សាលាដំបូងខេត្តព្រះវិហារ សម្រេចលើកលែងការចោទប្រកាន់ទៅលើតំណាងសហគមន៍ជនជាតិដើមភាគតិចកួយ នៅភូមិប្រមេរុ ចំនួន ៥នាក់ ជុំវិញបទចោទគំរាមកំហែងថានឹងសម្លាប់ និងគំរាមកំហែងថានឹងធ្វើឲ្យខូចខាត ដែលបានប្រព្រឹត្តកាលពីដើមឆ្នាំ២០២២ កន្លងទៅ។
តុលាការខេត្តព្រះវិហារ បានចេញលិខិតជូនដំណឹងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ប៉ុន្តែត្រូវសារព័ត៌មាន The Cambodia Daily ទទួលបាននៅថ្ងៃទី៩ កុម្ភៈ នេះ ដោយសម្រេចលើកលែងការចោទប្រកាន់ទៅលើតំណាងសហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរុ រួមមានលោក ងន ហ៊ឹម លោក ថោង ស៊ុត លោក ស៊ុត សាវន អ្នកស្រី រឿង ខាន់ និងលោក ថាប់ សុឃី ផងដែរ។
ចៅក្រមស៊ើបសួរ លោក យុត ពន្លឺ បញ្ជាក់ថា ជនត្រូវចោទទាំង ៥នាក់ បានជាប់ចោទពីបទគំរាមកំហែងថានឹងសម្លាប់ និងបទគំរាមកំហែងថានឹងធ្វើឲ្យខូចខាត ដែលបានប្រព្រឹត្តនៅភូមិស្រែព្រាង ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ តាមមាត្រា២៣៣ និងមាត្រា៤២៣ នៃក្រមព្រហ្មទណ្ឌ។
កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាយប៉ុស្តិ៍រដ្ឋបាលឃុំប្រមេរុ លោក ឃុល អ៊ី បានយកសេចក្តីជូនដំណឹងរបស់សាលាដំបូងខេត្តព្រះវិហារ ស្ដីពីការលើកលែងការចោទប្រកាន់លើតំណាងសហគមន៍ទាំង ៥នាក់ ដែលបានរងការចោទប្រកាន់ខាងលើទៅឲ្យតំណាងសហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរុ លោក ថាប់ ឃី បន្ទាប់ពីគេត្រូវចោទប្តឹងទាំងអយុត្តិធម៌អស់រយៈពេលពេញមួយឆ្នាំ។
ជុំវិញការចោទប្តឹងតំណាងសហគមន៍ទាំង ៥នាក់នេះ ធ្វើឡើងបន្ទាប់ពីជម្លោះដីធ្លីនៅស្រុកត្បែងមានជ័យ ស្ថិតក្នុងខេត្តព្រះវិហារ បានកើតឡើងរវាងក្រុមហ៊ុនចិន Hengfu Group Sugar Industry Co. LTD ជាមួយនឹងសហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរុ លើដីទំហំប្រមាណជាង ៤ម៉ឺនហិកតារតាំងពីឆ្នាំ២០១១ ដល់ឆ្នាំ២០២០។
ទាក់ទិននឹងបញ្ហានេះ តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ អ្នកស្រី ទេព ទឹម អះអាងកាលពីពេលកន្លងទៅថា ក្រុមហ៊ុនចិនខាងលើបានរំលោភយកដីនៅតំបន់នោះ និងបណ្តាលឲ្យសហគមន៍ជនជាតិដើមភាគតិចជិត ៤០០គ្រួសាររងផលប៉ះពាល់ ប៉ុន្តែពួកគេបានដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ក្រុងភ្នំពេញកាលពីឆ្នាំ២០១៦។
តំណាងសហគមន៍រូបនេះត្អូញត្អែរថា បើទោះបីជាក្រុមហ៊ុនខាងលើបានដកខ្លួនអំឡុងឆ្នាំ២០១៨ ទៅហើយក្តី ក៏សមាជិកសហគមន៍ជនជាតិដើមភាគតិចកួយ នៅតែត្រូវបានអាជ្ញាធររារាំងមិនឲ្យដាំដុះនៅលើដីរបស់ខ្លួនដដែល ខណៈមន្ត្រីសុរិយោដីស្រុកត្បែងមានជ័យ បានចេញប័ណ្ណកម្មសិទ្ធិឲ្យអ្នកខាងក្រៅទៅវិញ។
ប្រភពដដែលបញ្ជាក់ថា សមាជិកសហគមន៍ជនជាតិដើមភាគតិចកួយ បានកាន់កាប់អាស្រ័យផលដីនៅតំបន់នោះតាំងពីឆ្នាំ២០០០ មក ហើយក៏មានលិខិតកាន់កាប់រួចហើយដែរ ប៉ុន្តែនៅពេលនេះ ដីទាំងនោះត្រូវអ្នកខាងក្រៅមកទាមទារយកធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ សហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរុ អះអាងថា អភិបាលស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ លោក នុត សោភ័ណ្ឌ បានកោះហៅសមាជិកសហគមន៍ចំនួន ៤គ្រួសារឲ្យមកកាន់សាលាស្រុកត្បែងមានជ័យ ដើម្បីពិភាក្សាបញ្ហាដីធ្លីដែលមានទំនាស់ខាងលើដែលសមាសភាពចូលរួមត្រឹមតែមន្ត្រីអាជ្ញាធរភូមិ ឃុំ ស្រុក និងខេត្តប៉ុណ្ណោះ មិនមានតំណាងសហគមន៍ចូលរួមនោះទេ ប៉ុន្តែដោយមានការបារម្ភ សមាជិកសហគមន៍ជាង ៤០នាក់បាននាំគ្នាមកចូលរួមដោយគ្មានការអញ្ជើញដើម្បីគាំទ្រ និងជួយដឹងឮជុំវិញកិច្ចប្រជុំនេះ។
កាលពីអំឡុងឆ្នាំ២០២២ អគ្គនាយកនៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រនៃក្រសួងរៀបចំដែនដី លោក ឡោ ដាវុធ បានអះអាងថា ដីសហគមន៍ និងដីក្រុមហ៊ុនមានចំណែកជាន់គ្នាដែលសហគមន៍ត្រូវតែដាក់ពាក្យឡើងវិញ ដើម្បីចុះបញ្ជីដីសមូហភាពនេះឲ្យបានត្រឹមត្រូវ។
លោកបន្ថែមថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយអគ្គនាយកដ្ឋានសុរិយោដី នឹងកោះហៅភាគីពាក់ព័ន្ធមកពិភាក្សាដោះស្រាយលើបញ្ហានេះ។
របាយការណ៍អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រនៃក្រសួងរៀបចំដែនដី ឲ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ដីរបស់សហគមន៍ជនជាតិដើមចំនួន ៣៧សហគមន៍ ត្រូវបានចុះបញ្ជីរួចរាល់ហើយដែលស្មើនឹង ៣ម៉ឺន ៨ពាន់ ៧១៨ហិកតារ និង ៧៥អា៕