មន្ត្រីជាន់ខ្ពស់អង្គការក្រៅរដ្ឋាភិបាល ព្រមានថា ការបន្តឃុំខ្លួនមេដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ និងអ្នកទោសមនសិការដទៃទៀតទាំងអយុត្តិធម៌ គឺជារូបភាពមួយដែលបង្កការភ័យខ្លាចដល់ពលរដ្ឋ និងបង្កឱ្យមានភាពអាប់អួរដល់បរិយាកាសនយោបាយនៅកម្ពុជា ខណៈការបោះឆ្នោតអាណត្តិថ្មីកាន់តែខិតជិតមកដល់។
នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ មករា នេះថា អាជ្ញាធរ និងរដ្ឋាភិបាលកម្ពុជាមិនគួរពន្យារពេលទុកចោលនូវករណីកញ្ញា ឈឹម ស៊ីថរ មិនដោះស្រាយរហូតដល់ពេលនេះទេ ព្រោះថាប្រសិនបើរដ្ឋាភិបាលនៅតែបន្តរឹតត្បិតសេរីភាពបញ្ចេញមតិដូចសព្វថ្ងៃនេះ ពលរដ្ឋគឺនៅតែស្ថិតនៅក្នុងស្ថានភាពដែលរងការភ័យខ្លាចដដែល។
នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងាររូបនេះបញ្ជាក់ថា បើពលរដ្ឋមានការភ័យខ្លាច ការសម្រេចចិត្តជ្រើសរើសមេដឹកនាំនៅថ្ងៃបោះឆ្នោតខាងមុខនេះ ក៏ជាការជ្រើសរើសព្រោះតែការភ័យខ្លាចដែរ។
លោកបានឲ្យដឹងបន្តទៀតថា ការបន្តការឃុំខ្លួនមេដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ និងអ្នកទោសមនសិការដទៃទៀតទាំងអយុត្តិធម៌ គឺជារូបភាពមួយដែលបង្កការភ័យខ្លាចដល់ពលរដ្ឋ និងបង្កឱ្យមានភាពអាប់អួរដល់បរិយាកាសនយោបាយនៅកម្ពុជា ខណៈការបោះឆ្នោតអាណត្តិថ្មីកាន់តែខិតជិតមកដល់។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលអង្គការសង្គមស៊ីវិលបាននាំគ្នាធ្វើយុទ្ធនាការលើបណ្ដាញសង្គមហ្វេសប៊ុក ទាមទារឱ្យរដ្ឋាភិបាលដោះលែងមេដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ដែលកំពុងត្រូវបានឃុំខ្លួនទាំងអយុត្តិធម៌ជាលើកទីពីរសព្វថ្ងៃនេះ។
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ អង្គការក្រៅរដ្ឋាភិបាល និងសមាគមនានា ដូចជាសមាគមការពារសិទ្ធិមនុស្ស និងការអភិវឌ្ឍនៅកម្ពុជា (ADHOC) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងអង្គការស្ថាប័នជាច្រើនផ្សេងទៀត បាននាំគ្នាធ្វើយុទ្ធនាការលើបណ្ដាញសង្គមហ្វេសប៊ុកអំឡុងពេលដែលកញ្ញា ឈឹម ស៊ីថរ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេល ៧សប្តាហ៍ ដោយទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងតំណាងសហជីពរូបនេះជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវសមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីកញ្ញាត្រឡប់មកពីចូលរួមមហាសន្និបាតពិភពលោកនៃសហភាពសហជីពអន្តរជាតិនៅប្រទេសអូស្ត្រាលីវិញ ក្រោមហេតុផលថា តំណាងសហជីពរូបនេះបានចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ដែលជាការបំពានលើកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ។
យ៉ាងណាក៏ដោយ សហព័ន្ធសហភាពអន្តរជាតិ (ITUC) តំណាងឱ្យសមាជិកជាង ១២០ប្រទេសទូទាំងពិភពលោក បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ថា ការចោទប្រកាន់កញ្ញា ឈឹម ស៊ីថរ ថាបានរំលោភលើលក្ខខណ្ឌនៃការដាក់ឱ្យនៅក្រៅឃុំចំពោះការចូលរួមកិច្ចប្រជុំសហជីព គឺមិនមានភាពស្របគ្នាជាមួយនឹងគោលការណ៍ច្បាប់ជាមូលដ្ឋានរបស់អង្គការពលកម្មអន្តរជាតិ (ILO) ដែលរដ្ឋាភិបាលកម្ពុជាបានផ្តល់សច្ចាប័នដោយស្ម័គ្រចិត្តកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៩៩ និងរដ្ឋធម្មនុញ្ញរបស់ខ្លួនឡើយ។
កាលពីចុងឆ្នាំ២០២១ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញសេចក្តីរាយការណ៍របស់ខ្លួនស្តីអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថា អាជ្ញាធរនៃរដ្ឋាភិបាលលោក ហ៊ុន សែន បានរំលោភបំពានទៅលើសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋ គណបក្សប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនានាយ៉ាងធ្ងន់ធ្ងរ ចំណែកប្រព័ន្ធយុត្តិធម៌ និងតុលាការ ក៏ត្រូវបានប្រើប្រាស់ដោយមិនត្រឹមត្រូវ ដើម្បីបង្ក្រាបទៅលើអ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាលដែលដឹកនាំដោយឯកបក្សសព្វថ្ងៃនេះផងដែរ៕