34 C
Phnom Penh

លោក ស ខេង ស្ដីបន្ទោស​អភិបាល​រាជធានី​ខេត្ត​ដែល​អសកម្ម​មិន​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស្ដីបន្ទោស​អភិបាល​រាជធានី-ខេត្ត រួម​ទាំង​មន្ត្រី​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​អសកម្ម​ក្នុង​តួនាទី ព្រងើយ​កន្តើយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ។

ថ្លែង​ក្នុង​សន្និបាត​ស្ដីពី​ការ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ របស់​ក្រសួង​មហាផ្ទៃ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ លោក ស ខេង បាន​លើកឡើង​ថា ការ​មិន​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ប្រជាពលរដ្ឋ ការ​មិន​ប្រឹងប្រែង​ធ្វើ​កិច្ចការ និង​ការ​ទប់ស្កាត់​គ្រឿងញៀន ជាដើម សុទ្ធតែ​ជា​បញ្ហា។

លោក ស ខេង បាន​លើកឡើង​ថា ក្នុង​ឆ្នាំ​២០២២ ក្រសួង​មហាផ្ទៃ​ទទួល​បាន ១៤៥​បណ្តឹង ដែល​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​ពី​ប្រជាពលរដ្ឋ​ក្នុង​រាជធានី-ខេត្ត​ចំនួន​២២ ហើយ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជូន​បណ្តឹង​ទាំងនោះ​ទៅ​ឲ្យ​រាជធានី-ខេត្ត​ទាំង ២២ ដោះស្រាយ ប៉ុន្តែ​បណ្តឹង​ទាំង ១៤៥ នោះ​មាន​ត្រឹម ៦​បណ្តឹង​ប៉ុណ្ណោះ ដែល​ខេត្ត ៥ បាន​ដោះស្រាយ និង​បញ្ជូន​របាយការណ៍​ទៅ​ក្រសួង​មហាផ្ទៃ។

លោក​ឧបនាយករដ្ឋមន្ត្រី​លើកឡើង​ថា ខេត្ត​ទាំង ៥ នោះ គឺ​ខេត្ត​ព្រះសីហនុ ដោះស្រាយ​បាន ២​បណ្តឹង ខេត្ត​សៀមរាប ខេត្ត​មណ្ឌលគិរី ខេត្ត​កោះកុង និង​ខេត្ត​ស្វាយរៀង សុទ្ធតែ​ដោះស្រាយ​បាន ១​បណ្តឹង​ដូច​គ្នា។ លោក ស ខេង ជូន​ពាក្យ​ទៅ​រាជធានី-ខេត្ត​ដែល​មិន​ដោះស្រាយ​បណ្តឹង​ថា ស្ងាត់​ដូច​ចោរ​លួច​សេះ ធ្វើ​ក៏​មិន​ធ្វើ ដោះស្រាយ​ក៏​មិន​ដោះស្រាយ រាយការណ៍​ក៏​មិន​រាយការណ៍ លោក​ឯង​ទៅ​ធ្វើ​ភ្នាក់ងារ​រដ្ឋាភិបាល​ខ្មោច​យក​អី បើ​សម្ងំ​សុខ​នៅ​នុ៎ង។

លោក ស ខេង លើកឡើង​ថា អភិបាល​រាជធានី-ខេត្ត​ដែល​មិនទាន់​ដោះស្រាយ​បណ្តឹង ត្រូវ​ដោះស្រាយ។ បើ​មិន​អាច​ដោះស្រាយ​បាន ដោយ​មាន​ឧបសគ្គ​ណា​មួយ ត្រូវ​រាយការណ៍​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ក្រសួង​រក​ដំណោះស្រាយ។

លោក ស ខេង បាន​ឲ្យ​ដឹង​ទៀត​ថា លោក​សង្កេត​ឃើញ​អាជ្ញាធរ​ខ្លះ​មិន​ធ្វើការ បើ​ថ្នាក់​លើ​មិន​ស្រែក។ ទាល់តែ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​បញ្ជា ទើប​អាជ្ញាធរ​ផ្អើល​នាំគ្នា​បង្ក្រាប​ល្បែង​ស៊ីសង​នៅ​តាម​មូលដ្ឋាន។ លោក​ថា បើ​គ្រាន់តែ​ល្បែង​ស៊ីសង​ក្នុង​ភូមិ-ឃុំ អាជ្ញាធរ​មិន​អាច​បង្ក្រាប​បាន​ផង អាជ្ញាធរ​ទាំងនោះ​មិន​អាច​ធ្វើ​កិច្ចការ​អ្វី​ផ្សេង​ទៀត​កើត​ឡើយ។

លោក​ឧបនាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ចំពោះ​រឿង​គ្រឿងញៀន លោក​បាន​យក​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​មក​និយាយ។ ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ត្រូវ​ធ្វើ​វិសោធនកម្ម​ដោយ​បន្ថែម​មាត្រា​ដែល​ហាមឃាត់​អ្នក​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​មិន​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន។

លោក​ថា មន្ត្រី​មួយ​ក្រុម​ក្នុង​ស្ថាប័ន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដែល​លោក​ជំរុញ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ជុំវិញ​ការ​បញ្ចូល​ចំណុច​ដែល​ហាម​អ្នក​បើកបរ​មិន​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន តែ​បែរ​ជា​ស្ងាត់ឈឹង​ដោយ​មិន​ដឹង​ថា​កិច្ចការ​នេះ​ធ្វើ​ដល់​ណា។

លោក​ឧបនាយករដ្ឋមន្ត្រី​សម្ដែង​ការ​ងឿងឆ្ងល់​លាយឡំ​ជាមួយ​ការ​ស្តី​ឲ្យ​យ៉ាង​នេះ​ថា ក្រុម​ហ្នឹង​ដូចជា​ធ្វើការ មិន​ធ្វើការ​ម៉េច​ទេ លោក​ដូចជា​ឆ្ងល់​ដែរ ខ្លាច​អស់​គ្រឿងញៀន អស់​ការងារ​ធ្វើ ឬ​យ៉ាង​ម៉េច! រឿង​ហ្នឹង មិនមែន​ធម្មតា​ទេ អាជ្ញាធរ​ទទួល​ខុសត្រូវ​អនាគត​កូនចៅ​រាប់​ទាំង​កូន​លោក​ឯង ចៅ​លោក​ឯង​ផង។ បើ​មិន​ស្រួល​ទេ កូន​លោក​ឯង​ចៅ​លោក​ឯង នឹង​ក្លាយ​ជា​អ្នក​ញៀន​គ្រឿងញៀន។

លោក ស ខេង ថា​លោក​ចាត់ទុក​ការ​កំណត់​ក្នុង​ច្បាប់​ឲ្យ​កងកម្លាំង​គ្រប់​ប្រភេទ មន្ត្រី​រាជការ​ស៊ីវិល និង​អ្នក​បើកបរ​យានយន្ត​ជាអាទិ៍ ត្រូវ​ធ្វើ​តេស្ដ​រក​សារជាតិ​ញៀន​ជា​មុន មុន​នឹង​អនុញ្ញាត​ឲ្យ​ចូល​បម្រើ​ការងារ ថា​ជា​វិធានការ​សំខាន់​មួយ​ក្នុង​ការ​ទប់ស្កាត់​គ្រឿងញៀន។ ការ​រួម​គ្នា​ទប់ស្កាត់​គ្រឿងញៀន​នេះ មន្ត្រី​អាជ្ញាធរ​មិន​អាច​បណ្តែតបណ្តោយ ឬ​បើក​ភ្នែក​ម្ខាង ហើយ​បិទ​ភ្នែក​ម្ខាង​ឡើយ គិត​ប្រយោជន៍​ជាតិ​ជា​ធំ​មុន មិនមែន​គិត​ប្រយោជន៍​បុគ្គល ឬ​ប្រយោជន៍​ក្រុម​ជា​ធំ​មុន​នោះ​ទេ។

បើ​តាម​សេចក្តី​រាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ ដោយ​មាន​ចំណងជើង​ថា «ការ​បន្ត​ចោទប្រកាន់ការ​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​ក្នុង​រឿង​វិវាទ​ដីធ្លី» ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២១ វិវាទ​ដីធ្លី​មាន​ចំនួន ១៦៩​ករណី​លើ​ទំហំ​ផ្ទៃដី​ជាង ៥២៦០០​ហិកតារ និង​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ១៧០៣៣​គ្រួសារ ស្មើ​ប្រមាណ​ជាង ៦១០០០​នាក់ ហើយ​ក្នុង​នោះ​ក៏​មាន​ជនជាតិ​ដើម​ភាគតិច​រង​ផល​ប៉ះពាល់​ជាង ១៣៤៧​គ្រួសារ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស