27 C
Phnom Penh

ពលរដ្ឋ​នៅ​ជាប់​ព្រលាន​យន្តហោះ​ថ្មី​ស្នើ​បញ្ឈប់​ការ​ចោទប្រកាន់​និង​បំភិតបំភ័យ​ពួកគាត់​គ្រប់​រូបភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ចំនួន ៤៧៣​គ្រួសារ​រស់នៅ​ជាប់​ព្រលាន​យន្តហោះ​ថ្មី​ដែល​កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត​ឲ្យ​បញ្ឈប់​ការ​ចោទប្រកាន់ រួម​ទាំង​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​បញ្ឈប់​ការ​បំភិតបំភ័យ​លើ​ពួកគេ​គ្រប់​រូបភាព​បន្ត​ទៀត ដោយ​ថា​ពួកគេ​រស់នៅ​លើ​ទីតាំង​បច្ចុប្បន្ន​យ៉ាងហោចណាស់​ចន្លោះ​ពី ២០ ទៅ ៣០​ឆ្នាំ។

ពលរដ្ឋ​ជិត ៥០០​គ្រួសារ​រស់នៅ​ទំនប់​៩៤ ភូមិ​អំពៅព្រៃ ឃុំ​កណ្ដោក ស្រុក​កណ្ដាលស្ទឹង និង​ភូមិ​អាចម៍កុក សង្កាត់​កំពង់សំណាញ់ ខេត្ត​កណ្តាល ត្អូញត្អែរ​ថា បច្ចុប្បន្ន​ពួកគេ​ប្រមាណ​ជា ៤៧៣​គ្រួសារ​កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញពី​លំនៅឋាន​នា​ពេល​អនាគត ដោយសារ​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​ថ្មី និង​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​រំដោះ​ទឹក​របស់​សាលា​ខេត្ត​កណ្ដាល មិន​បាន​ផ្ដល់​ព័ត៌មាន និង​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នេះ​ឲ្យ​បាន​ទូលំទូលាយ​នោះ​ទេ។

ក្រោយពី​មាន​គម្រោង​នេះ នៅ​ថ្ងៃទី​១២ និង​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២២ បុគ្គលិក​ក្រុមហ៊ុន​ព្រលាន​ប្រហែល ១៥​នាក់​អម​ដោយ​គ្រឿងចក្រ​ផង បម្រុង​នឹង​រុះរើ​រោង​ចិញ្ចឹម​សត្វ និង​ផ្ទះ​របស់​ពួកគេ ខណៈ​កាលពី​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៣ កន្លងទៅ បុគ្គលិក​ក្រុមហ៊ុន​សាងសង់​ព្រលាន​យន្តហោះ​ថ្មី និង​ប៉ូលិស​ប្រដាប់​ដោយ​អាវុធ (កាំភ្លើង​វែង) ប្រមាណ​ជា ២០​នាក់ បាន​ចុះ​រុះរើ​ផ្ទះ​របស់​ពលរដ្ឋ​ទាំង​កំរោល​ផង​ដែរ។

ពួកគេ​ស្នើ​ឲ្យ​លោក ហ៊ុន សែន អន្តរាគមន៍​ក្រុមហ៊ុន​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​ឲ្យ​បញ្ឈប់​ការ​បំភិតបំភ័យ​ពលរដ្ឋ​តាម​គ្រប់​រូបភាព បន្ទាប់ពី​បុគ្គលិក​ក្រុមហ៊ុន​បាន​ធ្វើ​សកម្មភាព​ចុះ​ល្បាត​ទាំង​យប់​ទាំង​ថ្ងៃ និង​ថត​ផ្ទះ​ពលរដ្ឋ​ស្ទើរ​រាល់​ថ្ងៃ។

ក្រៅពី​ស្នើ​លោក ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​ហើយ ពលរដ្ឋ​ទាំង ៤៧៣​គ្រួសារ ក៏​បាន​ទទូច​ទៅ​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ឲ្យ​បញ្ឈប់​ការ​ចោទប្រកាន់​លើ​ពលរដ្ឋ​ដែល​មក​រស់នៅ​ទំនប់​៩៤ ថា​រស់នៅ​អនាធិបតេយ្យ និង​ខុស​ច្បាប់​បន្ត​ទៀត ដោយ​ថា​ពួកគាត់​រស់នៅ​ទីនោះ​ស្រប​ច្បាប់​ដោយ​មាន​អាជ្ញាធរ​មូលដ្ឋាន​ដឹង​ឮ និង​មាន​ឯកសារ​សំខាន់ៗ ដូចជា​ក្នុង​សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត លិខិត​បញ្ជាក់​អាពាហ៍ពិពាហ៍ ប័ណ្ណ​បោះឆ្នោត និង​ឯកសារ​បញ្ជាក់​ពី​ការ​កាន់កាប់​ដីធ្លី ហើយ​ក៏​មាន​សាធារណជន​ទូទៅ​រស់នៅ​ក្នុង​ភូមិសាស្ត្រ​នេះ​បាន​ដឹង​ឮ​ផង​ដែរ។

ជាមួយ​គ្នា​នេះ ពួកគេ​ក៏​បាន​ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​មក​ហាម​ពលរដ្ឋ​មិន​ឲ្យ​សង់​ផ្ទះ​លើ​ដី​របស់​ពួកគេ​កំពុង​រស់នៅ និង​ជួយ​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់ និង​ធានា​សុវត្ថិភាព​ដីធ្លី និង​លំនៅឋាន​របស់​ពលរដ្ឋ​ដែល​រស់នៅ​លើ​ទំនប់​៩៤។

ការ​ស្នើ​របស់​ពលរដ្ឋ​នេះ ធ្វើឡើង​បន្ទាប់ពី​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ បាន​ចោទប្រកាន់ និង​ចាត់ទុក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ទំនប់​៩៤ ថា​ការ​រស់នៅ​លើ​ដី​បច្ចុប្បន្ន​ដោយ​ខុស​ច្បាប់ និង​អនាធិបតេយ្យ។ ប៉ុន្តែ​ការ​ចោទប្រកាន់​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ច្រានចោល ដោយ​ថា​ពួកគាត់​រស់នៅ​លើ​ដី​បច្ចុប្បន្ន​យ៉ាងហោចណាស់​ចន្លោះ​ពី ២០ ទៅ ៣០​ឆ្នាំ​ហើយ។

កាលពី​ខែ​មិថុនា ឆ្នាំ​២០២០ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ដោយ​កាត់​ដី​រដ្ឋ​ទំហំ ២៦០០​ហិកតារ​ដើម្បី​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​មួយ​នេះ​ដែល​លាតសន្ធឹង​លើ​ឃុំ​ចំនួន​៤ រួម​មាន​ឃុំ​បឹងខ្យាង ឃុំ​អំពៅព្រៃ ឃុំ​ព្រែកស្លែង ក្នុង​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល និង​ឃុំ​ពត់សរ ស្រុក​បាទី ខេត្ត​តាកែវ។

គម្រោង​នេះ​ត្រូវ​បាន​ទទួល​សិទ្ធិ​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅ​ប្រទេស​កម្ពុជា ហៅ​កាត់​ថា អូស៊ីអាយស៊ី (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ និង​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល (SSCA) ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រហែល ១៥០០​លាន​ដុល្លារ ហើយ​ត្រូវ​បាន​ព្យាករ​ថា​នឹង​សាងសង់​ឲ្យ​រួចរាល់​ក្នុង​ឆ្នាំ​២០២៣។

កាលពី​ខែ​កក្កដា ឆ្នាំ​២០២១ ក្រុម​ពលរដ្ឋ​បាន​ចេញ​លិខិត​ចំហ​មួយ​ច្បាប់​ដោយ​បញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី អូស៊ីអាយស៊ី (OCIC) របស់​លោក​ឧកញ៉ា ពុង ឃាវសែ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ឃុំ​ទាំង ៤ នោះ ដែល​មាន​ក្បាលដី​ទំហំ​ជាង ១​លាន​ម៉ែត្រ​ការ៉េ។

រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​៣៥២ ចែង​ថា សេចក្តី​ស្នើ​ទាំងឡាយ​ណា​របស់​ពលរដ្ឋ​ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស