38 C
Phnom Penh

CCIM៖ អ្នក​សារព័ត៌មាន VOD តែង​ប្រឈម​នឹង​ការ​គំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ​គ្រប់​រូបភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ថា​អ្នក​សារព័ត៌មាន​នៃ​អង្គភាព​សារព័ត៌មាន វីអូឌី (VOD) តែងតែ​ប្រឈម​នឹង​ការ​គំរាម​កំហែង​តាម​រូបភាព​ផ្សេងៗ និង​ការ​រឹតត្បិត​តាម​វិធី​ជាច្រើន​ពី​សំណាក់​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​កម្ពុជា។

លោក ប៉ា ងួនទៀង ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បញ្ចេញ​សុន្ទរកថា​របស់​ខ្លួន​ក្នុង​ពិធី​ប្រារព្ធ​ខួប ២០​ឆ្នាំ​នៃ​ការ​បង្កើត​អង្គភាព​សារព័ត៌មាន វីអូឌី កាលពី​ថ្ងៃ​អង្គារ ទី​៣១ មករា ថា ការ​ប្រឈម ការ​ប្រថុយប្រថាន និង​ការ​ពុះពារ​ឧបសគ្គ​គ្រប់​បែប​យ៉ាង មិនមែន​ដើម្បី​តែ​ឱ្យ​អង្គភាព​សារព័ត៌មាន វីអូឌី អាច​ដំណើរការ​បាន​ទៅ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើម្បី​ជំរុញ​ឱ្យ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ផង និង​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា​ផង និង​ដើម្បី​លើកស្ទួយ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ផង​ដែរ ជាពិសេស​គឺ​ដើម្បី​ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​តាមរយៈ​នៃ​ការ​ផ្តល់​នូវ​ព័ត៌មាន​ពិត​ពី​តថភាព​សង្គម​កម្ពុជា​ជាក់ស្តែង។

លោក ប៉ា ងួនទៀង លើកឡើង​ថា ថ្វីត្បិតតែ​រូបលោក​រង​នូវ​ការ​ចាប់​ខ្លួន ហើយ​អ្នក​សារព័ត៌មាន វីអូឌី រង​នូវ​ការ​គំរាមកំហែង ប៉ុន្តែ​លោក​នៅតែ​មាន​មោទកភាព​ចំពោះ​ការងារ​ដែល​ខ្លួន​បាន​ធ្វើ​កន្លងមក ព្រោះ​ទុក្ខ​លំបាក​របស់​លោក និង​សហការី​ផ្សេង​ទៀត​អាច​ដោះដូរ​មក​វិញ​នូវ​ការ​ទទួលស្គាល់​ពី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ថា វីអូឌី គឺជា​អង្គភាព​ឯករាជ្យ និង​អនុវត្ត​តាម​វិជ្ជាជីវៈ​សារព័ត៌មាន​បាន​ត្រឹមត្រូវ​ចំពោះ​ស្តង់ដារ​ការងារ​របស់​ខ្លួន​រហូត​មក។

នៅ​ឆ្នាំ​២០០៧ វីអូឌី បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ក្នុង​បំណង​ស្នើសុំ​ហ្វ្រេកង់​វិទ្យុ​ដើម្បី​បើក​ស្ថានីយ​ផ្សព្វផ្សាយ​ព័ត៌មាន និង​កម្មវិធី​នានា ប៉ុន្តែ​ត្រូវ​ក្រសួង​ព័ត៌មាន​បដិសេធ​ក្រោម​ហេតុផល​ថា អស់​ហ្រេ្វកង់ ស្រប​ពេល​ដែល​ស្ថានីយ​វិទ្យុ​ថ្មីៗ​ជាច្រើន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​បាន​បើក​ដំណើរការ​ជាបន្តបន្ទាប់។

រហូត​ដល់​ឆ្នាំ​២០១៥ វីអូឌី បាន​ចាប់ផ្តើម​ដំណើរការ​ផ្សាយ​កម្មវិធី​របស់​ខ្លួន​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​បាន​សិទ្ធិ​ផ្សព្វផ្សាយ ប៉ុន្តែ​ត្រូវ​ក្រសួង​ព័ត៌មាន​លុប​សិទ្ធិ​គ្រប់គ្រង​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ឯកជន​នោះ​វិញ បន្ទាប់ពី​ខ្លួន​បាន​ផ្សព្វផ្សាយ​ត្រឹមតែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ ក្រៅពី​នេះ ស្ថានីយ​វិទ្យុ​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ដែល​បាន​សហការ​ផ្សាយ​កម្មវិធី វីអូឌី ក៏​ត្រូវ​បាន​ហាមឃាត់​ដោយ​រដ្ឋាភិបាល​កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០១៧ ផង​ដែរ។

ដោយសារតែ​មាន​ឧបសគ្គ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​បែប​នេះ ថ្នាក់​ដឹកនាំ វីអូឌី ក៏​បាន​គិតគូរ​អំពី​លទ្ធភាព​នៃ​ការ​ផ្សាយ​តាម​អនឡាញ​ចាប់តាំងពី​ឆ្នាំ​២០០៩ រហូត​ដល់​សព្វថ្ងៃ​នេះ។

ទោះបី វីអូឌី អាច​ដំណើរការ​របស់​ខ្លួន​បាន​ក៏ដោយ ក៏​ការ​គំរាមកំហែង​នៅ​មិនទាន់​បញ្ចប់​ដែរ។ ជាក់ស្តែង កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១៥ អ្នក​សារព័ត៌មាន វីអូឌី បាន​រង​នូវ​ការ​វាយដំ​ទាត់​ធាក់​រហូត​សន្លប់​នៅ​ទីលាន​ប្រជាធិបតេយ្យ។ ជាង​នេះ​ទៀត ក៏​មាន​ការ​ឃាត់​ខ្លួន និង​ការ​ប្រើ​ហិង្សា​មក​លើ​ក្រុម​ការងារ វីអូឌី នៅ​តំបន់​អភិរក្ស​សួនសត្វ​ភ្នំ​តាម៉ៅ កាលពី​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២២ ផង​ដែរ ក្នុង​នោះ​ក៏​មាន​ការ​គំរាមកំហែង​ជាច្រើន​ពី​អាជ្ញាធរ​ថែម​ទៀត។

នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា លើកឡើង​ថា ២០​ឆ្នាំ​ហើយ​ដែល វីអូឌី អាច​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពិត​ដល់​ប្រជាពលរដ្ឋ ស្រប​ពេល​ដែល​សម្ពាធ​នយោបាយ និង​ការ​គំរាមកំហែង​បាន​កើតឡើង​រាប់​មិន​អស់។

លោក​បន្ថែម​ថា ប៉ុន្តែ​ការ​តស៊ូ​នេះ គឺ​បញ្ជាក់​ពី​វីរភាព ការ​លះបង់ ការ​ប្ដេជ្ញាចិត្ត​ខ្ពស់​របស់​ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង ផង​ដែរ ដែល​ជា​គំរូ​មួយ​សម្រាប់​អ្នក​ជំនាន់​ក្រោយ​រៀនសូត្រ និង​យក​គំរូ​តាម។

ទិន្នន័យ​សង្គម​ស៊ីវិល​បាន​លាតត្រដាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចាប់តាំងពី​ឆ្នាំ​១៩៩៤ មក យ៉ាងហោចណាស់​អ្នក​សារព័ត៌មាន​ជិត ២០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ប្រទេស​កម្ពុជា ក្នុង​នោះ​ស្ទើរតែ​គ្រប់​ករណី​ទាំងអស់ ជនរងគ្រោះ​ត្រូវ​បាន​ផ្តាច់​ជីវិត​ក្នុង​ពេល​កំពុង​បំពេញ​ការងារ ជាពិសេស​នៅ​ពេល​ដែល​អ្នក​ទាំងនោះ​ស៊ើបអង្កេត​ទៅ​លើ​បញ្ហា​រសើប​នានា ដូចជា​បញ្ហា​អំពើពុករលួយ និង​រឿង​នយោបាយ​ដែល​ទាក់ទិន​ទៅ​នឹង​ការ​ដឹកនាំ​គ្មាន​តម្លាភាព​របស់​រដ្ឋាភិបាល​ឯក​បក្ស​បច្ចុប្បន្ន។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៤២ ក្នុង​ចំណោម​ប្រទេស​១៨០ ដែល​ជា​ចំណាត់ថ្នាក់​ដ៏​អាក្រក់​មួយ ក្រោយ​គេ​រក​ឃើញ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​ត្រូវ​បាន​បំផ្លិចបំផ្លាញ និង​បោស​សម្អាត​ដោយ​រដ្ឋាភិបាល​កម្ពុជា ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ រហូត​មក ដែល​ធ្វើ​ឱ្យ​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​បន្ត​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ដល់​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស