30 C
Phnom Penh

មន្ត្រី​នគរបាល​ខេត្ត​បាត់ដំបង​ចោទ​ស្នងការ​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​និង​បក្ខពួក​និយម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​នគរបាល​ខេត្ត​បាត់ដំបង បាន​ចោទ​លោក សាត គឹមសាន ស្នងការ​នគរបាល​ខេត្ត​នេះ​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ និង​តែងតាំង​មន្ត្រី​ដែល​ជា​បក្ខពួក​ជិតស្និទ្ធ​ខ្លួន ឲ្យ​ចូល​កាន់​តំណែង​សំខាន់ៗ ដើម្បី​ងាយស្រួល​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​បនល្បែង​ស៊ីសង និង​ការ​រកស៊ី​គ្រឿងញៀន​នៅ​តាម​មូលដ្ឋាន​ក្នុង​ខេត្ត​នេះ។

មន្ត្រី​នគរបាល​មួយ​ចំនួន​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​តាម​អធិការដ្ឋាន​នគរបាល​ស្រុក-ក្រុង​នានា​នៃ​ខេត្ត​បាត់ដំបង បាន​ចោទ​លោក សាត គឹមសាន ថា​បាន​ដោះដូរ​តួនាទី​ពួកគាត់​តាម​ទំនើង​ចិត្ត ហើយ​ដាក់​ជំនួស​មន្ត្រី​ណា​ដែល​ត្រូវ​ជា​បក្ខពួក​របស់​ខ្លួន នាំ​ឲ្យ​ពួកគាត់​មិន​សប្បាយ​ចិត្ត​ចំពោះ​ទង្វើ​របស់​ស្នងការ​នគរបាល​រូប​នេះ​ទេ។

មន្ត្រី​នគរបាល​មួយ​ចំនួន​ដែល​ត្រូវ​លោក សាត គឹមសាន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ដក​តួនាទី និង​មន្ត្រី​ខ្លះ​ទៀត​ត្រូវ​លោក​ស្នងការ​រូប​នេះ​បិទ​មិន​ដាក់​ការងារ​ឲ្យ​ធ្វើ ទាមទារ​ឲ្យ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​បញ្ហា​នេះ។

ពួកគេ​និយាយ​ថា ស្នងការ​រូប​នេះ​បាន​ដាក់​មន្ត្រី​ជា​បក្ខពួក​របស់​ខ្លួន​ទាំង​នៅ​តាម​អធិការដ្ឋាន​នគរបាល​ស្រុក-ក្រុង និង​នៅ​ក្នុង​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង តាម​ទំនើង​ចិត្ត។

ក្នុង​នោះ លោក សាត គឹមសាន បាន​ជួយ​ជ្រោមជ្រែង​ឲ្យ​មិត្តភក្ដិ​ជិតស្និទ្ធ​របស់​លោក​ឡើង​តួនាទី​ពី​នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន សេដ្ឋកិច្ច ដោយ​ដំឡើង​ឋានៈ​មក​ជា​ស្នងការរង​ទទួល​បន្ទុក​ផ្នែក​បទល្មើស​គ្រឿងញៀន និង​សេដ្ឋកិច្ច ដើម្បី​ងាយស្រួល​សហការ​រក​ប្រាក់​ចំណូល​ជាមួយ​គ្នា​ដោយ​រលូន។

ប្រភព​ពី​មន្ត្រី​នគរបាល​ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា លោក សាត គឹមសាន បាន​ប្រើ​តួនាទី​របស់​ខ្លួន​ដក​មន្ត្រី​នគរបាល​ចាស់ៗ ឬ​មន្ត្រី​ជំនាន់​មុន​ដែល​ជា​នាយការិយាល័យ​រង នាយការិយាល័យ នាយ​ផ្នែក ឬ​នាយរង​ផ្នែក ហើយ​ដាក់​ជំនួស​វិញ​មន្ត្រី​ក្មេងៗ​ដែល​ត្រូវ​ជា​កូនក្មួយ​របស់​លោក ហើយ​សកម្មភាព​នេះ​ទំនង​ដើម្បី​ឲ្យ​ស្នងការ​រូប​នេះ​មាន​ទំនុក​ចិត្ត​ជួយ​បិទ​បាំង​រឿង​អាស្រូវ​ពុករលួយ​របស់​ខ្លួន មិន​ឲ្យ​បែកធ្លាយ​មក​ខាងក្រៅ​ជាដើម។

យ៉ាងណា The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​លោក សាត គឹមសាន ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​ពី​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​របស់​លោក​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ពុធ ទី​២៥ ខែ​មករា ឆ្នាំ​២០២៣ នេះ។

ដោយឡែក​ប្រជាពលរដ្ឋ​រស់នៅ​តាម​ស្រុក-ក្រុង​មួយ​ចំនួន ជាពិសេស​ពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹង​ដែរ​ថា រាល់​ថ្ងៃ​នេះ បទល្មើស​ល្បែងស៊ីសង​ជាច្រើន​ប្រភេទ​រួម​មាន ឆ្នោត​កន្ទុយ​លេខ ល្បែង​បៀ ជល់​មាន់ ក្រុម​ក្មេង​ទំនើង ជាពិសេស​បទល្មើស​គ្រឿងញៀន គឺ​បាន​បន្ត​ធ្វើ​សកម្មភាព​ក្នុង​មូលដ្ឋាន​នេះ ដោយ​សមត្ថកិច្ច​ចុះ​បង្ក្រាប​មិនទាន់​មាន​ប្រសិទ្ធភាព​ទេ។

ទោះបី​ថ្មីៗ​នេះ លោក ស ខេង ជាពិសេស​លោក ហ៊ុន សែន បាន​បន្ត​ដាក់​បទបញ្ជា​ក្តៅ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​នៅ​តាម​បណ្តា​រាជធានី-ខេត្ត​ទូទាំង​ប្រទេស ចុះ​បង្ក្រាប​បទល្មើស​ទាំងនោះ​ឲ្យ​មាន​ប្រសិទ្ធភាព និង​គំរាម​ដក​តួនាទី​មន្ត្រី​ថ្នាក់​ដឹកនាំ​តាម​ស្ថាប័ន​ជំនាញ​នីមួយៗ​បែប​ណា​ក្តី ក៏ប៉ុន្តែ​មន្ត្រី​ទាំងនោះ​មិន​បាន​អនុវត្ត​តាម​បទបញ្ជា​ទាំងនោះ​ទេ។

ក្រុម​អ្នក​រិះគន់​និយាយ​ថា គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ទាំង ៩​ចំណុច ដែល​លោក ហ៊ុន សែន បាន​ដាក់​ចេញ គឺ​សាប​ដូច​ទឹកទន្លេ ខណៈ​មន្ត្រី​សមត្ថកិច្ច​របស់​លោក​មិន​ព្រម​អនុវត្ត​តាម ហើយ​ខ្លះ​ទៀត​បាន​ចូលរួម​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​បនល្បែង​ស៊ីសង​នៅ​តាម​មូលដ្ឋាន​ថែម​ទៀត​នោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស