27.5 C
Phnom Penh

ឧកញ៉ា សៀង ចាន់ហេង ប្រគល់​ដី​ជាង​៥០​ហិកតារ​ឱ្យ​ប្អូនស្រី​លោក ហ៊ុន សែន វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បាន​ប្រគល់​ដី​ជាង ៥០​ហិកតារ​ឲ្យ​លោកស្រី ហ៊ុន ប៊ុនធឿន ដែល​ជា​ប្អូនស្រី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ​ក្រោយពី​លោក ជា សុផារ៉ា សម្របសម្រួល និង​ដោះស្រាយ។

យោង​តាម​កិច្ចព្រមព្រៀង​បញ្ចប់​វិវាទ​ដីធ្លី​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី​២៣ ខែ​មករា ឲ្យ​ដឹង​ថា ឧកញ៉ា សៀង ចាន់ហេង យល់ព្រម​ប្រគល់​ដី​ជម្លោះ​ទំហំ ៥០​ហិកតារ​ស្ថិត​នៅ​ភូមិ​ទួលសាលា ឃុំ​ស្អាងភ្នំ ស្រុក​ស្អាង ខេត្ត​កណ្តាល ជូន​លោកស្រី ហ៊ុន ប៊ុនធឿន ដែល​ជា​ប្អូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន និង​លោកស្រី ហៀវ លន់។

កិច្ចព្រមព្រៀង និង​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល រវាង​ឧកញ៉ា សៀង ចាន់ហេង និង​លោកស្រី ហ៊ុន ប៊ុនធឿន ត្រូវ​បាន​បញ្ចប់​ក្រោយពី​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា សម្របសម្រួល និង​ដោះស្រាយ​ដោយ​ផ្ទាល់។

ចំណែក​ពាក្យ​បណ្ដឹង​ដែល​ដាក់​នៅ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​តុលាការ​នោះ ភាគី​ទាំង​ពីរ​បាន​យល់ព្រម​ដក ព្រមទាំង​សំណុំរឿង​រក្សា​ការពារ​ទាំងអស់​យ៉ាង​យូរ​ពីរ​សប្ដាហ៍។

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​លិខិត​មួយ​កាលពី​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២៣ ដោយ​បញ្ជាក់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​អភិបាល​ខេត្ត​កណ្តាល ថា​ស្ថាប័ន​នេះ​បាន​ប្រគល់​សមត្ថកិច្ច​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល នាំ​ខ្លួន​ជនល្មើស​ឈ្មោះ សៀង ចាន់ហេង និង​បក្ខពួក​បញ្ជូន​ទៅ​តុលាការ​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់ និង​ផ្ដន្ទាទោស​ដោយ​មិន​លើកលែង ដោយសារតែ​បុគ្គល​រូប​នេះ និង​គូកន​បាន​ប្រើប្រាស់​ឯកសារ​ក្លែង​បន្លំ ដើម្បី​កាន់កាប់​អចលនវត្ថុ​របស់​ឈ្មោះ ហ៊ុន ប៊ុនធឿន និង​ឈ្មោះ ហៀវ លន់ នៅ​ភូមិ​ទួលសាលា ឃុំ​ស្អាងភ្នំ ស្រុក​ស្អាង ខេត្ត​កណ្ដាល។

រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​រដ្ឋបាល​ខេត្ត​កណ្តាល ប្រើប្រាស់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កណ្ដាល កាលពី​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២២។

លិខិត​នោះ​បញ្ជាក់​ថា ឈ្មោះ ហ៊ុន ប៊ុនធឿន និង​ឈ្មោះ ហៀវ លន់ ជា​ម្ចាស់​កម្មសិទ្ធិ​ត្រឹមត្រូវ​តាម​ច្បាប់ និង​ចាត់ចែង​ប្រគល់​ដី​ពាក់ព័ន្ធ​ក្នុង​គម្រោង​ផែនការ​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​របស់​រាជរដ្ឋាភិបាល ដើម្បី​ទទួល​ប្រាក់​គោលនយោបាយ និង​បិទ​បញ្ចប់​ការ​សើរើ​ករណី​នេះ​ផង​ដែរ។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​ករណី​នេះ​ពី​អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី លោក សេង ឡូត និង​លោក ឡោ ដាវុធ បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។

ជុំវិញ​វិវាទ​នេះ​ដែរ កាលពី​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៣ ក៏​លោក ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​ប្រកាស​លុប​ចោល ស.ជ.ណ ដែល​ចុះ​កាលពី​ថ្ងៃទី​៥ ខែ​មករា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស