29 C
Phnom Penh

តុលាការ​លើកលែង​ការ​ចោទប្រកាន់​និង​បន្ថយ​ទោស​អតីត​មន្ត្រី​ផ្កាយ​២​ម្នាក់​ដែល​ប្រើ​ហិង្សា​លើ​ស្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​ខេត្ត​កំពង់ស្ពឺ បាន​លើកលែង​ការ​ចោទប្រកាន់ និង​បន្ធូរ​បន្ថយ​ទោស​ដល់​អតីត​មន្ត្រី​យោធា​ផ្កាយ​២​ម្នាក់ ដែល​បាន​ចាប់​បង្ខាំង និង​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​កាលពី​ដើម​ឆ្នាំ​២០២១។

យោង​តាម​ដីកា​របស់​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ លោក ស៊ លីនណា ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២២ សម្រេច​ឲ្យ​ឈ្មោះ សូយ ចាន់សឿន ឬ ទេស ចាន់សឿន ហៅ​វ៉ា រួច​ផុត​ពី​បទ​ចោទប្រកាន់​ពី​បទ «បង្ខាំង​ដោយ​ខុស​ច្បាប់» ប្រព្រឹត្ត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល និង​ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២១។

ចំណែក​ទោស​ដែល​កាត់​ឲ្យ​ឈ្មោះ សូយ ចាន់សឿន ជាប់​ពន្ធនាគារ ៣​ឆ្នាំ​នោះ គឺ​តុលាការ​សម្រេច​ឲ្យ​អនុវត្ត​ក្នុង​ពន្ធនាគារ​តែ ១​ឆ្នាំ ៦​ខែ ដោយ​ទោស​នៅ​សល់​ត្រូវ​ព្យួរ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦​លាន​រៀល​ពី​បទ «ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស» ប្រព្រឹត្ត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល និង​នៅ​ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២១។

ដីកា​ដដែល​ក៏​បាន​បង្គាប់​ឲ្យ​ឈ្មោះ សូយ ចាន់សឿន សង​សំណង​ថ្លៃ​ព្យាបាល​របួស​ជា​ប្រាក់​ចំនួន ១​ម៉ឺន​ដុល្លារ និង​សង​សំណង​ជំងឺ​ចិត្ត​ចំនួន ៥​ពាន់​ដុល្លារ ទៅ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ឈ្មោះ ឌួង ហេម៉ាលីស។

អតីត​មន្ត្រី​យោធា​ផ្កាយ​២ នៅ​ក្រសួង​ការពារ​ជាតិ​ឈ្មោះ សូយ ចាន់សឿន ឬ ទេស ចាន់សឿន ហៅ​វ៉ា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ និង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​កាត់ទោស បន្ទាប់ពី​ស្ត្រី​ម្នាក់​ឈ្មោះ ឌួង ហេម៉ាលីស ប្តឹង​ពី​បទ «ចាប់​បង្ខាំង និង​ប្រើ​ហិង្សា» កាលពី​ខែ​មករា ឆ្នាំ​២០២១។

ប៉ុន្តែ​តុលាការ​ខេត្ត​កំពង់ស្ពឺ បាន​សម្រេច​លើកលែង​ការ​ចោទប្រកាន់ និង​បន្ធូរ​បន្ថយ​ទោស​ដោយ​ឲ្យ​អតីត​មន្ត្រី​យោធា​ផ្កាយ​២ នៅ​ក្រសួង​ការពារ​ជាតិ ឈ្មោះ សូយ ចាន់សឿន ចេញពី​ពន្ធនាគារ​បាន​វិញ។

បើ​តាម​សារព័ត៌មាន​របស់​បុរស​ខ្លាំង លោក ហ៊ុន សែន Fresh News ឲ្យ​ដឹង​ថា អតីត​មន្ត្រី​យោធា​ផ្កាយ​២ ឈ្មោះ សូយ ចាន់សឿន ក៏​ស្ថិត​នៅ​ក្នុង​សំណុំរឿង «ប្រើ​អំពើ​ហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត និង​បទ​បរិហារ​បង្កាច់​កេរ្តិ៍» មួយ​ទៀត​ដែរ ដែល​កំពុង​ស្ថិតនៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ដែល​សំណុំរឿង​នេះ​មាន​បុគ្គល ២​នាក់​ជា​អ្នក​ប្ដឹង។

ជុំវិញ​ករណី​ហិង្សា​នេះ អតីត​អភិបាលរង​ខេត្ត​កែប លោក ភូ លិ ក៏​ត្រូវ​បាន​តុលាការ​ចោទប្រកាន់ និង​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន បន្ទាប់ពី​អតីត​អភិបាលរង​រូប​នេះ​ថា​បាន​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​បណ្តាល​ឲ្យ​រង​របួស​បែក​ក្បាល​ក្នុង​ពិធី​ជប់លៀង​មួយ កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២២។

ក្រោយពី​មាន​ការ​ប្រើប្រាស់​ហិង្សា​លើ​ស្ត្រី​ដែល​ជា​មន្ត្រី​ពន្ធនាគារ​នៅ​ពេល​នោះ លោក ហ៊ុន សែន ក៏​បាន​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២២ ដក​តំណែង​អភិបាលរង​ខេត្ត​រូប​នេះ​បន្ទាប់ពី​មាន​សំណើ​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង។

ប៉ុន្តែ​ចាប់ពី​ថ្ងៃ​កើតហេតុ​មក​ដល់​ពេលនេះ សមត្ថកិច្ច​មិន​ទាន់​ចាប់​ខ្លួន​អតីត​អភិបាលរង​ខេត្ត​កែប បាន​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​លើក​ហេតុផល​ថា​លោក ភូ លិ រត់​គេច​ខ្លួន​បាត់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស