា ជុំវិញសង្គ្រាមតាមព្រំដែននាពេលនេះ។
លោក នេត្រ ភក្ដ្រា បញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ AP ក៏បានចូលរួមនាំការពិតពីកម្ពុជា ប្រាប់ពិភពលោកឱ្យបានដឹងអំពីការទម្លាក់គ្រាប់បែករបស់យោធាថៃ ចូលជ្រៅមកក្នុងទឹកដីកម្ពុជា ក្បែរជំរំជនភៀសសឹក និងរឿងរ៉ាវផ្សេងៗទៀតដែលកម្ពុជា បានជួបប្រទះក្នុងអំឡុងពេលនៃការឈ្លានពានរបស់យោធាថៃ មកលើអធិបតេយ្យភាព និងបូរណភាពដែនដីរបស់កម្ពុជា ផងដែរ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន រូបនេះបញ្ជាក់ថា ថៃមិនអាចបន្តភូតកុហកពិភពលោកទៀតបានឡើយ ហើយពិភពលោកក៏បានដឹងពីចរិតពិតរបស់ថៃ ដែរ ខណៈទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានចូលរួមផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីព័ត៌មានទាក់ទងនឹងសកម្មភាពឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា នាពេលនេះ ព្រោះក្រដាសមិនអាចខ្ចប់ភ្លើងបានឡើយ។
ចំណែកស្ថានទូតចិន ប្រចាំប្រទេសថៃ បានអះអាងនៅថ្ងៃទី១៨ ធ្នូ នេះដែរថា បេសកជនពិសេសរបស់ក្រសួងការបរទេសចិន ទទួលបន្ទុកកិច្ចការអាស៊ី លោក Deng Xijun នឹងទៅបំពេញទស្សនកិច្ចនៅកម្ពុជា និងថៃ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ នេះ ដែលជាផ្នែកមួយនៃការទូត ដែលមានគោលបំណងបន្ធូរបន្ថយភាពតានតឹងតាមព្រំដែនរវាងប្រទេសទាំងពីរ។
ប្រភពដដែលបញ្ជក់ថា ប្រទេសចិន ក្នុងនាមជាមិត្តជិតស្និទ្ធរបស់ប្រទេសទាំងពីរ កំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ និងលើកទឹកចិត្តឱ្យមានការសន្ទនា និងការបន្ធូរបន្ថយភាពតានតឹងនេះដើម្បីស្ដារស្ថិរភាពឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

