35 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​ថា​អតីត​ក្រុម​យុវជន​សង្គម​ថ្លែងការណ៍​គាំទ្រ​បិទ​VOD​ជា​ល្បិច​នយោបាយ​បក្ស​កាន់​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​អះអាង​ថា ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ដែល​បំពាន​នឹង​ការពិត​ពី​អតីត​ក្រុម​យុវជន​សង្គម ដែល​ទើប​នឹង​ចុះចូល​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា ដោយ​ការ​គាំទ្រ​លើ​ការ​សម្រេច​ចិត្ត​របស់​ក្រសួង​ព័ត៌មាន ចំពោះ​ការ​បិទ​វិទ្យុ VOD បង្ហាញ​ពី​ទង្វើ​អាក្រក់​របស់​ពួកគេ​ក្រោម​ល្បិច​នយោបាយ​របស់​បក្ស​កាន់​អំណាច។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ កុម្ភៈ នេះ​ថា ការ​សម្រេច​ចិត្ត​របស់​បុគ្គល​ណា​មួយ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ណា​មួយ គឺជា​សិទ្ធិ​បុគ្គល​ម្នាក់ៗ ប៉ុន្តែ​បើ​ព្រោះតែ​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​របស់​គណបក្ស​ដែល​ខ្លួន​បាន​ចុះចូល ហើយ​បែរ​ជា​មក​ធ្វើ​រឿង​មិន​ត្រឹមត្រូវ នោះ​ពួកគេ​នឹង​អស់​គុណធម៌​សម្រាប់​ខ្លួនឯង និង​គណបក្ស​ដែល​ខ្លួន​បាន​ចុះចូល​ជាមួយ​ផង​ដែរ។

លោក​បន្ថែម​ថា នៅ​ពេល​ពួកគេ​ធ្លាក់​ខ្លួន​ទៅ​ជា​មនុស្ស​ដែល​លែង​មាន​គុណធម៌ និង​គ្មាន​គុណតម្លៃ អ្នក​ទាំងនោះ​ក៏​មិន​មាន​តម្លៃ​សម្រាប់​គណបក្ស​នោះ​ទៀត​ដែរ ព្រោះ​មេដឹកនាំ​បក្ស​នោះ​ដឹង​យ៉ាង​ច្បាស់​ថា ពួកគេ​មិន​អាច​ទាក់ទាញ​សេចក្តី​ស្រឡាញ់​របស់​ពលរដ្ឋ​ឱ្យ​គាំទ្រ​បក្ស​របស់​ពួកគេ​បាន​ទៀត​នោះ​ទេ ដូច្នេះ​គេ​យក​អ្នក​ទាំងនោះ​គ្រាន់តែ​ដើម្បី​ធ្វើជា​ឈ្នាន់​នយោបាយ​ឱ្យ​មក​វាយប្រហារ​អ្នក​ប្រជាធិបតេយ្យ​ជំនួស​ពួកគេ​ប៉ុណ្ណោះ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា បើ​ទោះបីជា​បក្ស​កាន់​អំណាច​មិន​ចេញ​មុខ​ដោយ​ផ្ទាល់ ក៏​ពលរដ្ឋ​ដឹង​ដែរ​ថា ទង្វើ​ទាំងនេះ​គឺជា​សេណារីយ៉ូ​របស់​បក្ស​កាន់​អំណាច។ ដូច្នេះ អ្វី​ដែល​ពួកគេ​បាន​ធ្វើ រឹតតែ​បង្ហាញ​ពី​ភាព​អាក្រក់​របស់​ខ្លួន​កាន់តែ​ខ្លាំង​បន្ថែម​ទៀត ព្រោះ​ថា​ការ​បិទ​អង្គភាព​របស់ វីអូឌី ដោយ​គ្មាន​ហេតុផល និង​រំលោភ​ច្បាប់ ហើយ​នៅ​ប្រើ​ល្បិច​នយោបាយ​ឱ្យ​អ្នក​ផ្សេង​មក​វាយប្រហារ​ដើម្បី​គាំទ្រ​ទង្វើ​រំលោភ​ច្បាប់​របស់​ខ្លួន​បែប​នេះ គឺជា​ទង្វើ​អមនុស្សធម៌​ជាទីបំផុត។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ជា​ពូជសាសន៍​ដែល​ស្រឡាញ់​យុត្តិធម៌ គុណធម៌ សីលធម៌ និង​ភាព​ត្រឹមត្រូវ ដូច្នេះ​ទង្វើ​ដែល​ពួកគេ​បាន​ធ្វើ​ក្នុង​បំណង​ឲ្យ​ពលរដ្ឋ​ខ្មែរ​យល់​ឃើញ​ថា​ការ​បិទ​វិទ្យុ VOD ជា​រឿង​ត្រឹមត្រូវ​នោះ គឺ​កាន់តែ​បង្ហាញ​ថា ពួកគេ​កំពុងតែ​ភ័យ​ខ្លួន​នឹង​អំពើ​ទុច្ចរិត​របស់​ពួកគេ​ទៅវិញ​ទេ។

កាលពី​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ក្រុម​យុវជន​សង្គម​មួយ​ចំនួន​តូច​ដែល​ធ្លាប់​តែ​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដូចជា​អតីត​សកម្មជន​បរិស្ថាន​កូនភ្លោះ​ពីរ​នាក់ គឺ​លោក ជុំ ហួត និង​លោក ជុំ ហួរ ព្រមទាំង​អតីត​សកម្មជន ១០០​រាត្រី លោក មួង សូនី ជាដើម បាន​នាំគ្នា​ចេញ​សេចក្តី​ថ្លែងការណ៍​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​សម្រេច​បិទ​អង្គភាព​សារព័ត៌មាន វីអូឌី កាលពី​ពេល​ថ្មីៗ​នេះ។

ការ​ចេញ​សេចក្តី​ថ្លែងការណ៍​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​យុវជន​សង្គម​ទាំងនោះ​បាន​ចុះចូល​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា និង​ត្រូវ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន តែងតាំង​ជា​ជំនួយការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាលពី​ពេល​ថ្មីៗ​នេះ។

សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ក្រុម​អ្នកវិភាគ​វ័យក្មេង បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ដោយ​អំពាវនាវ​ឱ្យ​យុវជន ជាពិសេស​យុវជន​ដែល​កន្លងមក​បាន​ចាត់ទុក​ខ្លួនឯង​ថា​ជា​កូនសិស្ស​របស់​បណ្ឌិត កែម ឡី ត្រូវតែ​រក្សា​គោលជំហរ ស្មារតី និង​បន្ត​ឆន្ទៈ​របស់​បណ្ឌិត កែម ឡី ក្នុង​ការ​ចូលរួម​កែលំអ​សង្គម​តាមរយៈ​នៃ​ការ​ផ្តល់​ចំណេះដឹង និង​ការ​សិក្សា​ស្រាវជ្រាវ ដើម្បី​បង្ហាញ​ពី​ការពិត​អំពី​ស្ថានភាព​សង្គម​ក្នុង​នាម​ជា​អ្នក​បន្ត​វេន​រូត​វាំងនន និង​ហ៊ាន​និយាយ​ការពិត ជាជាង​និយាយ​ការពារ ដែល​ជា​គំរូ​របស់​បណ្ឌិត កែម ឡី ដែល​គាត់​បាន​បន្សល់​ទុក​ឱ្យ​មុន​ពេល​ដែល​គាត់​ត្រូវ​គេ​បាញ់​សម្លាប់។

ក្រុម​អ្នក​ឃ្លាំមើល​លើក​ជា​សំណួរ​ថា៖

  • តើ​អតីត​ក្រុម​យុវជន​បរិស្ថាន និង​អតីត​ក្រុម​យុវជន ១០០​រាត្រី មាន​សិទ្ធិ​អ្វី​ក្នុង​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​គាំទ្រ​ការ​បិទ​អង្គភាព​សារព័ត៌មាន វីអូឌី?
  • តើ​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​នេះ គឺជា​ស្មារតី​រួម ឬ​ជា​គំនិត​បុគ្គល​ផ្ទាល់ខ្លួន ដោយសារ​តែ​បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច?

ប្រភព​ដដែល​លើកឡើង​ថា ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​គាំទ្រ​ឱ្យ​បិទ​អង្គភាព​សារព័ត៌មាន VOD គឺ​ហាក់ដូចជា​បញ្ឈប់​ការ​ស្វែងរក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់​ដោយ​អយុត្តិធម៌​ដូច្នោះ​ដែរ។ ដូច្នេះ សេចក្តី​ថ្លែងការណ៍​នេះ គឺ​មាន​ខ្លឹមសារ​ក្បត់​ពី​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​យ៉ាង​ច្បាស់​ក្រឡែត ដែល​កំពុង​ទន្ទឹង​រង់ចាំ​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី រហូត​ដល់​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស