40.3 C
Phnom Penh

លោក ហ៊ុន សែន ច្រានចោល​ការ​ចោទ​ថា​រដ្ឋាភិបាល​និង​បក្ស​ប្រជាជន​ដុត​រាជ​ដំណាក់​ខេត្ត​សៀមរាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ច្រានចោល​ការ​ចោទប្រកាន់​ថា រាជរដ្ឋាភិបាល​និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​នាំគ្នា​ដុត​ព្រះរាជ​ដំណាក់​ដែល​មាន​អាយុ ៧០​ឆ្នាំ​ក្នុង​ខេត្ត​សៀមរាប កាលពី​យប់​ថ្ងៃទី​១២ ខែ​មីនា។

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​បៀលប្រាយ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​មីនា នេះ លោក ហ៊ុន សែន ថ្លែង​ថា លោក​អនុញ្ញាត​ឲ្យ​ធ្វើការ​ជួសជុល​ព្រះរាជ​ដំណាក់​ខេត្ត​សៀមរាប ឡើងវិញ បន្ទាប់ពី​មាន​សំណើ​របស់​សម្តេច​ចៅហ្វាវាំង គង់ សំអុល។

លោក​បង្ហាញ​ការ​សោកស្ដាយ​ដែល​អគ្គីភ័យ​ឆេះ​ព្រះរាជ​ដំណាក់​ថ្មីៗ​នេះ និង​បាន​ច្រានចោល​ការ​ចោទប្រកាន់​ថា រាជរដ្ឋាភិបាល​និង​បក្ស​ប្រជាជន​កម្ពុជា​ដុត​ព្រះរាជ​ដំណាក់​ខេត្ត​សៀមរាប។

ក្រៅពី​បង្ហាញ​ការ​សោកស្ដាយ និង​ច្រានចោល​ហើយ លោក ហ៊ុន សែន ក៏​បាន​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​អ្នក​ចោទ​ប្រកាន់​លោក ហើយ​ថែមទាំង​បន់ស្រន់​ដល់​ព្រះអង្គ​ចេក​ព្រះអង្គ​ចម តាម​កាច់​កុំ​ប្រណី​ជាមួយ​អ្នក​ដែល​លោក​ថា​បំភ្លៃ​ការពិត​នោះ​ផង​ដែរ។

ប្រតិកម្ម​ខ្លាំងៗ​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃ​នេះ​បន្ទាប់ពី​អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ លើកឡើង​ថា ការ​ឆេះ​រាជដំណាក់​ខេត្ត​សៀមរាប អាច​មាន​អ្នក​ដុត ហើយ​អ្នក​នោះ​អាច​ជា​ក្រុម​សង្ឃ ៧​មករា ឬ​ពួក​ជន​កាន់​អំណាច។

លោក គឹម សុខ បញ្ជាក់​ថា ព្រះរាជ​ដំណាក់​នេះ​មាន​សន្តិសុខ ឬ​អ្នក​យាម​ទាំង​ថ្ងៃ​ទាំង​យប់ ហើយ​បើ​ទុស្សេ​ខ្សែភ្លើង​ពិត​មែន ហេតុ​អ្វី​បាន​ជា​ពួកគេ​មិន​ដឹង ដោយ​បណ្ដាល​ឲ្យ​ភ្លើង​ឆេះ​សន្ធោសន្ធៅ​បែប​នេះ ខណៈ​ព្រះរាជ​ដំណាក់​នេះ​វា​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ​ខ្មែរ ដោយសារ​មាន​អាយុ​លើស​ពី ៥០​ឆ្នាំ​ហើយ ដូច្នេះ​ការ​សង់ និង​រៀបចំ​ព្រះរាជ​ដំណាក់​មិនមែន​ជាង​ធម្មតា​ឡើយ។

មួយ​វិញ​ទៀត លោក​ថា​នៅ​ពេល​ដែល​ឆេះ​ព្រះរាជ​ដំណាក់​ហើយ ទាំង​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មិន​មាន​ប្រតិកម្ម​អ្វី​ទេ ហាក់ដូចជា​មាន​ការ​បណ្ដោយ​ឲ្យ​មាន​ការ​បំផ្លាញ​ព្រះរាជ​ដំណាក់​នេះ​តែម្តង។ ជាក់ស្ដែង លោក​ថា​ការ​ដុត​សាល​មហោស្រព​ចតុមុខ​កាលពី​ជាង ២០​ឆ្នាំ​មុន​ដោយ​ជាង​វៀតណាម ខណៈ​ថ្មីៗ​នេះ​លោក​ថា​ការ​វាយកម្ទេច​ចេតិយ និង​ព្រះវិហារ​បុរាណ ជាដើម។

ក្នុង​រយៈពេល​ជិត ៤០​ឆ្នាំ​ដែល​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​កម្ពុជា​នេះ សំណង់​បុរាណ​ដែល​មាន​អាយុកាល​ជាង ១០០​ឆ្នាំ​ជាច្រើន ត្រូវ​បាន​វាយ​កម្ទេច​ចោល​ជា​បន្តបន្ទាប់ ដោយ​មិន​មាន​ការ​អភិរក្ស​ដូច​បណ្ដា​ប្រទេស​ផ្សេងៗ​ឡើយ។

សំណង់​បុរាណ​ដែល​ត្រូវ​បាន​វាយ​កម្ទេច​ចោល​ដើម្បី​សង់​ថ្មី​នោះ មាន​ដូចជា៖

  • ព្រះវិហារ​បុរាណ​មួយ​នៅ «វត្ត​ឥន្ទ្រីយ៍សំវរៈ» ហៅ «វត្ត​កំពង់ធំ» ស្ថិត​ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវ​បាន​គេ​វាយ​កម្ទេច​ចោល​អំឡុង​ខែ​សីហា ឆ្នាំ​២០១៧ បើ​ទោះបីជា​ព្រះវិហារ​ដែល​គេ​វាយ​កម្ទេច​នោះ​កសាង​ឡើង​នៅ​ឆ្នាំ​១៩៤៨ និង​ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​នៅ​ឆ្នាំ​២០០៧ ហើយ​ក្ដី។
  • ភូមិ​បុរាណ​មួយ​មាន​អាយុ​ប្រមាណ ១​ពាន់​ឆ្នាំ​មុន​គ.ស. ស្ថិត​នៅ​សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ និង​កុដិ​បុរាណ​ចំនួន​៣ ក្នុង​វត្ត​ឧណ្ណាលោម រាជធានី​ភ្នំពេញ ដែល​មាន​អាយុកាល​ជិត ១០០​ឆ្នាំ ក៏​ត្រូវ​បាន​គេ​វាយ​កម្ទេច​ចោល​កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២២ ដើម្បី​យក​ទីតាំង​ធ្វើ​ជា​ចេតិយ​សម្រាប់​សម្ដេច​សង្ឃ​រាជាធិបតី ទេព វង្ស។

ក្រោយពី​មាន​ការ​ឆេះ​ព្រះរាជ​ដំណាក់ សម្តេច​ម៉ែ​មាន​បន្ទូរ​ថា ព្រះរាជ​ដំណាក់​ខេត្ត​សៀមរាប ជា​កន្លែង​ប្រវត្តិសាស្ត្រ និង​អត្ថន័យ​ជាតិ​ដ៏​ធំ ជាមួយ​នឹង​ព្រះរាជ​បូជនីយកិច្ច​តស៊ូ​ទាមទារ​ឯករាជ្យ​បន្ទាប់ពី​ការ​យាង​បំពេញ​យុទ្ធនាការ​នៅ​បរទេស រួមមាន​បារាំង កាណាដា អាមេរិក ជប៉ុន និង​ថៃឡង់។

ព្រះមហាក្សត្រី​មាន​បន្ទូរ​ថា ព្រះករុណា​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ បាន​ដឹកនាំ​ការ​តស៊ូ​ជាមួយ​ការ​ចូលរួម​ដ៏​សកម្ម និង​ដ៏​អង់អាច​ក្លាហាន​ពី​សំណាក់​ជន​រួម​ជាតិ​គ្រប់​ស្រទាប់​វណ្ណៈ និង​គ្រប់​និន្នាការ​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម។

បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ព្រះបរមរាជវាំង កាលពី​ថ្ងៃទី​១៣ មីនា ឲ្យ​ដឹង​ថា ករណី​អគ្គីភ័យ​ឆេះ​អគារ​ព្រះរាជ​ដំណាក់​តូច​ក្នុង​ព្រះរាជ​ដំណាក់​ខេត្ត​សៀមរាប បណ្តាល​មកពី​ឆ្លង​ចរន្ត​អគ្គិសនី ឬ​ទុស្សេ​ខ្សែភ្លើង ខណៈ​ពលរដ្ឋ​ខេត្ត​សៀមរាប បាន​បង្ហាញ​ការ​សោកស្ដាយ និង​មាន​មន្ទិល​ចំពោះ​អគ្គីភ័យ​ឆាបឆេះ​ព្រះរាជ​ដំណាក់​ស្ដេច​កាលពី​យប់​ថ្ងៃទី​១២ មីនា នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស