38 C
Phnom Penh

ឥណ្ឌូនេស៊ី​បញ្ជូន​ឧត្តមសេនីយ៍​ជាន់ខ្ពស់​ប្រាប់​ទៅ​របប​សឹក​ភូមា​ថា​ត្រូវ​វិល​ទៅ​រក​ប្រជាធិបតេយ្យ​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​ឥណ្ឌូនេស៊ី សម្រេច​បញ្ជូន​ឧត្តមសេនីយ៍​ជាន់ខ្ពស់​ម្នាក់​ឱ្យ​ដឹកនាំ​ប្រតិភូ​ទៅ​ប្រទេស​ភូមា ដោយ​ប្រាប់​ផ្ទាល់​ទៅ​មេដឹកនាំ​របប​សឹក​ថា ឆ្នាំ​២០២៣ នេះ ត្រូវតែ​ផ្ទេរ​អំណាច​ទៅ​រក​ប្រព័ន្ធ​ដឹកនាំ​តាម​គន្លង​ប្រជាធិបតេយ្យ​ឡើងវិញ។

នេះ​បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia នៃ​ប្រទេស​សិង្ហបុរី ដែល​បាន​ផ្សាយ​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ។

ឥណ្ឌូនេស៊ី​បញ្ជូន​ឧត្តមសេនីយ៍​ទៅ​ប្រទេស​ភូមា នៅ​ថ្ងៃទី​១ កុម្ភៈ នេះ ចំ​ពេល​ខួប ២​ឆ្នាំ​ដែល​ពួក​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដែល​ជា​ព្រឹត្តិការណ៍​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ នៃ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ជើងឯក​ប្រជាធិបតេយ្យ​អាស៊ី។

សម្រាប់​ឆ្នាំ​២០២៣ នេះ ប្រទេស​ឥណ្ឌូនេស៊ី គឺជា​ប្រធាន​សមាគម​អាស៊ាន​ដែល​ជា​សមាគម​មួយ​មាន ១០​ប្រទេស ក្នុង​នោះ​មាន​ប្រទេស​ភូមា ផង​ដែរ។ ប្រធានាធិបតី Joko Widodo ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន បាន​និយាយ​ថា ការ​បញ្ជូន​ឧត្តមសេនីយ៍​ទៅ​ជួប​ពួក​យោធា​ភូមា ព្រោះ​ឥណ្ឌូនេស៊ី​ធ្លាប់​ឆ្លងកាត់​ការ​គ្រប់គ្រង​របស់​ពួក​យោធា​ដែរ។ ឥណ្ឌូនេស៊ី​ជា​ប្រទេស​ប្រជាធិបតេយ្យ​ធំ​ទី​៣ នៃ​ពិភពលោក តែ​ប្រទេស​នេះ​ធ្លាប់​គ្រប់គ្រង​ដោយ​មេដឹកនាំ​យោធា លោក Suharto ជាង ៣​ទសវត្សរ៍។

លោក Suharto ត្រូវ​បាន​ទម្លាក់​ពី​អំណាច​ដោយ​កម្លាំង​ប្រជាជន​នៅ​ឆ្នាំ​១៩៩៨ ហើយ​កងទ័ព​នៅ​ខាង​ប្រជាពលរដ្ឋ​ទៅវិញ។ ចាប់ពី​របប​យោធា​ដួល​រំលំ​ទៅ ប្រទេស​ឥណ្ឌូនេស៊ី​បាន​សម្រេច​ចាប់​យក​ប្រព័ន្ធ​ប្រជាធិបតេយ្យ​មួយ​រឹងមាំ។ លោក​បន្ត​ថា ឥណ្ឌូនេស៊ី​បាន​សម្រេច​ចាប់​យក​ប្រព័ន្ធ​ដឹកនាំ​ក្រោម​គោលការណ៍​ប្រជាធិបតេយ្យ​មួយ​រឹងមាំ ដោយសារតែ​មាន​ការ​បែងចែក​ច្បាស់លាស់​រវាង​អំណាច​យោធា និង​អំណាច​នៃ​ស្ថាប័ន​ស៊ីវិល។

លោក​បញ្ជាក់​ថា នៅ​ពេល​មាន​ប្រជាធិបតេយ្យ​រឹងមាំ សង្គម​ក៏​មាន​យុត្តិធម៌​ជាមួយ​នឹង​ប្រព័ន្ធ​តុលាការ​មួយ​ឯករាជ្យ អព្យាក្រឹត្យ មិន​លម្អៀង ហើយ​គ្មាន​ចំណុះ​ឱ្យ​បក្ស​កាន់​អំណាច។ លោក​ក៏​បាន​ប្រាប់​ទៅ អ្នក​សារព័ត៌មាន​ថា បញ្ហា​មួយ​ទៀត ស្ថាប័ន​រៀបចំ​បោះឆ្នោត​ត្រូវតែ​ឃ្លាត​ឆ្ងាយ​ពី​បក្ស​នយោបាយ គឺ​មិន​ត្រូវ​ចំណុះ​ឱ្យ​បក្ស​កាន់​អំណាច​ឡើយ។ បើ​ស្ថាប័ន​នេះ​នៅ​ក្រោម​បក្ស​កាន់​អំណាច ឬ​ក្រោម​ប្រព័ន្ធ​ណា​មួយ​ដែល​មាន​ឥទ្ធិពល​នោះ វា​នឹង​នាំ​ឱ្យ​ប្រជាជន និង​អ្នក​បោះឆ្នោត​គេ​មិន​ទទួលស្គាល់​លទ្ធផល​ដែល​មិន​មាន​សុក្រឹតភាព​នោះ​ទេ។

លោក​ប្រធានាធិបតី Joko Widodo បាន​ថ្លែង​ថា លោក​មាន​ការ​តាំងចិត្ត​ហើយ​ថា អាស៊ាន​មិន​ត្រូវ​ក្លាយ​ជា​ចំណាប់ខ្មាំង​របស់​ប្រទេស​ភូមា ដែល​ស្ថិត​នៅ​ក្រោម​ពួក​យោធា​នោះ​ទេ។ លោក​ព្រមាន​ថា បើ​គោលការណ៍​ប្រាំ​ចំណុច​របស់​អាស៊ាន របប​សឹក​មិន​អាច​អនុវត្ត​បាន គឺ​អាស៊ាន​ត្រូវ​រក​យន្តការ​ផ្សេង​ទៀត​មក​ជួយ​ដោះស្រាយ។

របប​សឹក​ភូមា មាន​គម្រោង​បោះឆ្នោត​ជាតិ​នៅ​ចុង​ឆ្នាំ​នេះ​ដោយ​ស្ថាប័ន​បោះឆ្នោត​នៅ​ក្រោម​របប​សឹក។

ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ អ្នកស្រី Noeleen Heyzer នៅ​ថ្ងៃទី​១ កុម្ភៈ នេះ បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​រួម​កម្លាំង​គ្នា​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ដែល​រៀបចំ​ឡើង​ដោយ​របប​សឹក​ភូមា។ អ្នកស្រី​ថា​ការ​បោះឆ្នោត​នឹង​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​សេរី និង​នយោបាយ​បើក​ចំហ​បាន​ទេ បើ​ពួក​យោធា​ជា​អ្នក​រៀបចំ​ការ​បោះឆ្នោត។

អ្នកស្រី​ព្រមាន​ថា ការ​បោះឆ្នោត​ជាតិ​នឹង​ជំរុញ​ឱ្យ​ភូមា​ធ្លាក់​ក្នុង​ភាព​ហិង្សា​កាន់តែ​ខ្លាំង អូស​បន្លាយ​ជម្លោះ​កាន់តែ​យូរ។

សេចក្តី​ថ្លែងការណ៍​របស់​ប្រេសិត​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​ភូមា អ្នកស្រី Heyzer ក៏​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ទាំងមូល ផ្តុំ​គ្នា​ជា​កម្លាំង​តែ​មួយ​ដ៏​ខ្លាំងក្លា​ប្រឆាំង​នឹង​ការ​រៀបចំ​បោះឆ្នោត​របស់​ពួក​យោធា​ភូមា។

របប​សឹក​ភូមា​យក​លេស​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ដោយ​ចោទ​ថា​បាន​លួច​បន្លំ​សន្លឹកឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ខែ​វិច្ឆិកា ឆ្នាំ​២០២០។ តែ​ការ​បោះឆ្នោត​ជាតិ​ស្នើ​ដោយ​របប​សឹក អាច​នឹង​រុញ​ភូមា​ឱ្យ​កាន់តែ​មាន​អស្ថិរភាព ព្រោះ​ប្រជាពលរដ្ឋ​មិន​អាច​បំពេញ​សេរីភាព​នយោបាយ​របស់​ខ្លួន​បាន​ពេញលេញ។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​ពី​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អង់តូនីញូ គូតារ៉េស (Antonio Guterres)។

លោក គូតារ៉េស បាន​សម្ដែង​ការ​ខ្វល់ខ្វាយ​ថា ការ​បោះឆ្នោត​សភា​នៅ​ភូមា ប្រព្រឹត្ត​ទៅ​ក្នុង​បរិបទ​ដ៏​ហិង្សា ខណៈ​យោធា​បង្កើន​ការ​ទម្លាក់​គ្រាប់បែក​យ៉ាង​សន្ធឹកសន្ធាប់ ដុត​ផ្ទះសម្បែង​ជនស៊ីវិល បន្ត​ចាប់​ខ្លួន និង​បង្ក្រាប​បំភ័យ​មេដឹកនាំ​នយោបាយ ព្រមទាំង​សកម្មជន​ស៊ីវិល និង​អ្នក​កាសែត។

ចំពោះ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បាន​ហៅ​គម្រោង​រៀបចំ​ការ​បោះឆ្នោត​របស់​ពួក​យោធា​ដែល​គ្រោង​ធ្វើឡើង​នៅ​ចុង​ឆ្នាំ​២០២៣ ថា​ជា​ការ​រៀបចំ​យុទ្ធសាស្ត្រ​ឈ្នះ​សម្រាប់​បក្ស​សម្ព័ន្ធ​របស់​ខ្លួន​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស