បុរសជនជាតិវៀតណាម ២នាក់ដែលមានដើមកំណើតនៅខេត្តនីញប៊ីញ ប្រទេសវៀតណាម ទទួលបានការផ្ដល់សញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម និងប្ដូរឈ្មោះថ្មីជាលំនាំឈ្មោះខ្មែរ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទូលថ្វាយទៅព្រះមហាក្សត្រ។
ក្នុងព្រះរាជក្រឹត្យចុះហត្ថលេខាដោយប្រមុខរដ្ឋស្ដីទី លោក ប៊ិន ឈិន កាលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ដែលទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈ បានឲ្យដឹងថា លោក ង្វៀន វណ្ណឌ័ន (Nguyen Van Doan) អាយុ ៣៣ឆ្នាំ ដែលជាជនជាតិវៀតណាម សញ្ជាតិវៀតណាម រស់នៅខេត្តនីញប៊ីញ សាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ តទៅ។
ចំណែកលោក ហ្វាន វណ្ណហ្ស៊ុង (Phan Van Dung) អាយុ ២៩ឆ្នាំ ដែលជាជនជាតិវៀតណាម សញ្ជាតិវៀតណាម រស់នៅខេត្តនីញប៊ីញ ដូចគ្នា ក៏បានទទួលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ តទៅដែរ។
ព្រះរាជក្រឹត្យដដែល ឲ្យដឹងថា បុរសជនជាតិវៀតណាម ២នាក់នេះក៏ត្រូវបានប្ដូរឈ្មោះវៀតណាម មកប្រើជាឈ្មោះជនជាតិខ្មែរផងដែរ ក្នុងនោះឈ្មោះ ង្វៀន វណ្ណឌ័ន (Nguyen Van Doan) បានដាក់ជំនួសមកវិញនូវឈ្មោះ ប៊ុន សំណាង ខណៈឈ្មោះ ហ្វាន វណ្ណហ្ស៊ុង (Phan Van Dung) បានដាក់ជំនួសមកវិញនូវឈ្មោះ លឹម វាសនា ហើយការផ្ដល់សញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មដល់បុរសជនជាតិវៀតណាមខាងលើនេះ ធ្វើឡើងតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ច្បាប់ស្ដីពីសញ្ជាតិថ្មីឆ្នាំ២០១៨ ត្រង់មាត្រា២២ បានចែងថា ជនបរទេសណាដែលផ្តល់ថវិកាដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គម ឬវិស័យមនុស្សធម៌នៅកម្ពុជា ជនបរទេសនោះអាចស្នើសុំសញ្ជាតិខ្មែរ ប៉ុន្តែមិនបានចែងពីចំនួនទឹកប្រាក់ជាក់លាក់ដែលតម្រូវឲ្យជនបរទេសបរិច្ចាគ មុននឹងស្នើសុំសញ្ជាតិខ្មែរឡើយ ខណៈចំនួនទឹកប្រាក់ដែលត្រូវបរិច្ចាគ គឺត្រូវកំណត់ដោយអនុក្រឹត្យផ្សេងវិញ។
បែបនេះក្តី ច្បាប់ចាស់ឆ្នាំ១៩៩៦ បានកំណត់ចំនួនទឹកប្រាក់ដោយចែងក្នុងមាត្រា១២ ថា ជនបរទេសណាដែលបានបរិច្ចាគថវិកា ១ពាន់លានរៀលឡើងទៅដើម្បីស្ដារ និងកសាងសេដ្ឋកិច្ចកម្ពុជា ជនបរទេសនោះអាចស្នើសុំសញ្ជាតិខ្មែរបាន ហើយជនបរទេសទាំងនោះត្រូវបំពេញតាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រាទី១ ដល់មាត្រាទី៨ នៃច្បាប់ស្ដីពីសញ្ជាតិ។
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៨៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើសារាចរណែនាំស្ដីពីការអនុវត្តគោលនយោបាយចំពោះអាណិកជនវៀតណាមនៅកម្ពុជា ដែលតម្រូវឲ្យរដ្ឋាភិបាលកម្ពុជាផ្តល់ដីធ្លី ទីជម្រក ផ្តល់អត្តសញ្ញាណប័ណ្ណ ថែរក្សា និងផ្គត់ផ្គង់ឲ្យបានត្រឹមត្រូវ ហើយសារាចរនេះនៅតែមានសុពលភាពរហូតមកដល់សព្វថ្ងៃនេះ។
កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីញជីញ បានសុំឱ្យលោក ហ៊ុន សែន ជួយពលរដ្ឋវៀតណាមដែលកំពុងរស់នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ មកជាការរស់នៅដោយស្របច្បាប់វិញ ខណៈមេដឹកនាំកម្ពុជា លោក ហ៊ុន សែន មិនបានបដិសេធទៅនឹងសំណើនេះឡើយ។
ក្រសួងមហាផ្ទៃ កាលពីថ្ងៃចុងខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឱ្យជនអន្តោប្រវេសន៍នៅកម្ពុជា ស្របពេលដែលគេមើលឃើញថា ជនអន្តោប្រវេសន៍ដែលរស់នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ច្រើនលើសលប់សព្វថ្ងៃនេះ គឺមានតែជនជាតិវៀតណាមប៉ុណ្ណោះ។
ជនបរទេសដែលបានទទួលសញ្ជាតិខ្មែរ នឹងមានឱកាសកាន់តំណែងក្នុងជួររាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដូចពលរដ្ឋខ្មែរមានសញ្ជាតិពីកំណើតដូច្នេះដែរ លើកលែងតែឈរឈ្មោះធ្វើតំណាងរាស្ត្រ។ នេះបើតាមច្បាប់ស្ដីពីការជ្រើសតាំងតំណាងរាស្ត្រ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍សម្ដែងការព្រួយបារម្ភថា ពលរដ្ឋខ្មែរគ្រប់រូប រួមទាំងមន្ត្រីរាជការខ្មែរភាគច្រើន តែងព្រួយបារម្ភពីអធិបតេយ្យជាតិរបស់ខ្លួនដែលត្រូវបរទេសជិតខាងរំលោភបំពានតាមរយៈនយោបាយប្រជាសាស្ត្រ ដែលវៀតណាមកំពុងបង្ហូរជនជាតិរបស់ពួកគេឱ្យទៅរស់នៅលើទឹកដីកម្ពុជាសព្វថ្ងៃនេះ ខណៈរដ្ឋាភិបាលខ្មែរបានផ្តល់សញ្ជាតិឱ្យជនជាតិវៀតណាមជាបន្តបន្ទាប់។
របាយការណ៍របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញផ្សាយកាលពីដើមឆ្នាំ២០១៨ លើកឡើងថា រយៈពេល ៣ឆ្នាំពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ មានជនបរទេសចំនួន ១៥១៨នាក់បានទទួលសញ្ជាតិខ្មែរតាមរយៈសញ្ជាតូបនីយកម្ម៕