41.3 C
Phnom Penh

សង្គម​ស៊ីវិល​និង​អ្នក​ប្រើ​បណ្ដាញ​សង្គម​រិះគន់​ការ​សង់​របង​ដូច​កំផែង​លើ​ដី​ឆ្នេរ​អូរឈើទាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គម​ស៊ីវិល និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​រិះគន់​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​សាងសង់​របង​ហ៊ុមព័ទ្ធ​តាម​បណ្ដោយ​ឆ្នេរ​អូរឈើទាល ខណៈ​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អះអាង​ថា​ការ​សាងសង់​របង​ជាប់​ឆ្នេរ​នោះ​មិន​បាន​ខុស​ច្បាប់ និង​ប៉ះពាល់​ដល់​ចំណី​ឆ្នេរ​ឡើយ។

ប៉ុន្មាន​ថ្ងៃ​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​នាំគ្នា​ចែករំលែក​តៗ​គ្នា និង​បង្ហាញ​ការ​ហួស​ចិត្ត​អំពី​រូប និង​សកម្មភាព​នៃ​ការ​សាងសង់​របង​ជញ្ជាំង​ផ្ទះ​ថ្ម​នៅ​លើ​ដី​ឆ្នេរ​អូរឈើទាល ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បែរ​ជា​មិន​មាន​វិធានការ​ច្បាប់​ទៅ​ម្ចាស់​ផ្ទះ​សង់​រំលោភ​របង​លើ​ដី​ឆ្នេរ​នោះ ទោះបីជា​មាន​ប្រតិកម្ម​ពី​សាធារណជន​ក៏ដោយ។

ជុំវិញ​រឿង​នេះ អភិបាលរង​ខេត្ត និង​ជា​អ្នក​នាំពាក្យ​សាលា​ខេត្ត​ព្រះសីហនុ លោក ឡុង ឌីម៉ង់ បាន​បដិសេធ​ចំពោះ​សំណួរ​របស់​អ្នក​សារព័ត៌មាន​ដែល​បាន​សួរ​ឈ្មោះ​ម្ចាស់​ផ្ទះ​សង់​របង​ហ៊ុមព័ទ្ធ​លើ​ដី​ឆ្នេរ​អូរឈើទាល ក្រោម​ហេតុផល​ថា ប៉ះពាល់​ដល់​សិទ្ធិ​ឯកជន​របស់​នីតិបុគ្គល។

ក្រៅពី​បដិសេធ​ប្រាប់​ម្ចាស់​ផ្ទះ​ដែល​សង់​របង​លើ​ដី​ឆ្នេរ​ហើយ លោក ឡុង ឌីម៉ង់ ថា​ម្ចាស់​ផ្ទះ​សង់​របង​ជញ្ជាំង​ថ្ម​លើ​ដី​ឆ្នេរ​នោះ​មាន​ច្បាប់​អនុញ្ញាត និង​សិទ្ធិ​កាន់កាប់​ស្រប​តាម​ច្បាប់​ផង​ដែរ។

ការ​លើកឡើង​របស់​លោក ឡុង ឌីម៉ង់ នា​ពេល​នេះ ធ្វើឡើង​ហាក់​ផ្ទុយ​ពី​ការ​ប្រកាស​របស់​លោក ហ៊ុន សែន កាលពី​ពេល​កន្លងទៅ ដែល​បាន​ជំរុញ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មោឃភាព​ចោល ឬ​លុប​ចោល​ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ បើសិនជា​វា​បាន​រំលោភ​លើ​ដី​ឆ្នេរសមុទ្រ និង​ប៉ះពាល់​ដី​ភ្នំ​ដែល​ជា​សម្បត្តិ​រដ្ឋ​នោះ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព បាន​សរសេរ​លើ​ហ្វេសប៊ុក​ដោយ​ស្នើ​ទៅ​រដ្ឋាភិបាល​ធ្វើការ​បង្ហាញ​ការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​សង្គម​ឲ្យ​សាធារណជន​បាន​ជ្រាប​ជា​ព័ត៌មាន​ផង អំពី​ការ​ធ្វើ​អនុបយោគ​ដី​សាធារណៈ​របស់​រដ្ឋ​មក​ជា​ដី​ឯកជន​របស់​រដ្ឋ​នោះ។

ក្រៅពី​បង្ហាញ​ហើយ អ្នកស្រី​ថា​រដ្ឋ​ក៏​បង្ហាញ​ចំពោះ​បុគ្គល ឬ​ស្ថាប័ន​ណា​បាន​ទទួល​ប្រយោជន៍​កម្មសិទ្ធិ និង​មូលហេតុ​ដែល​ទទួល​ដី​អនុប្រយោគ​នោះ​ផង​ដែរ។

អ្នកស្រី​កត់សម្គាល់​ថា ការ​អនុបយោគ​ជាច្រើន​បាន​ធ្វើឡើង​ក្នុង​តំបន់​ដែល​ត្រូវ​បាន​ការពារ​ជា​សម្បត្តិ​សាធារណៈ តួយ៉ាង​ព្រៃ ភ្នំ បឹង ទន្លេ និង​សមុទ្រ ដែល​រដ្ឋ​បាន​ដាក់​ចំណាត់​ដី​ជា​សាធារណៈ ដោយសារ​តែ​គុណតម្លៃ​នៃ​ធនធាន​ធម្មជាតិ​ទាំងនេះ តែ​ជា​ញឹកញយ​ត្រូវ​បាន​កែប្រែ​ជាបន្តបន្ទាប់។

អ្នកស្រី ចក់ សុភាព បង្ហាញ​ជា​ចម្ងល់ និង​ដាក់​ជា​សំណួរ​ថា តើ​ការ​បន្ត​ធ្វើ​បែប​នេះ​ពិត​ជា​ចូលរួម​អភិវឌ្ឍ​ដែរ​ឬ​យ៉ាង​ណា? ហើយ​ដើម្បី​អ្នក​ណា​ដែរ? លើស​ពី​នេះ អ្នកស្រី​ថា រដ្ឋាភិបាល​អាច​រក្សា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​បាន​ទេ បើ​ផ្តល់​គុណតម្លៃ​លើ​មុំ​សេដ្ឋកិច្ច ប៉ុន្តែ​ភាគច្រើន អ្នកស្រី​ថា​មិន​ច្បាស់​ថា​មុំ​សេដ្ឋកិច្ច​នឹង​បាន​ផល​ប្រយោជន៍​ដល់​ជាតិ​ឡើយ ផ្ទុយទៅវិញ​វា​បាន​ផល​ប្រយោជន៍​តែ​ទៅ​លើ​បុគ្គល​ឯកជន​មួយ​ចំនួន​តូច ច្រើន​ជាង​មុំ​បរិស្ថាន និង​សង្គម​នោះ។

បើ​យោង​តាម​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ អ្នកស្រី ចក់ សុភាព ថា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មិន​អាច​ជា​កម្មវត្ថុ​ទិញ​លក់​ទេ តែ​អាច​ធ្វើ​អនុបយោគ​ទៅ​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​នៅ​ពេល​បាត់បង់​ប្រយោជន៍​សាធារណៈ។

ចំពោះ​លក្ខខណ្ឌ​នៃ​ការ​អនុបយោគ​នោះ​វិញ យោង​តាម​ព្រះរាជក្រឹត្យ​លេខ​៣៣៩ ក្នុង​នោះ​ទ្រព្យសម្បត្តិ​នោះ​មិន​មាន​ផល​ប្រយោជន៍​ដល់​សាធារណៈ និង​ទី​២ ទ្រព្យសម្បត្តិ​នោះ​បាន​បាត់បង់​មុខងារ​ផល​ប្រយោជន៍​សាធារណៈ ហើយ​ទ្រព្យសម្បត្តិ​នោះ​មិន​អាច​ប្រើប្រាស់​បាន​ជា​សាធារណៈ។

ទោះបីជា​មាន​ប្រតិកម្ម​ពី​សាធារណជន​ខ្លាំង​ក៏ដោយ តែ​មក​ដល់​ពេលនេះ មហាជន​នៅ​មិន​ទាន់​ដឹង​ម្ចាស់​ផ្ទះ​សង់​របង​ជញ្ជាំង​ថ្ម​លើ​ដី​ឆ្នេរ​អូរឈើទាល ជា​នរណា​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស