29 C
Phnom Penh

ពលរដ្ឋ​ខេត្ត​រតនគិរី​និង​ស្ទឹងត្រែង​នាំគ្នា​តវ៉ា​បន្ទាប់ពី​ក្រុមហ៊ុន​វៀតណាម​បិទ​ផ្លូវ​មិន​ឱ្យ​ឆ្លងកាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​មកពី​ស្រុក​ចំនួន​ពីរ​នៃ​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង នាំគ្នា​តវ៉ា​ខាង​មុខ​ច្រក​ចូល​ក្រុមហ៊ុន ហ័ងអាញ បន្ទាប់ពី​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ​បាន​បិទ​ផ្លូវ​មិន​ឲ្យ​ពួកគេ​ជិត ៨០០​គ្រួសារ​ឆ្លងកាត់​ចាប់តាំងពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ។

ពលរដ្ឋ​ដែល​នាំគ្នា​ទៅ​តវ៉ា​ខាង​មុខ​ក្រុមហ៊ុន ហ័ងអាញ នេះ គឺ​មកពី​ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ចំនួន ២​ភូមិ និង​មកពី​ឃុំ​ស្រែអង្គ្រង ស្រុក​កូនមុំ ខេត្ត​រតនគិរី មួយ​ភូមិ។

ជំទប់​ទី​១ ឃុំ​ស្រែអង្គ្រង អ្នកស្រី វ៉ែន ភូមី ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ដកស្រង់​សម្ដី​ថា ពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា​នេះ​ដោយសារ​ក្រុមហ៊ុន​វៀតណាម បាន​បិទ​ផ្លូវ​មិន​ឲ្យ​ពលរដ្ឋ​ឆ្លងកាត់ ខណៈ​កន្លងមក អ្នកស្រី​ក៏​ធ្លាប់​បាន​ទៅ​ជជែក​ជាមួយ​ក្រុមហ៊ុន​ដែរ ដោយ​ស្នើសុំ​កុំ​ឲ្យ​បិទ​ផ្លូវ ប៉ុន្តែ​ក្រុមហ៊ុន​វៀតណាម​មិន​បាន​ធ្វើ​តាម​ឡើយ។

អ្នកស្រី​ក៏​ធានា​មិន​ឲ្យ​សត្វ​គោ​របស់​ពលរដ្ឋ​ចូល​ទៅ​ក្នុង​ចម្ការ​ចេក​របស់​ក្រុមហ៊ុន​ឡើយ។ ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ចោទប្រកាន់​ទៅ​លើ​ពលរដ្ឋ​ថា​លួច​របស់​ក្រុមហ៊ុន​នោះ ស្នើ​ឲ្យ​ចាប់​ខ្លួន​អ្នក​នោះ​ជាង​បិទ​ផ្លូវ​ដែល​បង្ក​ផល​លំបាក​ដល់​ពលរដ្ឋ​ជិត ៨០០​គ្រួសារ​មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លងកាត់។

ជំទប់​ទី​១ ឃុំ​ស្រែអង្គ្រង​រូប​នេះ​បញ្ជាក់​ថា ការ​បិទ​ផ្លូវ​ពី​សំណាក់​ក្រុមហ៊ុន​វៀតណាម បាន​ធ្វើ​ឲ្យ​ក្មេងៗ​មិន​អាច​ទៅ​រៀន​បាន ហើយ​កសិករ​ក៏​មិន​អាច​ដឹក​បន្លែ​ទៅ​លក់​នៅ​ផ្សារ​បាន​ដែរ។

អ្នកស្រី​បន្ត​ថា ក្រុមហ៊ុន​វៀតណាម​មិន​បាន​គោរព​អាជ្ញាធរ​មូលដ្ឋាន​ឡើយ ដោយ​ថា​ផ្លូវ​ដែល​ក្រុមហ៊ុន​បិទ​នេះ ពួកគាត់​បាន​ឆ្លងកាត់​តាំងពី​មិន​ទាន់​មាន​ក្រុមហ៊ុន​ចូល​មក​អភិវឌ្ឍ​មក​ម៉្លេះ។

មិន​មែន​តែ​អាជ្ញាធរ​ឃុំ​ទេ​ដែល​បាន​ត្អូញត្អែរ​នោះ សូម្បីតែ​អាជ្ញាធរ​ខេត្ត ស្រុក ក៏​បាន​លើកឡើង​អំឡុង​ពេល​ចុះ​ទៅ​ដោះស្រាយ​ថា ក្រុមហ៊ុន​វៀតណាម​ធ្វើ​អ្វី​តាម​ទំនើង​ចិត្ត ដោយ​មិន​បាន​ជូនដំណឹង និង​គោរព​អាជ្ញាធរ​ម្ចាស់​ស្រុក​ឡើយ។

បើ​តាម​ជំទប់​ទី​១ ឃុំ​ស្រែអង្គ្រង អ្នកស្រី វ៉ែន ភូមី បញ្ជាក់​ថា ក្រុមហ៊ុន ហ័ងអាញ វៀតណាម នេះ បាន​បិទ​ផ្លូវ​មិន​ឲ្យ​ពលរដ្ឋ​ឆ្លងកាត់​តាំងពី​ថ្ងៃទី​២៤ រហូត​ដល់​ថ្ងៃទី​២៧ ខែ​កុម្ភៈ បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​ចុះ​អន្តរាគមន៍​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន។

យោង​តាម​គេហទំព័រ​របស់​ក្រសួង​ពាណិជ្ជកម្ម ឲ្យ​ដឹង​ថា ក្រុមហ៊ុន ហ័ងអាញ លំផាត់ និង ហ័ងអាញ អណ្ដូងមាស គឺ​មាន​ថៅកែ​រួម​តែ​មួយ គឺ​លោក Nguyen Van Thu ជា​ជនជាតិ​វៀតណាម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស