33 C
Phnom Penh

ក្លឹប​អ្នកកាសែត​កម្ពុជា​គ្រោង​បង្កើត​ក្រុមប្រឹក្សា​ក្រមសីលធម៌​សារព័ត៌មាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​នាយក​ក្លឹប​អ្នកកាសែត​កម្ពុជា នឹង​បង្កើត​ក្រុមប្រឹក្សា​ក្រមសីលធម៌​សារព័ត៌មាន​កម្ពុជា ដើម្បី​តម្រង់​ទិស ដាក់​ពិន័យ និង​កែលំអ​វិជ្ជាជីវៈ​សារព័ត៌មាន​របស់​អ្នក​សារព័ត៌មាន​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន និង​ឲ្យ​ស្រប​តាម​ការ​វិវឌ្ឍ​នៃ​យុគសម័យ​ឌីជីថល។

គណៈកម្មាធិការ​នាយក​ក្លឹប​អ្នកកាសែត​កម្ពុជា (ក.អ.ក) ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ​ថា ការ​បង្កើត​ក្រុមប្រឹក្សា​ក្រមសីលធម៌​សារព័ត៌មាន​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​តម្រង់​ទិស ដាក់​ពិន័យ ក៏ដូចជា​កែលំអ​វិជ្ជាជីវៈ​សារព័ត៌មាន ជាពិសេស​សម្រាប់​ស្ថានភាព​សារព័ត៌មាន​បច្ចុប្បន្ន​នៅ​កម្ពុជា។

គណៈកម្មាធិការ​ក្លឹប​អ្នកកាសែត​កម្ពុជា អះអាង​ថា ខ្លួន​នឹង​បង្កើត​វេទិកា​ពិភាក្សា និង​ផ្សព្វផ្សាយ​ក្រមសីលធម៌​សារព័ត៌មាន​ជា​បន្តបន្ទាប់ និង​ជា​ទ្រង់ទ្រាយ​ធំ​ជា​លើកដំបូង​នៅ​ដើម​ខែ​មេសា ឆ្នាំ​២០២៣ ខាងមុខ​នេះ ដោយ​ចាប់ផ្តើម​ពី​សមាជិក​ក្លឹប​អ្នកកាសែត​កម្ពុជា ប្រមាណ​ជាង ៥០០​នាក់ ដែល​មកពី ១៧២​ស្ថាប័ន ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​លើក​កម្ពស់​ការ​គោរព​ក្រមសីលធម៌​ដោយ​ការ​ទទួល​ខុសត្រូវ។

ប្រភព​ដដែល​បញ្ជាក់​ថា ដើម្បី​បន្ត​ការងារ​នេះ​ឲ្យ​រលូន និង​ឲ្យ​មាន​ប្រសិទ្ធភាព ខ្លួន​ក៏​នឹង​បង្កើត​គណៈកម្មការ​មួយ​ទៀត​ដែល​នឹង​មាន​សមាសភាព​ចម្រុះ​មកពី​ស្ថាប័ន​ពាក់ព័ន្ធ និង​អ្នកជំនាញ​ជាច្រើន​ទៀត រួម​ទាំង​ផ្នែក​ច្បាប់​ផង​ដែរ ដើម្បី​សិក្សា​លម្អិត និង​ស៊ីជម្រៅ​មុន​នឹង​ឈាន​ទៅ​បង្កើត​ឲ្យ​ចេញ​ជា​រូបរាង​នូវ​ក្រុមប្រឹក្សា​ក្រមសីលធម៌​សារព័ត៌មាន​នេះ។

ការ​បង្កើត​ក្រុមប្រឹក្សា​ក្រមសីលធម៌​សារព័ត៌មាន​កម្ពុជា​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​កំពុងតែ​ធ្លាក់​ចុះ ខណៈ​សារព័ត៌មាន​ដែល​មាន​និន្នាការ​នយោបាយ​ទៅ​រក​បក្ស​កាន់​អំណាច តែង​ផ្សព្វផ្សាយ​ការពារ​ទង្វើ​រដ្ឋាភិបាល​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២ អង្គការ​ការពារ​សិទ្ធិ​ពលរដ្ឋ និង​សង្គម​ស៊ីវិល ហៅ​កាត់​ថា CIVICUS បាន​លាតត្រដាង​ថា សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​កំពុង​រង​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ ក្នុង​នោះ​ស្ថានីយ​វិទ្យុ និង​កាសែត​ជាច្រើន​ត្រូវ​បាន​គេ​បំបិទ​សំឡេង អ្នកកាសែត​រង​នូវ​ការ​យាយី​ដោយ​អំពើ​ហិង្សា និង​តាម​ផ្លូវ​តុលាការ ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ប្រឈម​នឹង​ការ​រឹតត្បិត​គ្រប់​បែប​យ៉ាង។

ទិន្នន័យ​សង្គម​ស៊ីវិល បាន​លាតត្រដាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចាប់តាំងពី​ឆ្នាំ​១៩៩៤ មក យ៉ាងហោចណាស់​អ្នក​សារព័ត៌មាន​ជិត ២០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​កម្ពុជា ក្នុង​នោះ​ស្ទើរតែ​គ្រប់​ករណី​ទាំងអស់ ជនរងគ្រោះ​ត្រូវ​បាន​ផ្តាច់​ជីវិត​ក្នុង​ពេល​កំពុង​បំពេញ​ការងារ ជាពិសេស​នៅ​ពេល​ដែល​អ្នក​ទាំងនោះ​ស៊ើប​អង្កេត​ទៅ​លើ​បញ្ហា​រសើប​នានា ដូចជា​បញ្ហា​អំពើពុករលួយ និង​រឿង​នយោបាយ​ដែល​ទាក់ទិន​ទៅ​នឹង​ការ​ដឹកនាំ​គ្មាន​តម្លាភាព​របស់​រដ្ឋាភិបាល​ឯក​បក្ស​បច្ចុប្បន្ន។

ចំណែក​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៤២ ក្នុង​ចំណោម​ប្រទេស​១៨០ ដោយសារតែ​គេ​រក​ឃើញ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​ត្រូវ​បាន​បំផ្លិចបំផ្លាញ និង​បោស​សម្អាត​ដោយ​រដ្ឋាភិបាល​កម្ពុជា ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ មក ដែល​ធ្វើ​ឱ្យ​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​បន្ត​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន បាន​អះអាង​ថា នៅ​ឆ្នាំ​២០១៧ រដ្ឋាភិបាល​កម្ពុជា​បាន​បិទ​ស្ថានីយ​វិទ្យុ​ចំនួន ៣២​កន្លែង បង្ខំ​ឱ្យ​បិទ​ទ្វារ​កាសែត​បរទេស និង​ការ​ផ្លាស់ប្ដូរ​ម្ចាស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ជាដើម ដោយឡែក​នៅ​ឆ្នាំ​២០១៨ រដ្ឋាភិបាល​បាន​បិទ​គេហទំព័រ​ចំនួន ១៧​គេហទំព័រ​ថែម​ទៀត។ ជា​លទ្ធផល​នៃ​យុទ្ធនាការ​នេះ ពលរដ្ឋ​កម្ពុជា​សព្វថ្ងៃ​នេះ​ទទួល​បាន​ព័ត៌មាន​តែ​ពី​ស្ថាប័ន​ដែល​ស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែប៉ុណ្ណោះ។

ជាក់ស្តែង កូនស្រី​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា ត្រូវ​គេ​រក​ឃើញ​ថា​ជា​ប្រធាន​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​មួយ​ដែល​កាន់កាប់​កាសែត ទស្សនាវដី្ត ស្ថានីយ​វិទ្យុ បណ្ដាញ​ទូរទស្សន៍ និង​គេហទំព័រ​អ៊ីនធឺណិត​នៅ​កម្ពុជា​ទាំងអស់ ដែល​ជា​ស្ថាប័ន​ឃោសនា​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រហូត​មក ខណៈ​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ដែល​លោក ហ៊ុន សែន ផ្តល់​ថវិកា​ឱ្យ​រហូត​មក​នោះ ក៏​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ស្ថាប័ន​បម្រើ​សេណារីយ៉ូ​របស់​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស