41.3 C
Phnom Penh

ពលរដ្ឋ​១៨៨​គ្រួសារ​ចោទ​អាជ្ញាធរ​និង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ដែនដី​ថា​គប់គិត​គ្នា​យក​ដីធ្លី​ពួកគាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋ​ចំនួន ១៨៨​គ្រួសារ​ស្ថិត​នៅ​ឃុំ​ស្គុះ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​ចោទ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​រៀបចំ​ដែនដី ថា​បាន​គប់គិត​គ្នា​យក​ដី​ប្រជាពលរដ្ឋ​ចំនួន ២៩​ហិកតារ​ក្រោម​ហេតុផល​ថា យក​ដី​ទៅ​ឲ្យ​រដ្ឋ​ដើម្បី​អភិវឌ្ឍ។

ប្រជាពលរដ្ឋ​ប្រមាណ ២០​នាក់​ស្ថិត​នៅ​ក្នុង​តំបន់​ជ្រោះរការ ភូមិ​ដូនអាត់ ឃុំ​ស្គុះ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ មីនា នេះ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​លើ​ដី​ជម្លោះ ដោយ​មាន​កាន់​រូបថត​លោក ហ៊ុន សែន និង​ភរិយា ដើម្បី​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​បញ្ហា​ដីធ្លី ដោយ​ពួកគេ​ចោទ​ថា អាជ្ញាធរ​មូលដ្ឋាន​និង​ខេត្ត បាន​យក​ដីធ្លី​របស់​ពួកគេ​ទៅ​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ប៉ាក់ ចាន់ផល។

លោក ជា សាវឿន ដែល​អះអាង​ថា​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ ១៨៨​គ្រួសារ​នៅ​ឃុំ​ស្គុះ ស្រុក​សំរោងទង បាន​លើកឡើង​ថា ពួកគាត់​នាំគ្នា​ប្រមូលផ្ដុំ​តវ៉ា​នា​ថ្ងៃ​នេះ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​បាន​គប់គិត​គ្នា​ជាមួយ​លោក ប៉ាក់ ចាន់ផល យក​ដី​ពួកគាត់​ដែល​អាស្រ័យ​ផល​ជាច្រើន​ឆ្នាំ​ទៅ​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​មិន​បាន​ទៅ​យក​អភិវឌ្ឍ​បម្រើ​ផល​ប្រយោជន៍​រួម​ដូច​ការ​អះអាង​ប្រាប់​ពួកគាត់​ឡើយ។

លោក​បន្ត​ថា បញ្ហា​ដីធ្លី​នេះ ពួកគាត់​បាន​នាំគ្នា​តវ៉ា​ជាច្រើន​លើក ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ។ ក្រៅពី​មិន​ដោះស្រាយ​ហើយ តំណាង​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា អំឡុង​ឆ្នាំ​២០២១ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ដែនដី លោក ប៉ាក់ ចាន់ផល បាន​ហៅ​លោក​ទៅ​ជួប​ជជែក ដោយ​សន្យា​ផ្ដល់​ដី​មួយ​ឡូត៍ និង​ប្រាក់​មួយ​ចំនួន​ទៀត ជា​ថ្នូរ​ទៅ​នឹង​ការ​ឈប់​ធ្វើជា​តំណាង​ឲ្យ​ពលរដ្ឋ​ជាង ១០០​គ្រួសារ ដោយ​មាន​ការ​សម្របសម្រួល​ពី​អធិការ​ស្រុក​សំរោងទង ប៉ុន្តែ​ការ​ផ្ដល់​នេះ​ត្រូវ​បាន​លោក​បដិសេធ។

លោក ជា សាវឿន អំពាវនាវ​ទៅ​លោក ហ៊ុន សែន ឲ្យ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​ដល់​ពួកគាត់​ទាំង ១៨៨​គ្រួសារ ដោយ​ថា​កន្លងមក ពួកគាត់​បាន​នាំគ្នា​ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន ខេត្ត រហូត​ដល់​ក្រសួង​រៀបចំ​ដែនដី ខណៈ​ក្រសួង​មហាផ្ទៃ​បាន​ចេញ​ចំណារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​ដែរ ប៉ុន្តែ​មក​ដល់​ពេលនេះ អភិបាល​ខេត្ត​កំពង់ស្ពឺ លោម វ៉ី សំណាង មិន​បាន​អើពើ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ជូន​ពួកគាត់​ឡើយ។

តំណាង​ពលរដ្ឋ​ម្នាក់​ទៀត លោកស្រី ម៉ាលីស សាវឿន បាន​រៀបរាប់​ថា ពួកគាត់​ទាំង ១៨៨​គ្រួសារ​ប្រគល់​ដី​ចំនួន ២៩​ហិកតារ​ទៅ​ឲ្យ​រដ្ឋ​វិញ បន្ទាប់ពី​អាជ្ញាធរ​អះអាង​ថា រដ្ឋ​ត្រូវការ​ដី​នេះ​ដើម្បី​អភិវឌ្ឍ​សម្រាប់​បម្រើ​ផល​ប្រយោជន៍​រួម ប៉ុន្តែ​ជាក់ស្ដែង​លោកស្រី​ថា ដី​ដែល​អាជ្ញាធរ​យក​ពី​ពួកគាត់​នោះ គឺ​មិន​បាន​យក​ទៅ​អភិវឌ្ឍ​ឡើយ តែ​បែរ​ជា​យក​ទៅ​ឱ្យ​លោក ប៉ាក់ ចាន់ផល ទៅវិញ។

លោកស្រី​ចាត់ទុក​ការ​លើកឡើង​របស់​អាជ្ញាធរ​មូលដ្ឋាន​ជា​ការ​បោកប្រាស់​ប្រជាពលរដ្ឋ ក្នុង​ចេតនា​ទុច្ចរិត​ដើម្បី​ផល​ប្រយោជន៍​ខ្លួនឯង ខណៈ​ដី​ចំនួន ២៩​ហិកតារ​ដែល​ពួកគាត់​តវ៉ា​នេះ ពលរដ្ឋ​បាន​អាស្រ័យផល​តាំងពី​ឆ្នាំ​១១៩៨០ មក​ម្ល៉េះ។

លោកស្រី ម៉ាលីស សាវឿន បញ្ជាក់​ថា ដី​ដែល​អាជ្ញាធរ និង​លោក ប៉ាក់ ចាន់ផល គប់គិត​គ្នា​យក​នេះ បច្ចុប្បន្ន​កំពុង​ឈូស​ឆាយ​ដើម្បី​ពុះ​ជា​ដី​ឡូត៍​លក់​ផង​ដែរ។

លោកស្រី​បញ្ជាក់​ថា នៅ​ពេល​ពួកគាត់​តវ៉ា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សំណង់​នៃ​ក្រសួង​រៀបចំ​ដែនដី លោក ប៉ាក់ ចាន់ផល បាន​គំរាម ហើយ​ប្ដឹង និង​ឃុំ​ខ្លួន​លោកស្រី​ផង​ដែរ ខណៈ​ពលរដ្ឋ​ដែល​ធ្លាប់​តវ៉ា​កន្លងមក​បាន​បោះបង់ ដោយសារ​លោក ប៉ាក់ ចាន់ផល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សំណង់​នៃ​ក្រសួង​រៀបចំ​ដែនដី បាន​គំរាមកំហែង​ពួកគាត់។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​ពី​មេឃុំ​ស្គុះ និង​លោក ប៉ាក់ ចាន់ផល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សំណង់​នៃ​ក្រសួង​រៀបចំ​ដែនដី ជុំវិញ​រឿង​នេះ​ទេ។

ជុំវិញ​រឿង​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២៣ កន្លងទៅ បាន​ស្ដីបន្ទោស​អភិបាល​រាជធានី-ខេត្ត រួម​ទាំង​មន្ត្រី​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​អសកម្ម​ក្នុង​តួនាទី​របស់​ខ្លួន ដោយ​បាន​ព្រងើយ​កន្តើយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ។

លោក​បញ្ជាក់​ថា អាជ្ញាធរ​ខ្លះ​មិន​ធ្វើការ​ឡើយ បើ​ថ្នាក់​លើ​មិន​ស្រែក ដោយ​ពួកគេ​នៅ​ស្ងាត់​ដូច​ចោរ​លួច​សេះ ដោយ​បញ្ហា​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ក៏​មិន​ដោះស្រាយ ហើយ​ក៏​មិន​រាយការណ៍​ទៅ​ថ្នាក់​លើ​ដែរ។ ដូច្នេះ លោក​ថា​អាជ្ញាធរ​ទាំងនោះ​ទៅ​ធ្វើ​ភ្នាក់ងារ​រដ្ឋាភិបាល​ខ្មោច​យក​អី បើ​ពួកគេ​សម្ងំ​សុខ​នៅ​នុ៎ង។

បើ​តាម​តំណាង​របស់​ប្រជាពលរដ្ឋ ឲ្យ​ដឹង​ថា ដីធ្លី​ចំនួន ២៩​ហិកតារ​ស្ថិត​នៅ​ក្នុង​តំបន់​ជ្រោះរការ ភូមិ​ដូនអាត់ ឃុំ​ស្គុះ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ មាន​ជម្លោះ​ជាមួយ​លោក ប៉ាក់ ចាន់ផល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សំណង់​នៃ​ក្រសួង​រៀបចំ​ដែនដី តាំងពី​ឆ្នាំ​២០១១ មក​ម្ល៉េះ ហើយ​រហូត​ដល់​បច្ចុប្បន្ន​នេះ​នៅ​មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស