28 C
Phnom Penh

កម្មករ​រោងចក្រ​សិនតៃ​បារម្ភ​ខ្លាច​ថៅកែ​បញ្ឈប់​ពី​ការងារ​ដោយ​មិន​ទូទាត់​អត្ថប្រយោជន៍​ផ្សេងៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​រោងចក្រ​កាត់ដេរ​នៃ​រោងចក្រ សិនតៃ ហ្គាមិន ស្ថិត​ក្នុង​ភូមិ​ដំណាក់ សង្កាត់​គោកឃ្លាំង ខណ្ឌ​សែនសុខ ជិត ១​ពាន់​នាក់​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​មុខ​រោងចក្រ​សម្ដែង​ក្តី​បារម្ភ​ខ្លាច​ថៅកែ​បញ្ឈប់​ពួកគេ​ពី​ការងារ ដោយ​មិន​ទូទាត់​អត្ថប្រយោជន៍​ផ្សេងៗ ក្រោយពី​ថៅកែ​បាន​ព្យួរ​ការងារ​របស់​ពួកគេ​អស់​រយៈពេល ២​ខែ​មក​ហើយ​នោះ។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៦ ខែ​កុម្ភៈ ក្រុម​កម្មករ​បាន​នាំគ្នា​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​មុខ​រោងចក្រ ក្រោយពី​ថៅកែ​បាន​ព្យួរ​ការងារ​របស់​ពួកគេ​រយៈពេល ២​ខែ ដោយ​ការ​ព្យួរ​នេះ ថៅកែ​បើក​ប្រាក់​ឲ្យ​តែ​ម្នាក់ ៣០​ដុល្លារ​ប៉ុណ្ណោះ។

កម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករ​ផ្សេង​ទៀត បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ពួកគាត់​ព្រួយ​បារម្ភ​ខ្លាំង​ដោយ​ខ្លាច​ថៅកែ​បញ្ឈប់​ពី​ការងារ​មិន​ទូទាត់​អត្ថប្រយោជន៍​ផ្សេងៗ ខណៈ​ពួកគាត់​ម្នាក់ៗ​បាន​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ សិនតៃ អស់​រយៈពេល​ច្រើន​ឆ្នាំ។

កម្មករ​ទាំងនោះ​និយាយ​ថា ការ​ប្រមូលផ្ដុំ​ខាង​មុខ​រោងចក្រ​នេះ ដោយសារ​ពួកគាត់​ត្រូវ​ដល់​ថ្ងៃ​ចូល​ធ្វើ​ការងារ​វិញ ប៉ុន្តែ​ថៅកែ​មិន​ឲ្យ​ចូល​ធ្វើ​ឡើយ។ ពួកគេ​បញ្ជាក់​ថា រយៈពេល ២​ខែ​ដែល​ព្យួរ​ការងារ​នេះ ពួកគេ​ជួប​ការ​លំបាក​បញ្ហា​ជីវភាព​ខ្លាំង ដោយសារ​ថៅកែ​បើក​ប្រាក់​ឲ្យ​កម្មករ​ម្នាក់​តែ ៣០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។

កម្មការិនី​នៃ​រោងចក្រ សិនតៃ ទាំងនោះ​ស្នើ​ទៅ​ថៅកែ​ផ្លាស់ប្ដូរ​វេន​គ្នា​ធ្វើការ ដើម្បី​អាច​ឲ្យ​ពួកគេ​ទទួល​បាន​ប្រាក់​ខ្លះ​ដោះស្រាយ​បញ្ហា​ជីវភាព​គ្រួសារ ដោយ​ថា​ប្រាក់ ៣០​ដុល្លារ​ដែល​ថៅកែ​បើក​ឲ្យ​កម្មករ​អំឡុង​ពេល​ព្យួរ​នោះ មិន​អាច​ដោះស្រាយ និង​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​ពួកគេ​បាន​ឡើយ។

ប្រធាន​សហជីព​ស្មារតី​កម្មករ លោក កឹម សុភេន អះអាង​ថា កម្មករ​ដែល​ត្រូវ​ព្យួរ​ការងារ​សរុប​ជិត ១​ពាន់​នាក់​ដោយ​ការ​ព្យួរ​នេះ​ចាប់ពី​តាំង​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០២២ រហូត​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ។ លោក​បញ្ជាក់​ថា បើសិនជា​ថៅកែ​ព្យួរ​ការងារ​កម្មករ​មិន​កំណត់​ពេលវេលា​បែប​នេះ កម្មករ​នឹង​ជួប​ការ​លំបាក​កាន់តែ​ខ្លាំង។

លោក​បន្ត​ថា កម្មករ​ដែល​ធ្វើការ​នៅ​រោងចក្រ សិនតៃ មាន​អតីតភាព​ការងារ​ម្នាក់ៗ​ចន្លោះ ៧ ទៅ ១០​ឆ្នាំ ដូច្នេះ​បើ​រោងចក្រ​មាន​បញ្ហា​អ្វី​នោះ ថៅកែ​ត្រូវតែ​ដោះស្រាយ​ផល​ប្រយោជន៍​ជូន​កម្មករ​ទៅ​តាម​ផ្លូវ​ច្បាប់។

រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ សិនតៃ ហ្គាមិន មាន​កម្មករ​បម្រើ​ការងារ​សរុប ១៧០០​នាក់ ប៉ុន្តែ​នៅ​ខែ​ធ្នូ ឆ្នាំ​២០២២ ថៅកែ​រោងចក្រ​បាន​ព្យួរ​ការងារ​កម្មករ​ចំនួន​ជាង ៩០០​នាក់ ដោយ​លើក​ហេតុផល​ថា «ខ្វះ​អ្នកបញ្ជា​ទិញ»។

ក្រុម​កម្មករ​ក៏​បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ​រយៈពេល ២​ថ្ងៃ ពោល​គឺ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២២ មក​ម្ល៉េះ។ ក្រោយពី​មាន​ការ​តវ៉ា​នេះ ប្រធាន និង​សមាជិក​សហជីព ២​នាក់​ទៀត​ត្រូវ​បាន​ថៅកែ​ជនជាតិ​ចិន​ប្ដឹង​ទៅ​តុលាការ ដោយ​ទាមទារ​សំណង​ចំនួន​ជិត ៤​ម៉ឺន​ដុល្លារ​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​សង្វាក់​ផលិតកម្ម​របស់​រោងចក្រ ប៉ុន្តែ​សហជីព​បាន​ច្រានចោល​ការ​ចោទប្រកាន់​របស់​ថៅកែ​រោងចក្រ ដោយ​ចាត់ទុក​បណ្ដឹង​នេះ​ថា​ធ្វើឡើង​ក្នុង​ចេតនា​ចង់​បំបាក់​ស្មារតី និង​បំភ័យ​ពួកគេ ដើម្បី​ឲ្យ​ឈប់​ចេញ​មុខ​ដោះស្រាយ​បញ្ហា​ជូន​កម្មករ​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស