38.1 C
Phnom Penh

អង្គការ​សង្គម​ស៊ីវិល៖ ស្ត្រី​ដែល​មាន​និន្នាការ​ឯករាជ្យ​មិន​ទទួល​បាន​ការ​គាំពារ​ពី​រដ្ឋាភិបាល​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា ប្រទេស​កម្ពុជា​មាន​ច្បាប់​តែ​មួយ​សម្រាប់​ពលរដ្ឋ​គ្រប់​រូប ប៉ុន្តែ​ត្រូវ​បាន​យក​ទៅ​អនុវត្ត​ដោយ​ការ​ប្រកាន់​យក​ស្តង់ដារ​ពីរ ដែល​ក្នុង​នោះ ស្ត្រី​ដែល​មាន​និន្នាការ​ឯករាជ្យ​មិន​ដែល​ទទួល​បាន​ការ​គាំពារ​ពី​រដ្ឋាភិបាល​ឡើយ។

នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ មីនា នេះ​ថា សព្វថ្ងៃ​នេះ ក្រុម​ស្ត្រី​ដែល​ចេញ​តវ៉ា​រក​ភាព​យុត្តិធម៌​ដែល​ត្រូវ​តទល់​ជាមួយ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​រដ្ឋាភិបាល តែង​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​ប្រចាំ ដូចជា​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ដែល​នាំគ្នា​តវ៉ា​រក​យុត្តិធម៌​ឲ្យ​ស្វាមី​របស់​ពួកគេ​ដែល​កំពុង​ជាប់​ពន្ធនាគារ​សព្វថ្ងៃ​នេះ ជាដើម។

លោក មឿន តុលា លើក​ឡើង​ថា សព្វថ្ងៃ​នេះ ស្ត្រី​ដែល​បំពេញ​ការងារ​ក្នុង​ស្ថាប័ន​ឯករាជ្យ ដូចជា​អង្គការ​ក្រៅ​រដ្ឋាភិបាល សហជីព និង​ស្ថាប័ន​សារព័ត៌មាន ជាដើម តែង​រង​នូវ​ការ​បៀតបៀន​ពី​អាជ្ញាធរ ដោយ​ការ​ប្រើ​អំពើ​ហិង្សា​ជា​ប្រចាំ ប៉ុន្តែ​គ្មាន​ចំណាត់ការ​ណា​មួយ​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​អ្នក​ប្រព្រឹត្តិ​ឡើយ។ ជាក់ស្តែង ដូចជា​ការ​ប្រើ​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​ទៅ​ក្រុម​ស្ត្រី​ដែល​ជា​កូដករ​ណាហ្គា​វើលដ៍ កាលពី​ពេល​កន្លងទៅ ជាដើម។ ជាង​នេះ​ទៀត ការ​បៀតបៀន​លើ​ស្ត្រី​អ្នក​សារព័ត៌មាន​របស់​អង្គភាព​សារព័ត៌មាន វីអូឌី ក៏​មិន​ត្រូវ​ដាក់​ទោស​ទណ្ឌ​លើ​ជន​អ្នក​ប្រព្រឹត្តិ​ផង​ដែរ។

នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​រូប​នេះ អំពាវនាវ​កុំ​ឲ្យ​អ្នក​នយោបាយ​ធ្វើ​ប្រជាភិថុតិ​លើ​ពលរដ្ឋ​ខ្លួនឯង​បន្ត​ទៀត ព្រោះ​អ្នក​នយោបាយ​ខ្លះ​ប្រើ​លេស​យក​ថ្ងៃ​ទិវា​អន្តរជាតិ​នារី ៨​មីនា អំពាវនាវ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​ស្ត្រី ប៉ុន្តែ​ក្រោយ​ថ្ងៃ ៨​មីនា បែរ​ជា​ពួកគេ​នាំគ្នា​គាបសង្កត់​លើ​សិទ្ធិ​ស្ត្រី​ដែល​ចេញ​តវ៉ា​ដើម្បី​យុត្តិធម៌​សង្គម​ទៅវិញ។

អង្គការ​សង្គម​ស៊ីវិល​ជាច្រើន ដូចជា​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម (CFSWF) សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC Association) សហព័ន្ធ​សហជីព​កម្ពុជា (CATU) និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) ជាដើម បាន​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី ៨​មីនា លើក​ទី​១១២ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្រោម​ប្រធានបទ គាំពារ​ស្ត្រី និង​ក្មេងស្រី​ដើម្បី​យុត្តិធម៌​ទាំងអស់​គ្នា កាលពី​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០២៣ នេះ។

ក្នុង​ពិធី​នេះ ពួកគេ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​នូវ​ទុក្ខ​កង្វល់​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​គាំពារ​សង្គម និង​ភាព​អយុត្តិធម៌​សម្រាប់​ស្ត្រី ក្មេងស្រី​ចំនួន ១៧​ចំណុច​តាម​វិស័យ​នីមួយៗ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ស្ត្រី និង​ក្មេងស្រី​ដែល​កំពុង​រងគ្រោះ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

ការ​ទាមទារ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ មាន​ដូចជា រដ្ឋាភិបាល​ត្រូវតែ​ផ្តល់​ជម្រក​សុវត្ថិភាព​សម្រាប់​ស្ត្រី​ដែល​ជួប​បញ្ហា​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​សម្រាប់​កម្មករ​ស្ត្រី​ដែល​ធ្វើការ​តាម​ផ្ទះ និង​កម្មករ​ចំណាកស្រុក ជាដើម។ លើស​ពី​នេះ ត្រូវ​ចាត់​វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​អំពើ​ហិង្សា និង​ការ​បៀតបៀន​គ្រប់​ទម្រង់​មក​លើ​ស្ត្រី​ដោយ​គ្មាន​ការ​លើកលែង។

ជាង​នេះ​ទៀត ត្រូវ​ចាត់​វិធាន​រដ្ឋបាល​ជាក់លាក់ និង​បញ្ឈប់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​អ្នក​ការពារ​សិទ្ធិមនុស្ស សិទ្ធិ​ដីធ្លី បរិស្ថាន និង​សិទ្ធិ​ការងារ​ផង​ដែរ។ បន្ថែម​ពី​នេះ រដ្ឋាភិបាល​ត្រូវតែ​ធ្វើ​កំណែ​ទម្រង់​នូវ​មធ្យោបាយ​ដឹកជញ្ជូន​កម្មករ​ក្នុង​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ និង​ស្បែកជើង​ឲ្យ​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន។

ជាង​នេះ​ទៀត រដ្ឋាភិបាល​ត្រូវ​កែលំអ​លក្ខខណ្ឌ​ការងារ និង​ពង្រឹង​យន្តការ​ការពារ​អ្នក​ធ្វើ​ការងារ​តាម​ផ្ទះ និង​ពង្រឹង​យន្តការ​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​ពី​ការ​កេងប្រវ័ញ្ច​ការងារ ការ​ជួញដូរ​មនុស្ស និង​ទាសភាព​ក្នុង​សម័យ​ទំនើប ព្រមទាំង​ពង្រីក​វិសាលភាព​នៃ​ប្រព័ន្ធ​គាំពារ​សង្គម​ឱ្យ​បាន​ល្អ​ថែម​ទៀត។

កាលពី​ឆ្នាំ​២០២០ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣ ដែល​តម្រូវ​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ទប់ស្កាត់ បង្ក្រាប និង​ការពារ​ជនរងគ្រោះ​ដែល​ជា​ស្ត្រី​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

បែប​នេះ​ក្តី ស្ត្រី និង​ក្មេងស្រី​ដែល​ជា​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន សកម្មជន​នយោបាយ បក្ស​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ តែង​រង​នូវ​ការ​គាបសង្កត់ និង​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ ជាក់ស្តែង សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី ប្រធាន​សហជីព​ទ្រទ្រង់​បុគ្គលិក​កម្មករ​ខ្មែរ កញ្ញា ឈឹម ស៊ីថរ កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ទាំង​អយុត្តិធម៌ ដោយសារតែ​តវ៉ា​ដើម្បី​សិទ្ធិ​សេរីភាព​របស់​កម្មករ និង​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​កន្លងមក។

ប្រទេស​កម្ពុជា​បាន​ចុះហត្ថលេខា និង​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្ដីពី​ការ​លុបបំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​លើ​ស្ត្រី កាលពី​ឆ្នាំ​១៩៩២ ហើយ​អនុសញ្ញា​នេះ​បាន​បញ្ចូល​នូវ​អនុសាសន៍​ដើម្បី​កាត់បន្ថយ​នូវ​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ ការ​រើសអើង និង​បង្កើន​នូវ​វិធានការ​លើក​កម្ពស់ និង​ការ​គោរព​ស្ត្រី​យ៉ាង​ម៉ឺងម៉ាត់​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស