28.4 C
Phnom Penh

មន្ត្រី​គយ​ស្នើ​លោក ហ៊ុន សែន ត្រួតពិនិត្យ​ការ​ដឹកនាំ​របស់​លោក គុណ ញឹម ពាក់ព័ន្ធ​អំពើពុករលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​រាជការ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សំណូមពរ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ត្រួតពិនិត្យ​ការ​ដឹកនាំ​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម ដែល​បាន​បើក​ដៃ​ឲ្យ​លោក ប៉ោ សួន ជំរិត​លុយ​ដាក់​ខែ​ពី​ក្រុមហ៊ុន​នាំចេញ​នាំចូល​នៅ​តាម​ច្រកព្រំដែន​យ៉ាង​អនាធិបតេយ្យ។

មន្ត្រី​រាជការ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ដែល​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក គុណ ញឹម សព្វថ្ងៃ​នេះ បាន​ធ្វើ​ព្យុះ​ភ្លៀង​តាម​អំពើ​ចិត្ត​ក្រោម​រូបភាព​ក្បត់​ខ្លឹមសារ​ជាច្រើន ដូចជា​ការ​បង្កើត​ឱ្យ​មាន​ក្រុម​អនុលោម ឬ​ក្រុម​ជំនួយការ​សម្រាប់​ចុះ​ត្រួតពិនិត្យ​សាខា ការិយាល័យ​គយ និង​រដ្ឋាករ​តាម​ច្រក​ចេញ​ព្រំដែន ដើម្បី​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​លួចលាក់។

ប្រភព​ដដែល​លើកឡើង​ថា ក្រោម​រូបភាព​អនុវត្ត​នៃ​ការ​ត្រួតពិនិត្យ​ទំនិញ​តាម​មាត់ច្រក​នេះ ក្រុម​អនុលោម ឬ​ក្រុម​ជំនួយការ​ដែល​មាន​លោក ប៉ោ សួន ជា​អនុប្រធាន​នាយកដ្ឋាន​កិច្ចការ​ច្បាប់​សវនកម្ម និង​ទំនាក់ទំនង​សាធារណៈ បាន​ប្រើ​អំណាច​របស់​ខ្លួន​កោះហៅ​ក្រុមហ៊ុន​នាំចូល​នាំចេញ​ទាំងអស់​មក​ជួប ដើម្បី​ធ្វើការ​ចរចា​សម្របសម្រួល​តាមរយៈ​ការ​សូកប៉ាន់​សម្រាប់​ការ​ដឹកជញ្ជូន​ទំនិញ​របស់​ក្រុមហ៊ុន​ទាំងនោះ​ដោយ​គេច​ពន្ធ។

ក្រុម​មន្ត្រី​រាជការ​ទាំងនោះ​បញ្ជាក់​ថា ជា​ធម្មតា ម្ចាស់​ក្រុមហ៊ុន​នាំចេញ​នាំចូល​ទំនិញ​ទាំងនោះ​មិន​ដែល​បង់​ពន្ធ​ជូន​រដ្ឋ​គ្រប់ ១០០% នោះ​ទេ ព្រោះ​ថា​បើ​ទោះបីជា​ពួកគេ​បង់​ថវិកា​ចូល​រដ្ឋ ១០០% ក៏ដោយ ក៏​ត្រូវ​បាន​មន្ត្រី​គយ​ទាមទារ​ឲ្យ​បង់​សេវា​បន្ថែម​ទៀត ដើម្បី​ឲ្យ​ពួកគេ​អាច​បែងចែក​ថវិកា​ទាំងនោះ​សម្រាប់​ដាក់​ហោប៉ៅ​រៀងៗ​ខ្លួន​ដែរ ដូច្នេះ​ម្ចាស់​ក្រុមហ៊ុន​ទាំងនោះ​មាន​តែ​ធ្វើ​តាម​មធ្យោបាយ​ពុករលួយ​របស់​លោក ប៉ោ សួន តែប៉ុណ្ណោះ។

ប្រភព​ដដែល​បញ្ជាក់​ថា ទង្វើ​របស់​លោក ប៉ោ សួន កាន់តែ​អនាធិបតេយ្យ​ឡើងៗ ដោយសារ​មាន​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ជា​អ្នក​ការពារ​ពីក្រោយ​ខ្នង។

ទាក់ទិន​នឹង​បញ្ហា​នេះ ក៏​មាន​ការ​រិះគន់​ព្រោងព្រាត​ផង​ដែរ​កាលពី​ពេល​កន្លងទៅ​ថា លោក ប៉ោ សួន បាន​ប្រព្រឹត្ត​អំពើពុករលួយ កែ​បន្ថយ​ឆ្នាំ​កំណើត​ដល់​ទៅ ១០​ឆ្នាំ ពី​ឆ្នាំ​១៩៦៤ មក​ឆ្នាំ​១៩៧៤ វិញ ដើម្បី​ពន្យារ​ពេល​ចូល​និវត្តន៍ ខណៈ​តារាង​បៀវត្សរ៍​ឆ្នាំ​២០២១ បង្ហាញ​ថា​លោក ប៉ោ សួន បាន​កើត​នៅ​ឆ្នាំ​១៩៦៤។

ទោះជា​បែប​នេះ​ក្តី លោក ប៉ោ សួន ធ្លាប់​អះអាង​ថា ការ​កែប្រែ​ឆ្នាំ​កំណើត​របស់​លោក គឺ​ដើម្បី​ឲ្យ​ត្រូវ​នឹង​ឆ្នាំ​កំណើត​ពិត​ដែល​លោក​បាន​កើត​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ ប្រភព​ខ្លះ​ដែល​អះអាង​ថា​ជា​មិត្តភក្ដិ​របស់​លោក ប៉ោ សួន ធ្លាប់​រៀន​ជាមួយ​គ្នា​នៅ​ថ្នាក់​វិទ្យាល័យ​ក្នុង​ខេត្ត​តាកែវ អះអាង​ថា លោក ប៉ោ សួន មាន​ឈ្មោះ​ដើម​ថា ឡេង វណ្ណារិទ្ធិ ហៅ ប្រុស មាន​ស្រុកកំណើត​នៅ​ក្នុង​ភូមិ​ត្រើយទន្លាប់ ឃុំ​ព្រះបាទជាន់ជុំ ស្រុក​គិរីវង់ ខែត្រ​តាកែវ ដែល​បាន​ប្រឡង​ជាប់​បាក់ឌុប​នៅ​ក្នុង​ឆ្នាំ​១៩៨៩ ហើយ​ក៏​បាន​ចូល​ធ្វើ​ជា​មន្ត្រី​គយ​នៅ​ក្នុង​ឆ្នាំ​១៩៩៣ ក្រោយពី​លោក​បាន​ទិញ​ឈ្មោះ​ពី​មន្ត្រី​គយ​ម្នាក់​តាមរយៈ​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្នុង​តម្លៃ​ប្រហែល ៣​ពាន់​ដុល្លារ​អាមេរិក​នៅ​ពេល​នោះ ហើយ​លោក​ក៏​បន្ត​ធ្វើ​ជា​មន្ត្រី​គយ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ឆ្នាំ​២០២២ លិខិត​របស់​មន្ត្រី​ជិត​ដល់​អាយុ​ចូល​និវត្តន៍​ក្នុង​ពេល​ឆាប់ៗ​នេះ​មាន​ចំនួន ១៩​រូប បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បាន​បែកធ្លាយ​អំពី​ព័ត៌មាន​ដែល​ពួកគេ​នាំគ្នា​រត់ការ​សុំ​បន្ថយ​អាយុ ដើម្បី​អាច​មាន​លទ្ធភាព​បន្ត​ការងារ​ជា​មន្ត្រី​គយ និង​រដ្ឋាករ​កម្ពុជា​បាន​បន្ត​ទៀត។ ក្នុង​នោះ ពួកគេ​ត្រូវ​ចំណាយ​លុយ​ក្នុង​ម្នាក់ៗ​ចំនួន ២​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង ១​ឆ្នាំ។

ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល​មាត្រា ៥៤ ចែង​ថា អ្នក​រាជការ​ទាំង​ពីរ​ភេទ​ត្រូវ​ដាក់​ឱ្យ​ចូល​និវត្តន៍​ជា​កំហិត​ពេល​ដល់​អាយុ ៥៥​ឆ្នាំ។ តែ​អាយុ​កំហិត​នេះ​អាច​រំកិល​ដល់ ៦០​ឆ្នាំ​បាន ប្រសិនបើ​មាន​លក្ខន្តិកៈ​ដាច់ដោយឡែក​បាន​កំណត់ ប៉ុន្តែ​ច្បាប់​នេះ​ក៏​បាន​កំណត់​ដោយ​កំហិត​ដែរ​ថា អ្នក​ដែល​មាន​អាយុ​កំណត់​ដោយ​ច្បាប់ ត្រូវតែ​ចូល​និវត្តន៍​ដោយ​ពុំ​មាន​កិច្ច​អន្តរាគមន៍​ពិសេស​ណា​មួយ​នោះ​ទេ។

ទោះជា​យ៉ាងណាក៏ដោយ សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើពុករលួយ (CPI) ឆ្នាំ​២០២២ ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ កាលពី​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៣ ដោយ​ផ្តល់​ចំណាត់ថ្នាក់​អំពើពុករលួយ​សម្រាប់​ប្រទេស​កម្ពុជា​ឆ្នាំ​២០២២ ទទួល​បាន​ពិន្ទុ ២៤ លើ​ពិន្ទុ​អតិបរមា ១០០ និង​ជាប់​ចំណាត់ថ្នាក់​ទី​១៥០ ក្នុង​ចំណោម ១៨០​ប្រទេស ដែល​ចំណាត់ថ្នាក់​នេះ​បង្ហាញ​ថា កម្ពុជា​នៅតែ​មាន​អំពើពុករលួយ​អាក្រក់​ជាងគេ​បន្ទាប់ពី​ប្រទេស​ភូមា បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស