ក្រុមអ្នកឃ្លាំមើលអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងមេដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ដើម្បីស្ដារមុខមាត់របស់កម្ពុជាឡើងវិញ និងដើម្បីធានានូវការអនុវត្តសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឱ្យបានល្អប្រសើរ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ មករា នេះថា ការបណ្តែតបណ្តោយ និងការមិនអើពើរបស់រដ្ឋាភិបាលចំពោះវិវាទដែលបានកើតឡើងលើកម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ គឺជាគំរូអាក្រក់បំផុតដែលមានន័យគ្រប់គ្រាន់បញ្ជាក់ពីការអនុញ្ញាតរបស់អាជ្ញាធរ រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ បើកដៃឱ្យភាគីខាងក្រុមហ៊ុនបន្តការរំលោភបំពានលើសិទ្ធិកម្មកររហូតមក។
លោក សេក សុជាតិ លើកឡើងថា ការបើកដៃឱ្យថៅកែក្រុមហ៊ុនរំលោភសិទ្ធិកម្មករបែបនេះ គឺមានន័យស្មើនឹងផ្តល់ឱកាសឱ្យអ្នកមានទ្រព្យ និងអំណាចទាំងនោះជាន់ឈ្លីច្បាប់របស់កម្ពុជាតាមអំពើចិត្ត ដូច្នេះកិត្តិយសជាតិ និងកិត្តិយសរបស់រដ្ឋាភិបាល ក៏នឹងអាប់ឱនទៅតាមស្ថានភាពដែលពួកគេបានប្រព្រឹត្តទង្វើរំលោភបំពានលើកម្មករនិយោជិតទាំងនោះដូច្នោះដែរ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះបញ្ជាក់ថា ប្រសិនបើច្បាប់របស់ប្រទេសកម្ពុជាត្រូវបានយកទៅអនុវត្តដោយត្រឹមត្រូវ កម្មករនិយោជិតទាំងអស់នឹងទទួលបានការពារដោយស្របច្បាប់ ហើយមេដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ ក៏មិនត្រូវបានចាប់ខ្លួនពីការតវ៉ាទាមទារយុត្តិធម៌ពីការរំលោភបំពានពីសំណាក់ថៅកែក្រុមហ៊ុនដែរ ព្រោះថាសិទ្ធិបញ្ចេញមតិ តវ៉ាទាមទារ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញយ៉ាងពេញទំហឹង។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលអង្គការសង្គមស៊ីវិលជាច្រើនស្ថាប័ន បាននាំគ្នាធ្វើយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាលដោះលែងមេដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដែលត្រូវបានឃុំខ្លួនទាំងអយុត្តិធម៌កាលពីពេលកន្លងទៅនេះ។
កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ អង្គការក្រៅរដ្ឋាភិបាល និងសមាគមនានា ដូចជាសមាគមការពារសិទ្ធិមនុស្ស និងការអភិវឌ្ឍនៅកម្ពុជា (ADHOC) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងអង្គការស្ថាប័នជាច្រើនផ្សេងទៀត បាននាំគ្នាធ្វើយុទ្ធនាការលើបណ្ដាញសង្គមហ្វេសប៊ុកសប្តាហ៍លើកទី៨ នៃការឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ ទាំងអយុត្តិធម៌ ដោយទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងតំណាងសហជីពរូបនេះជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។
ជុំវិញបញ្ហានេះ សហរដ្ឋអាមេរិក អូស្ត្រាលី និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើន បានចាត់ទុកការដាក់ទោសលើកញ្ញា ឈឹម ស៊ីថរ ដោយសារការខកខានក្នុងការអនុវត្តនូវលក្ខខណ្ឌដែលមិនបានប្រាប់ឲ្យដឹងមុនពីសំណាក់អាជ្ញាធរ គឺជាភាពអយុត្តិធម៌ និងល្មើសទៅនឹងគោលការណ៍ជាមូលដ្ឋាននៃនីតិរដ្ឋយ៉ាងធ្ងន់ធ្ងរ ហើយក៏ជាទង្វើរំលោភបំពានច្បាប់ការងារមាត្រា ២៩៣ និងច្បាប់ស្ដីពីសហជីពមាត្រា ៤៣ និងមាត្រា៦៧ យ៉ាងធ្ងន់ធ្ងរផងដែរ។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញចែងថា ពលរដ្ឋខ្មែរមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រទេសជាតិ ខណៈសេចក្តីស្នើទាំងឡាយរបស់ពលរដ្ឋ ត្រូវបានដោះស្រាយ និងពិនិត្យយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ ប៉ុន្តែរដ្ឋាភិបាលក្រោមការគ្រប់គ្រងរបស់បក្សកាន់អំណាចសព្វថ្ងៃនេះ ត្រូវគេមើលឃើញថាបានអនុវត្តផ្ទុយពីមាត្រាដែលបានចែងក្នុងរដ្ឋធម្មនុញ្ញទាំងស្រុង។
គិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នេះ កញ្ញា ឈឹម ស៊ីថា ត្រូវបានតុលាការឃុំខ្លួនទាំងអយុត្តិធម៌ជាលើកទី២ ចំនួន ៥២ថ្ងៃហើយ បើគិតចាប់តាំងពីថ្ងៃដែលសមត្ថកិច្ចបានចាប់ខ្លួនតំណាងសហជីពរូបនេះកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២ មក ខណៈសំណើសុំនៅក្រៅឃុំបណ្ដោះអាសន្នពីមេធាវីរបស់កញ្ញា ឈឹម ស៊ីថរ ត្រូវបានតុលាការច្រានចោលទាំងស្រុងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ៕