កម្មការិនីម្នាក់ដែលត្រូវបានកាយយកសពទារកក្នុងផ្ទៃដោយពោះវៀនមកក្រៅ ហើយកាត់ច្រឡំថាជាទងសុកនោះ បានទទួលមរណភាពបន្ទាប់មន្ទីរពេទ្យកាល់ម៉ែតបញ្ជូនដល់ស្រុកកំណើតរបស់នាងនៅខេត្តកំពត នៅម៉ោង ៤ទៀបភ្លឺកាលពីថ្ងៃទី១៦ ខែមីនា។
បើតាមលោក ឡឹម តារា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត ប្រាប់សារព័ត៌មានរបស់លោក ហ៊ុន សែន Fresh News ថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែតបានបញ្ជូនកម្មការិនីរងគ្រោះទៅដល់គេហដ្ឋានគាត់វិញតាមការស្នើសុំរបស់អ្នកជំងឺ ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ត្រីអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរខ្លាំង ទោះបីជាក្រុមគ្រូពេទ្យបានដាក់ឧបករណ៍សប់ដង្ហើមឲ្យហើយក្ដី ប៉ុន្តែនៅតែគ្មានសង្ឃឹម។
លោក ឡឹម តារា អះអាងថា កន្លងមកក្រុមគ្រូពេទ្យបានខំប្រឹងជួយសង្គ្រោះទាំងសមត្ថភាព និងលទ្ធភាពបច្ចេកទេស ហើយថែមទាំងបញ្ជូនស្ត្រីរងគ្រោះទៅព្យាបាលនៅវៀតណាម និងថៃ ទោះបីដឹងតាំងពីដំបូងថាគ្មានសង្ឃឹមរស់ក្ដី។
លោកថា បើស្ត្រីជនរងគ្រោះមានស្ថានភាពបែបនេះវាប្រឈមនឹងកត្តាគ្រោះថ្នាក់ ដូចជាការលេចធ្លាយទឹកប្រមាត់ ទឹកលំពែង ហូរចូលទៅក្នុងពោះ និងហូរចេញក្រៅវិញតាមទុយោបង្ហូរ ហើយដុំឈាមដែលកកក្នុងសរសៃឈាម រួមទាំងមិនអាចហូបអាហារតាមមាត់បានទៀត គឺត្រូវឲ្យអាហារ (វេជ្ជសាស្ត្រ) តាមសរសៃឈាមទាំងស្រុង។
លោកថា បន្ទាប់ពីរថយន្តសង្គ្រោះបញ្ជូនទៅដល់ផ្ទះដោយរៀបចំកន្លែងសម្រាកអស់ហើយ មួយសន្ទុះក្រោយមក កម្មការិនីរោងចក្រវ័យ ២២ឆ្នាំរូបនេះក៏បានទទួលមរណភាពតែម្តង។
តែយ៉ាងណា សារព័ត៌មាន The Cambodia Daily មិនទាន់អាចសុំការបំភ្លឺបន្ថែមពីអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត លោក ឡឹម តារា ថាតើខាងមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជូនកម្មការិនីរងគ្រោះពីមន្ទីរពេទ្យក្នុងប្រទេសវៀតណាម ឬប្រទេសថៃ តាំងពីថ្ងៃណានោះនៅឡើយទេ។
ចំណែកអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាបង្ហោះសារចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះនៅលើហ្វេសប៊ុករបស់ខ្លួន និងស្នើទៅមន្ទីរពេទ្យសម្ភពឯកជនទាំងអស់ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរ ខណៈអ្នកខ្លះទៀតបង្ហាញការសោកស្ដាយ និងរង់ចាំមើលវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។
កម្មការិនី សឿន ស្រីអូន អាយុ ២២ឆ្នាំ ជាកម្មការិនីកាត់ដេរមានអាសយដ្ឋាននៅខេត្តកណ្ដាល បានចូលទៅសម្រាកនៅគ្លីនិកដើមអង្គ្រង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យ គឺកូនស្លាប់ក្នុងស្បូនអាយុ ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយរំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិករយៈពេលមួយយប់ ហើយបានចេញទៅផ្ទះ។
ក៏ប៉ុន្តែនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានទៅគ្លីនិកដដែលម្ដងទៀតដោយមានសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម ដោយអាការៈធ្ងន់ធ្ងរ គ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅទីក្រុងភ្នំពេញ។
ក្រោយពីមានហេតុការណ៍នេះ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានសម្រេចបិទជាបណ្ដោះអាសន្នមន្ទីរសម្រាកព្យាបាលឯកជន ឬគ្លីនិកឯកជនឈ្មោះ «ដើមអង្គ្រង» ស្ថិតនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ បន្ទាប់ពីមានការធ្វេសប្រហែសធ្ងន់ធ្ងរផ្នែកបច្ចេកទេស ករណីកាយយកសាកសពទារកស្លាប់ក្នុងស្បូន ៥ខែដោយទាំងពោះវៀនមកក្រៅ ហើយកាត់ច្រឡំថាជាទងសុក។
ប៉ុន្តែសម្រាប់ម្ចាស់មន្ទីរសម្រាកព្យាបាលឯកជន ឬគ្លីនិកឯកជនឈ្មោះ «ដើមអង្គ្រង» ក្រសួងមិនទាន់មានវិធានការច្បាប់នៅឡើយទេ ខណៈគណៈវិជ្ជាជីវៈឆ្មបដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងនោះ បានសម្រេចដាក់ទោសទណ្ឌកម្មខាងវិន័យឆ្មបឈ្មោះ អ៊ុង ធារិន ដោយផ្អាកការប្រកបវិជ្ជាជីវៈឆ្មបបណ្ដោះអាសន្នរយៈពេល ២ឆ្នាំតាមច្បាប់ស្ដីពីការគ្រប់គ្រងវិជ្ជាជីវៈវិស័យសុខាភិបាល៕