33.2 C
Phnom Penh

សម្តេច​ម៉ែ៖ ព្រះរាជ​ដំណាក់​ខេត្ត​សៀមរាប​ជា​កន្លែង​ប្រវត្តិសាស្ត្រ​និង​អត្ថន័យ​ជាតិ​ដ៏​ធំធេង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ មាន​បន្ទូរ​ថា ព្រះរាជ​ដំណាក់​ខេត្ត​សៀមរាប ដែល​អគ្គីភ័យ​ឆេះឆាប​ថ្មីៗ​នេះ​បាន​បន្សល់​នូវ​អនុស្សាវរីយ៍ ប្រវត្តិសាស្ត្រ និង​អត្ថន័យ​ជាតិ​ដ៏​ធំធេង​ជាមួយ​នឹង​ព្រះរាជ​បូជនីយកិច្ច​តស៊ូ​ទាមទារ​ឯករាជ្យ។

បើ​តាម​ព្រះរាជសារ​ពី​ក្រុង​ប៉េកាំង នា​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៣ របស់​សម្តេច​ព្រះ​មហាក្សត្រី នរោត្ដម មុនីនាថ សីហនុ បាន​ថ្លែង​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ជូន​ដល់​ជន​រួម​ជាតិ និង​អន្តរជាតិ ដែល​បាន​ផ្ញើ​សារ​មក​ខ្ញុំ​ផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជាច្រើន ដើម្បី​សម្ដែង​នូវ​សមានចិត្ត​សោកស្តាយ​ចំពោះ​ព្រឹត្តិការណ៍​ឧបទ្ទវហេតុ​យ៉ាង​តក់ស្លុត និង​រន្ធត់​បំផុត​លើ​ព្រះរាជ​ដំណាក់​ខេត្ត​សៀមរាប ដោយ​គ្រោះ​អគ្គីភ័យ​ឆេះឆាប​នា​យប់​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៣ វេលា​ម៉ោង ២២:០៥​នាទី​កន្លងទៅ​នេះ។

ក្រៅពី​ថ្លែង​អំណរគុណ​ដល់​ជន​រួម​ជាតិ និង​អន្តរជាតិ​ហើយ ព្រះ​មហាក្សត្រី​ក៏​បាន​ថ្លែង​អំណរគុណ​ថ្នាក់​ដឹកនាំ និង​មន្ត្រី​នៃ​ក្រសួង​ព្រះបរមរាជវាំង ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​សមត្ថកិច្ច ក្រុម​ពន្លត់​អគ្គីភ័យ ក្រុមប្រឹក្សា និង​គណៈ​អភិបាល​ខេត្ត ដែល​បាន​ជួយ​អន្តរាគមន៍​បាន​ភ្លាមៗ។

ព្រះ​មហាក្សត្រី​មាន​បន្ទូរ​ថា ព្រះរាជ​ដំណាក់​ខេត្ត​សៀមរាប ដែល​ត្រូវ​អគ្គីភ័យ​ឆេះ​មាន​អាយុកាល​ជាង ៧០​ឆ្នាំ​មក​ហើយ។ ព្រះរាជដំណាក់​នេះ ព្រះ​មហាក្សត្រី​មាន​បន្ទូរ​បញ្ជាក់​ថា បាន​បន្សល់​នូវ​អនុស្សាវរីយ៍ ប្រវត្តិសាស្ត្រ និង​អត្ថន័យ​ជាតិ​ដ៏​ធំធេង​ជាមួយ​នឹង​ព្រះរាជ​បូជនីយកិច្ច​តស៊ូ​ទាមទារ​ឯករាជ្យ បន្ទាប់ពី​ការ​យាង​បំពេញ​យុទ្ធនាការ​នៅ​បរទេស រួម​មាន បារាំង កាណាដា អាមេរិក ជប៉ុន និង​ថៃឡង់។

ព្រះ​មហាក្សត្រី​មាន​បន្ទូរ​ថា ព្រះករុណា​ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជបិតា​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ បាន​ដឹកនាំ​ការ​តស៊ូ​ជាមួយ​ការ​ចូលរួម​ដ៏​សកម្ម និង​ដ៏​អង់អាច​ក្លាហាន​ពី​សំណាក់​ជន​រួម​ជាតិ​គ្រប់​ស្រទាប់​វណ្ណៈ និង​គ្រប់​និន្នាការ​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម។

នៅ​អំឡុង​ខែ​មិថុនា ដល់​ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ ព្រះ​មហាក្សត្រី​ក៏​មាន​មហា​កិត្តិយស​បាន​ដង្ហែ​ព្រះបិតា​ឯករាជ្យ​ជាតិ​ក្នុង​ព្រះរាជ​បូជនីយកិច្ច​ប្រវត្តិសាស្ត្រ​ខាងលើ​នេះ​នៅ​ក្នុង​ខេត្ត​សៀមរាប ខេត្ត​កំពង់ធំ និង​ខេត្ត​បាត់ដំបង ដែល​ជា​តំបន់​ស្វយ័ត​នា​ពេល​នោះ រហូត​ទទួល​បាន​ជោគជ័យ​ជា​ស្ថាពរ​ជូន​ជាតិ​មាតុភូមិ​ទាំងមូល​នៅ​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ ផង​ដែរ។

ក្រោយពី​ព្រះរាជ​ដំណាក់​ត្រូវ​អគ្គីភ័យ​ឆេះ ព្រះ​មហាក្សត្រី​មាន​បន្ទូរ​ថា សម្ដេច​ចៅហ្វាវាំង​វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង បាន​ទូល​ស្នើសុំ​កសាង​ព្រះរាជ​ដំណាក់​ថ្មី ដែល​នឹង​ត្រូវ​រៀបចំ​ឡើងវិញ​នៅ​ពេល​ឆាប់ៗ​ខាងមុខ​នេះ។

បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ព្រះបរមរាជវាំង កាលពី​ថ្ងៃទី​១៣ មីនា ឲ្យ​ដឹង​ថា ករណី​អគ្គីភ័យ​ឆេះ​អគារ​ព្រះរាជ​ដំណាក់​តូច​ក្នុង​ព្រះរាជ​ដំណាក់​ខេត្ត​សៀមរាប បណ្តាល​មកពី​ឆ្លង​ចរន្ត​អគ្គិសនី ឬ​ទុស្សេ​ខ្សែ​ភ្លើង ខណៈ​ពលរដ្ឋ​ខេត្ត​សៀមរាប​បាន​បង្ហាញ​ការ​សោកស្ដាយ និង​មាន​មន្ទិល​ចំពោះ​អគ្គីភ័យ​ឆាបឆេះ​ព្រះរាជ​ដំណាក់​ស្ដេច​កាលពី​យប់​ថ្ងៃទី​១២ មីនា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស