31 C
Phnom Penh

លោក សាយ សំអាល់ ថា​បក្ស​កាន់​អំណាច​ជា​បក្ស​មាន​លក្ខណៈ​បើក​ចំហ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ថា ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា បាន​រឹតត្បិត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ ផ្ទុយ​ពី​ការ​លើកឡើង​របស់​លោក សាយ សំអាល់ ដែល​អះអាង​ថា​បក្ស​កាន់​អំណាច គឺជា​គណបក្ស​ដែល​មាន​លក្ខណៈ​បើក​ចំហ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មីនា នេះ​ថា ក្នុង​ប្រទេស​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត ប៉ុន្តែ​គណបក្ស​នយោបាយ​គ្មាន​សិទ្ធិ​គំរាមកំហែង​ពលរដ្ឋ ឬ​អ្នក​ដែល​មាន​និន្នាការ​នយោបាយ​ផ្សេង​ឲ្យ​មក​គាំទ្រ​បក្ស​របស់​ខ្លួន​នោះ​ឡើយ។

លោក សេក សុជាតិ លើកឡើង​ថា ដោយឡែក​ការ​អះអាង​របស់​លោក សាយ សំអាល់ ដែល​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ពី​ចំណុច​សូន្យ​រហូត​មាន​ការ​អភិវឌ្ឍ​នោះ ពិត​ជា​មិន​ខុស​នោះ​ទេ ប៉ុន្តែ​បក្ស​កាន់​អំណាច​គួរតែ​មាន​តម្លាភាព​លើ​កញ្ចប់​ថវិកា​ក្នុង​ការ​អភិវឌ្ឍ​ជាតិ ជាពិសេស​កម្ចី​ដែល​ខ្លួន​បាន​ខ្ចី​ពី​បរទេស​ដើម្បី​ធ្វើការ​អភិវឌ្ឍ​កន្លងមក។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ពិត​មែន​ថា​មាន​ការ​អភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច ប៉ុន្តែ​កម្ពុជា​ក៏​ជំពាក់​បំណុល​បរទេស​មិន​តិច​ដែរ​សព្វថ្ងៃ​នេះ ខណៈ​ការ​គោរព​សិទ្ធិមនុស្ស និង​ការ​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ ក៏​ត្រូវ​រង​នូវ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​នានា​ថែម​ទៀត ដូច្នេះ​សរុប​ជា​រួម​មក កម្ពុជា​ត្រូវ​ធានា​នូវ​ការ​ដឹកនាំ​មួយ​ដែល​ពលរដ្ឋ​អាច​ទទួល​យក​បាន​ជាង​ពេល​បច្ចុប្បន្ន​នេះ។

នៅ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៣ នេះ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​សមាជិក​របស់​ខ្លួន​ក្នុង​ខេត្ត​ព្រះសីហនុ ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​មួយ​ដែល​មាន​លក្ខណៈ​បើក​ចំហ ដែល​អ្នក​ណា​ក៏​អាច​ចូល​មក​រួម​រស់​ជាមួយ​បាន ដើម្បី​រួម​គ្នា​កសាង​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​មុខ។

លោក សាយ សំអាល់ លើកឡើង​ថា ការ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​កម្លាំង​នាំ​កម្ពុជា​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​សម្រាប់​អនាគត​របស់​ពលរដ្ឋ​ខ្មែរ​ទាំងមូល ត្បិត​ភស្តុតាង​ជាក់ស្តែង គឺ​បាន​បង្ហាញ​ថា គណបក្ស​បាន​ចាប់ផ្តើម​ដឹកនាំ​កម្ពុជា​ពី​ចំណុច​សូន្យ​រហូត​ដល់​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្នុង​នោះ​ពលរដ្ឋ​មាន​ជីវភាព​ធូរធារ រួម​ទាំង​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ហើយ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​កើន​ឡើង​ជា​លំដាប់​ផង​ដែរ។

ប៉ុន្តែ​ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា របៀប​ដឹកនាំ និង​ចាត់ចែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កន្លងមក មិនមែន​ជា​គណបក្ស​បើក​ចំហ​ដូច​លោក សាយ សំអាល់ លើកឡើង​នោះ​ទេ ព្រោះ​បក្ស​នេះ​មាន​ដើមកំណើត​ពី​បក្ស​កុម្មុយនីស្ត​វៀតណាម ដូច្នេះ​ប្រព័ន្ធ​គ្រប់គ្រង និង​ចាត់ចែង​របស់​ពួកគេ គឺ​ធ្វើឡើង​តាម​បែប​អង្គការ​ចាត់តាំង​ទាំងអស់ ដែល​ក្នុង​នោះ​ពួកគេ​តែងតែ​ប្រើ​វិធី​គំរាមកំហែង បំភិត​បំភ័យ និង​គាបសង្កត់ ជាដើម ទៅ​លើ​អ្នក​ដែល​មិន​គាំទ្រ​ខ្លួន។

ជាក់ស្តែង នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​របស់​កម្ពុជា​សព្វថ្ងៃ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រើ​បណ្ដាញ​អង្គការ​ចាត់តាំង​របស់​ពួកគេ​ចូល​ទៅ​គ្រប់​ផ្នែក​ទាំងអស់ ដើម្បី​ទាញ​យក​មន្ត្រី​រាជការ​គ្រប់​ជាន់​ថ្នាក់​ឲ្យ​ចូល​ជា​សមាជិក​របស់​ខ្លួន ហើយ​ពួកគេ​បាន​ប្រើ​សមាសភាព​ជា​មន្ត្រី​រាជការ​សាធារណៈ​របស់​រដ្ឋ ធ្វើ​ការងារ​បម្រើ​ឲ្យ​បក្ស​កាន់​អំណាច​ដោយ​បើក​ចំហ ដូចជា​លោក សាយ សំអាល់ ធ្វើ​នៅ​ពេលនេះ ជាដើម។

កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ក្រោយ​វៀតណាម​លើក​បន្តុប​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ​១៩៨៥ ត្រូវ​គេ​មើល​ឃើញ​ថា ប្រទេស​ដ៏​កម្សត់​មួយ​នេះ​បាន​ធ្លាក់​ទៅ​ក្នុង​គ្រោះថ្នាក់​ដែល​អាច​នឹង​បាត់បង់​ប្រទេស​ទាំងមូល​នៅ​ថ្ងៃ​អនាគត ដោយសារតែ​មេដឹកនាំ​នៃ​ប្រទេស​នេះ​បាន​ឃុបឃិត​ប្រព្រឹត្ត​រឿង​ខុស​ច្បាប់​ជាមួយ​បរទេស​ឈ្លានពាន​យ៉ាង​ធ្ងន់ធ្ងរ។

ជាក់ស្តែង កាលពី​ដើម​ឆ្នាំ​១៩៨៦ លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​ឱ្យ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​មាន​សិទ្ធិ​ទៅ​រស់​នៅ​លើ​ទឹកដី​កម្ពុជា​ដែល​មាន​សុពលភាព​រហូត​មក​ដល់​ពេលនេះ។ ជាង​នេះ​ទៅ​ទៀត មេដឹកនាំ​ខ្មែរ​រូប​នេះ​ក៏​បាន​ចុះហត្ថលេខា​កំណត់​ព្រំដែន​ទឹក និង​គោក​ជាមួយ​វៀតណាម​ដោយ​ខុស​ច្បាប់​ផង​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​និយាយ​ថា កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន មិន​ត្រឹមតែ​បាត់បង់​ទឹកដី​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជំពាក់​បំណុល​បរទេស​វ័ណ្ឌក​ថែម​ទៀត ជាពិសេស​គឺ​បំណុល​ទ្វេភាគី​ជាមួយ​ចិន​តែម្តង ដែល​ជា​បំណុល​គ្មាន​តម្លាភាព និង​ការប្រាក់​ខ្ពស់ ជាដើម។

អ្វី​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​នោះ គឺ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​រំលោភ​ច្បាប់ រំលោភ​ព្រះមហាក្សត្រ រំលោភ​សិទ្ធិ​ពលរដ្ឋ សម្លាប់​លទ្ធិប្រជាធិបតេយ្យ សម្លាប់​បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ សម្លាប់​ពលរដ្ឋ​ស្លូតត្រង់​ក្រៅ​ប្រព័ន្ធ​ច្បាប់ ធ្វើ​ឱ្យ​ពលរដ្ឋ​រស់នៅ​រង​ទុក្ខ បាត់បង់​ដីធ្លី បណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​ទាំង​បង្ខំ​យក​ដី​លក់​ឲ្យ​ក្រុម​នាយទុន ដែល​រឿង​ទាំងអស់​នេះ​កំពុង​កើតមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​អនាធិបតេយ្យ​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស