27.5 C
Phnom Penh

ប្រធានាធិបតី​វៀតណាម​ចុះ​ចេញពី​តំណែង​ចំ​ពេល​បក្ស​កុម្មុយនីស្ត​បោស​សម្អាត​អំពើពុករលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក Nguyen Xuan Phuc សម្រេច​លាលែង​ពី​តំណែង​ប្រធានាធិបតី​វៀតណាម ភ្លាមៗ​បន្ទាប់ពី​បក្ស​កុម្មុយនីស្ត​របស់​ប្រទេស​នៃ​សមាគម​មួយ​នៅ​អាស៊ី​អាគ្នេយ៍​នេះ​បន្ទោស​លោក ដែល​បណ្ដោយ​ឱ្យ​មន្ត្រី​ថ្នាក់​ក្រោម​របស់​លោក​ប្រព្រឹត្ត​អំពើពុករលួយ។

នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​រដ្ឋាភិបាល​វៀតណាម ដែល​ត្រូវ​បាន​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN ចុះផ្សាយ​បន្ត​នៅ​ថ្ងៃទី​១៨ ខែ​មករា។

ការ​លាលែង​ពី​តំណែង​ដ៏​កំពូល​របស់​វៀតណាម ធ្វើឡើង​ស្រប​ពេល​ដែល​បក្ស​កុម្មុយនីស្ត​កំពុង​បើក​ការ​អង្កេត​មន្ត្រី​បក្ស និង​គណៈរដ្ឋមន្ត្រី​របស់​លោក Nguyen Xuan Phuc មួយ​ចំនួន​ដែល​សង្ស័យ​ករណី​ពុករលួយ ហើយ​ក្នុង​នោះ​មាន​ឧបនាយករដ្ឋមន្ត្រី ២​រូប និង​រដ្ឋមន្ត្រី ៣​រូប​មាន​ក្នុង​បញ្ជី​ដែល​ត្រូវ​រង​ការ​ចោទ​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ។

ក្រៅតែ​ពី​ការ​ស្ដីបន្ទោស​ទៅ​លើ​លោក Nguyen Xuan Phuc ដូចនេះ លោក​ក៏​អាច​ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​នៃ​ជន​ពុករលួយ​ដែល​ត្រូវ​កម្ចាត់​ម្នាក់​ដែរ ព្រោះ​ក្នុង​ខែ​មករា នេះ មាន​ការ​ដក​តំណែង​ឧបនាយករដ្ឋមន្ត្រី​ចំនួន​ពីរ​នាក់ រដ្ឋមន្ត្រី ៣​នាក់ និង​ចាប់​ខ្លួន​អ្នក​ទទួល​ខុសត្រូវ​ជាន់ខ្ពស់​ជាច្រើន​នាក់​នៅ​ក្នុង​យុទ្ធនាការ​បោស​សម្អាត​ជន​ពុករលួយ។

លោក Nguyen Xuan Phuc បាន​កាន់​តំណែង​ប្រធានាធិបតី​មិន​ដល់ ២​ឆ្នាំ​នោះ​ទេ បន្ទាប់ពី​លោក​ទើប​ទទួល​បាន​តំណែង​នេះ​ក្នុង​ឆ្នាំ​២០២១។ លោក​ធ្លាប់​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ចំនួន ៥​ឆ្នាំ​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២១។ លោក Nguyen Xuan Phuc នៅ​ឆ្នាំ​នេះ​មាន​អាយុ ៦៨​ឆ្នាំ។

នៅ​វៀតណាម ជន​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​កម្រ​នឹង​រួច​ខ្លួន​ណាស់។ មិន​ថា​ឡើយ​អ្នក​មាន​បុណ្យស័ក្តិ ប្រធានាធិបតី នាយករដ្ឋមន្ត្រី ឬ​ប្រធាន​រដ្ឋសភា ឬ​អគ្គលេខាបក្ស សុទ្ធតែ​ប្រឈម​នឹង​ការ​ដក​ហូត ឬ​ជាប់​ចោទ​ថា​មាន​ទោស។

កាលពី​ឆ្នាំ​២០១៩ អតីត​រដ្ឋមន្ត្រី ២​រូប​រង​ការ​ចោទ​ពី​បទ​ចាត់ចែង​ចំណាយ​សាធារណៈ​មិន​ត្រឹមត្រូវ។ អតីត​រដ្ឋមន្ត្រី ២​រូប​នោះ​ត្រូវ​ចោទ​ថា​មាន​ផែនការ​ប្រើ​ប្រាក់​រដ្ឋ​រាប់​លាន​ដុល្លារ​អាមេរិក​មិន​ត្រឹមត្រូវ ដោយ​ចង់​យក​ថវិកា​រដ្ឋ​ទៅ​ទិញ​ក្រុមហ៊ុន​ទូរទស្សន៍​ឯកជន​មួយ។

វៀតណាម​បាន​ចាប់​បើក​អង្កេត​ប្រឆាំង​នឹង​អតីត​រដ្ឋមន្ត្រី ២​រូប​នេះ គឺ​លោក Truong Minh Tuan និង​លោក Nguyen Bac Son ពី​បទ​សង្ស័យ​រំលោភ​វិន័យ​ក្នុង​ការ​ចាត់ចែង និង​ប្រើប្រាស់​ថវិកា​សាធារណៈ​នាំ​ឱ្យ​មាន​ភាព​មិន​ប្រក្រតី។ នេះ​បើ​តាម​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម ឬ​ក្រសួង​នគរបាល​ជាតិ។

ការ​ចាប់​ខ្លួន​អតីត​រដ្ឋមន្ត្រី​ទាំង​ពីរ​រូប​នោះ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​វៀតណាម​កំពុង​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ​យ៉ាង​សកម្ម។ យុទ្ធនាការ​នេះ​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៦ មក និង​បាន​សម្រេច​នាំ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​ប្រធាន​ធនាគារ អ្នកជំនួញ​ធំៗ និង​អ្នក​ទទួល​ខុសត្រូវ​ក្រុមហ៊ុន​រាប់​សិប​នាក់ ដែល​សុទ្ធតែ​មាន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ។

កាលពី​ឆ្នាំ​២០១៨ លោក Nguyễn Bắc Son អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​វៀតណាម ជា​កម្មាភិបាល​បក្ស​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​ក្នុង​គណៈកម្មការ​កណ្តាល​របស់​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន។

ការ​សម្រេច​កាត់ទោស​ជន​នោះ​ក្នុង​ទោស​ឧក្រិដ្ឋ​ជាប់​ពន្ធនាគារ​ចំនួន ១៤​ឆ្នាំ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ មន្ត្រី​រដ្ឋការ​ដែល​ឃុបឃិត​ក្នុង​ការ​ទទួល​ប្រាក់​សូកប៉ាន់​ជាង ១០​នាក់​ទៀត ត្រូវ​ទទួល​ទោស​ចាប់ពី ២​ឆ្នាំ​រហូត​ដល់ ២៣​ឆ្នាំ។ សំណុំរឿង​ពុករលួយ​នេះ​ទាក់ទង​នឹង​ការ​ទិញ​ក្រុមហ៊ុន​សោតទស្សន៍​ឯកជន ដែល​បាន​បណ្តាល​នាំ​ឱ្យ​ខាតបង់​ថវិកា​រដ្ឋ​ប្រមាណ​ជាង ៣០០​លាន​ដុល្លារ។

ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​ដែល​បក្ស​កុម្មុយនីស្ត​ដាក់​ចុះ​នៅ​ឆ្នាំ​២០១៦ រហូត​មក​ដល់​ឆ្នាំ​២០២២ មន្ត្រី​រដ្ឋការ រដ្ឋមន្ត្រី និង​ក្រុម​ឈ្មួញ​រាប់​រយ​នាក់ ត្រូវ​បាន​កាត់ទោស។ ជន​ជាប់ចោទ​មិន​ត្រឹម​មាន​ទោស​ក្នុង​ពន្ធនាគារ​នោះ​ទេ គឺ​ទ្រព្យសម្បត្តិ​ទាំងអស់​ត្រូវ​រឹបអូស​ថែម​ទៀត។

ចំពោះ​ករណី​បទល្មើស​ពុករលួយ​នៅ​ក្នុង​របប​សង្គម​និយម​វៀតណាម ពលរដ្ឋ​វៀតណាម​ភាគច្រើន​សង្ឃឹម​ថា​ប្រព័ន្ធ​យុត្តិធម៌​នឹង​ស្រាវជ្រាវ​វែក​មុខ​ជនល្មើស​រហូត​ដល់​ទីបំផុត ទើបត្រូវ​ចាប់​ខ្លួន និង​ផ្ដន្ទាទោស ទោះ​ជន​នោះ​ជា​ថ្នាក់​ដឹកនាំ​កំពូលៗ ឬ​ជា​ថ្នាក់​ដឹកនាំ​រដ្ឋ​ក៏ដោយ ប្រសិនបើ​ពួកគេ​បាន​ប្រព្រឹត្ត​អំពើពុករលួយ គឺ​មិន​អាច​លើកលែង​ក្នុង​ករណី​ពិសេស​ណា​មួយ​ឡើយ ទោះជា​កម្មាភិបាល​នោះ​មាន​គុណសម្បត្តិ​ជួយ​ប្រទេស​យ៉ាងណា​ក៏ដោយ។

វៀតណាម​ជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ជាងគេ​មួយ​នៅ​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​ប្រទេស​កុម្មុយនីស្ត​នេះ​ក៏​រួមរឹត​ដោយ​អំពើពុករលួយ​ខ្លាំង​ណាស់​ដែរ។ បើ​តាម​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) ក្នុង​ចំណោម​ប្រទេស​ទាំង ១៨០ វៀតណាម​ជាប់​លំដាប់​លេខ​១១៧ ផ្នែក​ប្រព្រឹត្ត​អំពើពុករលួយ។

វៀតណាម ត្បិត​ជា​ប្រទេស​កុម្មុយនីស្ត​មែន តែ​ប្រទេស​នេះ​មិន​ផ្ដល់​ឱកាស​ឱ្យ​មេដឹកនាំ​កំពូលៗ រួម​ទាំង​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​កាន់​អំណាច​ដុះ​ស្នឹម​នោះ​ទេ។ រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នេះ​បាន​កំណត់​អាណត្តិ​តំណែង​ពីរ​នេះ​មាន​រយៈពេល​តែ ២​អាណត្តិ​ប៉ុណ្ណោះ ហើយ​មួយ​អាណត្តិ​មាន​រយៈពេល ៥​ឆ្នាំ និង​ដល់​ឆ្នាំ​ត្រូវ​ចូល​និវត្តន៍។ ការ​ជ្រើសតាំង​តំណែង​ធំ​ទាំង​ពីរ​នេះ​ចេញពី​បក្ស​ផង និង​ចេញពី​សមាជិក​សភា​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស