36 C
Phnom Penh

ភរិយា​បណ្ឌិត កែម ឡី ថា​បុគ្គល​ម្នាក់ៗ​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​រៀងៗ​ខ្លួន​ក្នុង​ការ​ជ្រើស​ផ្លូវ​ដើរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភរិយា​បណ្ឌិត កែម ឡី និង​ក្រុម​អ្នក​ឃ្លាំមើល​សង្គម​នៅ​ក្រៅ​ស្រុក លើកឡើង​ថា បុគ្គល​ម្នាក់ៗ​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​រៀងៗ​ខ្លួន​ក្នុង​ការ​ជ្រើសរើស​ផ្លូវ​ដើរ​របស់​គេ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ទៅ​ហាមឃាត់​អ្នក​ដទៃ​ឡើយ។

ភរិយា​បណ្ឌិត កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា ប្រតិកម្ម​ថា បណ្ឌិត កែម ឡី បាន​លាចាក​លោក​នេះ​ទៅ​ជិត ៧​ឆ្នាំ​ហើយ ហេតុ​អ្វី​មាន​មនុស្ស​ខ្លះ​យក​គាត់​មក​ពាក់ព័ន្ធ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​អ្នក​ដទៃ​ទៀត ព្រោះ​ថា​មនុស្ស​ម្នាក់ៗ​មាន​សិទ្ធិ​ជ្រើសរើស​ផ្លូវ​ដើរ​របស់​គេ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ទៅ​ហាមឃាត់​អ្នក​ដទៃ​ឡើយ។

អ្នកស្រី ប៊ូ រចនា លើកឡើង​ថា សូម្បីតែ​ម្តាយ​ឪពុក​បង្កើត​ក៏​មិន​អាច​ហាមឃាត់​ការ​សម្រេច​ចិត្ត​របស់​កូន​ដែរ កុំ​ថា​ឡើយ​ដល់​ទៅ​អ្នក​ដែល​ធ្លាប់​អះអាង​ថា​ខ្លួន​ជា​សិស្ស​បណ្ឌិត កែម ឡី នោះ។ អ្នកស្រី​បន្ថែម​ថា បណ្ឌិត កែម ឡី មិន​ដែល​ចេះ​វាយប្រហារ​នរណា​ទេ ហើយ​ប្រសិនបើ​គាត់​នៅ​មាន​ជីវិត គាត់​ក៏​មិន​ប្រកាន់​នឹង​មនុស្ស​ដែល​វាយប្រហារ​គាត់​ដែរ ព្រោះ​គាត់​មិនមែន​ជា​មនុស្ស​ដែល​ចូលចិត្ត​ជាន់​ពន្លិច​អ្នក​ដទៃ រួច​លើក​ខ្លួនឯង​នោះ​ទេ ប៉ុន្តែ​បណ្ឌិត សេង សារី បែរ​ជា​យក​អ្នក​ដែល​ស្លាប់​មក​វាយប្រហារ​ទៅវិញ។

កាលពី​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ អ្នកគាំទ្រ​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី គឺ​បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា លោក​ចង់​ប្រាប់​ទៅ​បណ្ឌិត កែម ឡី ដែល​ជា​ម្ចាស់​ទ្រឹស្ដី​នៃ​ឃ្លា​មួយ គឺ «ត្រី​ហែល​បណ្តោយ​ទឹក​ជា​ត្រី​ងាប់» ថា កូនសិស្ស​របស់​លោក​កំពុង​អនុវត្ត​ទ្រឹស្ដី​នេះ​បាន​យ៉ាង​ល្អ គឺ​កំពុងតែ​ហែល​បញ្ច្រាស​ហើយ គឺ​ហែល​បញ្ច្រាស​ទ្រឹស្ដី​របស់​បណ្ឌិត កែម ឡី តែម្តង ដែល​គាត់​គឺជា​គ្រូ​របស់​អ្នក​ទាំងនោះ។

អ្នកគាំទ្រ​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា បើ​បណ្ឌិត កែម ឡី បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក មិន​ដឹង​ជា​គាត់​សប្បាយ​ចិត្ត​ប៉ុនណា​ទេ ព្រោះ​ថា​ពេលនេះ កូនសិស្ស​របស់​គាត់​កំពុង​ជោគជ័យ​យ៉ាង​ខ្លាំង​ដែល​ទទួល​បាន​តួនាទី​ធំៗ​ណាស់។ បណ្ឌិត សេង សារី បន្ថែម​ថា គ្រូ​ខ្លាំង សិស្ស​ពិត​ជា​មិន​ខ្សោយ​មែន។

ការ​លើកឡើង​របស់​បណ្ឌិត សេង សារី បែប​នេះ ទំនង​ជា​សំដៅ​ដល់​យុវជន​មួយ​ចំនួន​ដែល​តាំងខ្លួន​ឯង​ជា​សិស្ស​បណ្ឌិត កែម ឡី កាលពី​មុន ប៉ុន្តែ​បាន​នាំគ្នា​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ទទួល​បាន​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​នៅ​ពេលនេះ។

យ៉ាងណាក៏ដោយ គេ​ក៏​មិន​ដែល​បាន​ឃើញ​បណ្ឌិត កែម ឡី ប្រកាស​ថា​អ្នក​ណា​ម្នាក់​ជា​កូនសិស្ស​របស់​គាត់​នោះ​ទេ​កាលពី​ពេល​ដែល​លោក​នៅ​មាន​ជីវិត គ្រាន់តែ​លោក​ដឹកនាំ​អ្នក​ទាំងនោះ​ឱ្យ​ធ្វើ​កិច្ចការ​ដើម្បី​សង្គម​ជាតិ​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក មាស ពិសាស បាន​លើកឡើង​ក្នុង​ប្រអប់​បញ្ចេញមតិ​ដោយ​ចាត់ទុក​ថា ការ​លើកឡើង​របស់​បណ្ឌិត សេង សារី គឺជា​ទង្វើ​មិន​សមរម្យ និង​ហួស​ពី​ក្រមសីលធម៌​ក្នុង​នាម​ជា​មនុស្ស​ម្នាក់​ដែល​ទទួល​បាន​ការ​អប់រំ​ខ្ពង់ខ្ពស់​កន្លងមក។

យ៉ាងណាក៏ដោយ កាលពី​ពេល​ដែល​បណ្ឌិត សេង សារី នៅ​ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​ធ្លាប់​បាន​អះអាង​ថា មរណភាព​បណ្ឌិត កែម ឡី គឺជា​ការ​បាត់បង់ «ទ្រព្យ​រស់» របស់​ជាតិ ដែល​ធ្លាប់​ផ្តល់​យោបល់ និង​ចំណេះដឹង​ទូលំទូលាយ​ដល់​ការ​អភិវឌ្ឍ​សង្គម និង​ពលរដ្ឋ ប៉ុន្តែ​ក្រោយពី​លោក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ឈាន​ជើង​ចូល​ក្នុង​វិស័យ​នយោបាយ​គាំទ្រ​ខាង​បក្ស​ប្រឆាំង ក៏​មាន​ការ​ប្រែប្រួល​ដោយ​ប្រកាន់​និន្នាការ​នយោបាយ​ជុំវិញ​ការ​បញ្ចេញមតិ​របស់​លោក​ជា​បន្តបន្ទាប់​រហូត​ដល់​ពេលនេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ កុម្ភៈ នេះ​ថា ក្នុង​នាម​ជា​បុគ្គល​ឯករាជ្យ ជា​អ្នក​ប្រជាធិបតេយ្យ និង​ជា​បញ្ញវន្ត​ដែល​ទទួល​បាន​ការ​អប់រំ​ខ្ពង់ខ្ពស់ គួរតែ​ធ្វើ​សកម្មភាព​ណា​មួយ​ដែល​នាំ​ទៅ​ដល់​ការ​បង្រួបបង្រួម​ស្មារតី​ជាតិ​ឡើងវិញ ស្រប​ពេល​ដែល​សង្គម​ខ្មែរ​កំពុង​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ហែកហួរ​គ្នា​ដោយ​ការ​ដណ្តើម​អំណាច​របស់​អ្នក​នយោបាយ​នៅ​ពេលនេះ។

លោក ម៉ែន ណាត លើកឡើង​ថា ក្រុម​អ្នក​ប្រជាធិបតេយ្យ និង​បញ្ញវន្ត មិន​គួរ​ធ្វើ​សកម្មភាព ឬ​ចលនា​ណា​មួយ​ដែល​នាំ​ឱ្យ​មាន​ការ​បែកបាក់​កម្លាំង​សាមគ្គី​ជាតិ​បន្ថែម​ទៀត​ទេ ព្រោះ​ការ​បាក់​សាមគ្គី​របស់​ពួកគេ គឺជា​ជោគជ័យ​ដ៏​ធំធេង​របស់​អ្នក​កាន់​អំណាច​ផ្ដាច់ការ។

បណ្ឌិត កែម ឡី គឺជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ដ៏​ឆ្នើម​មួយ​រូប​ដែល​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ ពិត​មែន​តែ​ជីវិត​របស់​លោក​ត្រូវ​បាត់បង់ ប៉ុន្តែ​លោក​បាន​បន្សល់​នូវ​ទស្សនៈ​ឧត្តម​គតិ​ដើម្បី​ជាតិ​ជាច្រើន ដូចជា​ឃ្លា​ថា «ជូត​ទឹកភ្នែក​រួច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត» និង​ពាក្យ​ដែល​គេ​ចងចាំ​គ្រប់​គ្នា គឺ «និយាយ​ការពិត ជាជាង​និយាយ​ការពារ» ជាដើម។

ជាង​នេះ​ទៀត លោក​ក៏​បាន​បន្សល់​នូវ​បេសកកម្ម​ជាច្រើន​ដែល​មិនទាន់​បាន​បញ្ចប់ ដែល​វីរភាព និង​ជា​គំរូ​សម្រាប់​អ្នក​ជំនាន់​ក្រោយ​យក​តម្រាប់​តាម ដូចជា​បេសកកម្ម ១០០​រាត្រី បេសកកម្ម​រូត​វាំងនន​សង្គម និង​បេសកកម្ម​តស៊ូ​មតិ​ដើម្បី​ការ​រីកចម្រើន​ផ្នែក​លទ្ធិប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ជាដើម៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស