ក្រុមយុវជនបរិស្ថានជាច្រើននាក់ បានយកថ្ងៃទី១៤ ខែកុម្ភៈ ដែលជាថ្ងៃទិវានៃក្តីស្រឡាញ់ ធ្វើយុទ្ធនាការទាមទារឱ្យក្រសួងបរិស្ថានដាក់កោះកុងក្រៅទៅជាឧទ្យានជាតិសមុទ្រ ដើម្បីជួយកោះនេះឱ្យរួចផុតពីការដាក់ឱ្យទៅជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជន ដែលនឹងរងនូវការកាប់បំផ្លាញព្រៃឈើដ៏ស្រស់ស្អាត និងបំផ្លាញជីវចម្រុះរាប់ម៉ឺនជំពូកដែលកំពុងមានជីវិតរស់នៅលើកោះ។
ក្រុមយុវជនដើម្បីបរិស្ថានរាប់សិបនាក់ នៅថ្ងៃទី១៤ កុម្ភៈ នេះ នាំគ្នាធ្វើយុទ្ធនាការដើរថ្មើរជើងពីផ្សារទំនើប អេអនមួយ ទៅក្រសួងបរិស្ថាន ដោយមានបដាសរសេរអក្សរផ្សេងៗ ដូចជា «ខ្ញុំស្រឡាញ់កោះកុងក្រៅ» ជាដើម ដើម្បីយកផ្កាឈូកទៅជូនក្រសួងបរិស្ថាននៅក្នុងឱកាសទិវានៃក្តីស្រលាញ់ (Valentine’s Day) នៅថ្ងៃនេះ។
ក្រុមយុវជនទាំងនោះលើកឡើងថា ការធ្វើយុទ្ធនាការជូនផ្កាឈូកដល់ក្រសួងបរិស្ថាននេះ គឺដើម្បីបង្ហាញការស្រឡាញ់រាប់អានរវាងយុវជនបរិស្ថាន និងក្រសួងបរិស្ថានផង ដើម្បីស្នើសុំឱ្យក្រសួងលុបបំបាត់ការចោទប្រកាន់លាបពណ៌មកលើយុវជនដែលស្រឡាញ់ធនធានធម្មជាតិផង និងដើម្បីសួរសំណួរទៅកាន់ក្រសួងបរិស្ថានផងដែរ ថាតើ «ក្រសួងត្រូវការពេលប៉ុន្មានដើម្បីបញ្ចប់ដំណើរការនៃការដាក់កោះកុងក្រៅឱ្យទៅជាឧទ្យានជាតិសមុទ្រ?»។
តំណាងក្រុមយុវជនបរិស្ថានម្នាក់ឈ្មោះ លីហ្សា អះអាងក្នុងយុទ្ធនាការនេះថា ប្រសិនបើកោះកុងក្រៅនៅតែស្ថិតនៅក្នុងដៃក្រុមហ៊ុនឯកជនដែលមានលោកឧកញ៉ា លី យ៉ុងផាត់ ជាម្ចាស់ នោះកោះកុងក្រៅនឹងមិនធានាបាននូវការថែរក្សា និងការការពារនូវសម្បត្តិធម្មជាតិដ៏មហាសាលរបស់កោះទាំងនេះឡើយ។ ផ្ទុយទៅវិញ ព្រៃឈើ និងជីវចម្រុះដែលមាននៅលើកោះនេះ នឹងត្រូវបំផ្លាញដើម្បីតែផលប្រយោជន៍របស់ក្រុមហ៊ុនឯកជនជាមិនខាន។
ការធ្វើយុទ្ធនាការនេះ ធ្វើឡើងស្របពេលដែលកោះកុងក្រៅកំពុងប្រឈមនឹងបំផ្លិចបំផ្លាញពីក្រុមហ៊ុនឯកជនដែលជ្រកក្រោមរូបភាពអភិវឌ្ឍន៍ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាប្រគល់កោះនេះឱ្យទៅជាកម្មសិទ្ធិរបស់ពួកគេ។
កោះកុងក្រៅ ស្ថិតនៅក្នុងភូមិអាវឡាតាន់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានទំហំផ្ទៃដី ១០៣គីឡូម៉ែត្រក្រឡា ទទឹងប្រវែង ៧គីឡូម៉ែត្រ បណ្តោយ ១៩គីឡូម៉ែត្រ ព្រមទាំងមានឆ្នេរ ៦កន្លែង៖
- ឆ្នេរទី១ ប្រវែង ១៨០០ម៉ែត្រ
- ឆ្នេរទី២ ប្រវែង ២០៥០ម៉ែត្រ
- ឆ្នេរទី៣ ប្រវែង ៧០០ម៉ែត្រ
- ឆ្នេរទី៤ ប្រវែង ៩០០ម៉ែត្រ
- ឆ្នេរទី៥ ប្រវែង ៧៥០ម៉ែត្រ
- និងឆ្នេរទី៦ ប្រវែង ៦៥០ម៉ែត្រ។
ក្រៅពីនេះ ក៏មានតំបន់ទឹកធ្លាក់ ៩កន្លែង និងកូនភ្នំជាច្រើនដែលមានចម្ងាយត្រឹមតែ ៣០គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ទាក់ទិននឹងបញ្ហានេះ កាលពីចុងខែសីហា ឆ្នាំ២០២២ ក្រុមយុវជនចលនាមាតាធម្មជាតិ បានដាក់ញត្តិមួយទៅក្រសួងបរិស្ថាន ដើម្បីស្នើឱ្យក្រសួងបង្ហាញជាសាធារណៈនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីតំបន់កោះកុងក្រៅ និងធ្វើបច្ចុប្បន្នភាពនៃការដាក់តំបន់មួយនេះទៅជាតំបន់ឧទ្យានជាតិសមុទ្រ ក្រោយមន្ត្រីក្រសួងចុះស្រាវជ្រាវរយៈពេល ៦ឆ្នាំមកហើយ ប៉ុន្តែមិនទាន់បានបង្ហាញលទ្ធផលការងាររបស់ខ្លួនជាសាធារណៈ។
ចំណែកក្រុមសង្គមស៊ីវិល និងសហគមន៍មួយចំនួនបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីអំឡុងឆ្នាំ២០២០ ដោយបង្ហាញពីការព្រួយបារម្ភជាខ្លាំង ក្រោយពេលរដ្ឋាភិបាលបានផ្ដល់សិទ្ធិអភិវឌ្ឍន៍កោះកុងក្រៅទាំងមូលទៅឱ្យក្រុមហ៊ុន «កោះកុង អេស អ៊ី ហ្ស៊ិត ខូអិល ធីឌី (KOH KONG SEZ CO., LTD.)» របស់ឧកញ៉ា លី យ៉ុងផាត់។
រហូតមកដល់ពេលនេះ កោះកុងក្រៅនៅមិនទាន់មានសេចក្ដីប្រកាសណាមួយ ឬអនុក្រឹត្យណាមួយបញ្ជាក់ថា កោះនេះជាឧទ្យានជាតិសមុទ្រនៅឡើយទេ ប៉ុន្តែត្រូវគេរកឃើញថា កោះដែលធំជាងគេនៅកម្ពុជាមួយនេះត្រូវបានរដ្ឋាភិបាលប្រគល់ផ្ដាច់មុខដោយស្ងាត់ៗទៅឱ្យក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា ដើម្បីធ្វើការអភិវឌ្ឍតាំងពីឆ្នាំ២០១៩ មក ដោយមិនបានធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថានជាមុន និងប្រកាសប្រាប់ជាសាធារណៈនោះឡើយ។
កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២ សកម្មជនចលនាមាតាធម្មជាតិ និងយុវជនស្រឡាញ់ធនធានធម្មជាតិ ព្រមានថា នៅពីក្រោយភាពស្រស់ស្អាតរបស់កោះកុងក្រៅ គឺជាហានិភ័យដ៏ធំមួយដែលកោះមួយនេះប្រឈមនឹងការបាត់បង់ជីវចម្រុះ និងសម្បត្តិធម្មជាតិដែលមានតម្លៃមហាសាលជាច្រើនទៀត ដោយសារការសម្រេចរបស់រដ្ឋាភិបាលកម្ពុជា បានប្រគល់កោះនេះឱ្យទៅក្រុមហ៊ុនឯកជនរបស់ឧកញ៉ា លី យ៉ុងផាត់ ធ្វើជាកម្មសិទ្ធិ៕