32 C
Phnom Penh

ក្រសួង​ព័ត៌មាន​លុប​អាជ្ញាប័ណ្ណ​អង្គភាព​សារព័ត៌មាន​៣​ក្នុង​ថ្ងៃ​តែ​មួយ​ពាក់ព័ន្ធ​ក្រមសីលធម៌​វិជ្ជាជីវៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​សម្រេច​លុប​អាជ្ញាប័ណ្ណ​របស់​អង្គភាព​សារព័ត៌មាន​ចំនួន​៣ ក្នុង​ថ្ងៃ​តែ​មួយ ក្រោម​ហេតុផល​ថា អង្គភាព​សារព័ត៌មាន​ទាំងនោះ​បាន​ប្រព្រឹត្ត​កំហុស​ដោយ​គឃ្លើន​ខាង​ក្រមសីលធម៌​វិជ្ជាជីវៈ​ធ្ងន់ធ្ងរ ដែល​ផ្ទុយ​នឹង​កិច្ចសន្យា​អាជីវកម្ម​របស់​ខ្លួន​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​កន្លងមក។

អង្គភាព​សារព័ត៌មាន​ចំនួន​បី​នោះ​រួមមាន អង្គភាព​សារព័ត៌មាន​កម្ពុជា-អាស៊ាន អង្គភាព​សារព័ត៌មាន​ដំណឹង​ក្នុង​ស្រុក និង​អង្គភាព​សារព័ត៌មាន​រស្មី​កំពង់ចាម។

ការ​លុប​អាជ្ញាប័ណ្ណ​អង្គភាព​សារព័ត៌មាន​ខាងលើ​នេះ ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​កំពុង​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ បន្ទាប់ពី​រដ្ឋាភិបាល​បាន​បោស​សម្អាត​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា​ជាបន្តបន្ទាប់​សព្វថ្ងៃ​នេះ។

កាលពី​ចុង​ឆ្នាំ​២០២២ សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា (CamboJA) បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ត្រីមាស​របស់​ខ្លួន​ស្ដីពី​ស្ថានភាព​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​គ្មាន​ភាព​ប្រសើរ​ឡើង​នោះ​ទេ គឺ​មានតែ​វិវឌ្ឍ​ទៅ​រក​ស្ថានភាព​អាក្រក់​ទៅៗ ហើយ​ថា​ហានិភ័យ​ដែល​អ្នក​សារព័ត៌មាន​កម្ពុជា​កំពុង​ប្រឈម​នោះ គឺ​ការ​ភ័យខ្លាច​ចំពោះ​បញ្ហា​ផ្លូវច្បាប់​ដែល​រដ្ឋាភិបាល​ប្រើ​ដើម្បី​គាប​សង្កត់​ពួកគេ​សព្វថ្ងៃ​នេះ។

របាយការណ៍​ដដែល​លើកឡើង​ថា អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​តែងតែ​រង​នូវ​ការ​បំភិតបំភ័យ និង​ការ​គំរាមកំហែង​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ជាប់​ជានិច្ច ដូចជា​ការ​ហាមឃាត់​អ្នកកាសែត​មិន​ឲ្យ​ថត​សកម្មភាព​ដែល​អាជ្ញាធរ​បាន​រារាំង ជាដើម។ ជាង​នេះ​ទៀត ក៏​មាន​ការ​ចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​សារព័ត៌មាន​ដែល​បាន​ស៊ើបអង្កេត​លើ​ករណី​រសើប​នានា ដូចជា​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា និង​ការ​ចុះផ្សាយ​ពាក់ព័ន្ធ​នឹង​ករណី​នយោបាយ​របស់​បក្ស​កាន់​អំណាច ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៤២​ក្នុង​ចំណោម​ប្រទេស​១៨០ ដោយសារតែ​រក​ឃើញ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​ត្រូវ​បាន​បំផ្លិចបំផ្លាញ និង​បោស​សម្អាត​ដោយ​រដ្ឋាភិបាល​កម្ពុជា ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ មក ដែល​ធ្វើ​ឱ្យ​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​នេះ​បន្ត​ធ្លាក់​ចុះ​ជាបន្តបន្ទាប់​រហូត​ដល់​ឆ្នាំ​២០២២ កន្លងទៅ​នេះ។

ជាង​នេះ​ទៀត នៅ​ដើម​ឆ្នាំ​២០២៣ នេះ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ វីអូឌី ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ដែល​នៅ​សេសសល់​ចុងក្រោយ ដែល​គេ​មើល​ឃើញ​ថា ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​នយោបាយ​របស់​បក្ស​កាន់​អំណាច​ទាំងស្រុង។

ក្រុម​អ្នក​សង្កេតការណ៍​និយាយ​ថា បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ចុងឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​ប្រើ​យុទ្ធនាការ​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ទាំងអស់ ក្នុង​នោះ​លោក ហ៊ុន សែន បាន​បិទ​ស្ថានីយ​វិទ្យុ​ចំនួន ៣២ បង្ខំ​ឱ្យ​បិទ​ទ្វារ​កាសែត ឌឹ ខេមបូឌា ដេលី វិទ្យុ​អាស៊ីសេរី និង​ការ​ផ្លាស់ប្ដូរ​ម្ចាស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ជាដើម ដោយឡែក​នៅ​ឆ្នាំ​២០១៨ រដ្ឋាភិបាល​បាន​បិទ​គេហទំព័រ​ចំនួន ១៧​គេហទំព័រ​ថែម​ទៀត។

ជា​លទ្ធផល​នៃ​យុទ្ធនាការ​នេះ ពលរដ្ឋ​កម្ពុជា​អាច​ទទួល​បាន​ព័ត៌មាន​តែ​ពី​ស្ថាប័ន​ព័ត៌មាន​ដែល​គាំទ្រ​លោក ហ៊ុន សែន តែប៉ុណ្ណោះ។ ជាក់ស្តែង កូនស្រី​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា ត្រូវ​គេ​រក​ឃើញ​ថា​ជា​ប្រធាន​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ដែល​កាន់កាប់​កាសែត ទស្សនាវដី្ត ស្ថានីយ​វិទ្យុ បណ្ដាញ​ទូរទស្សន៍ និង​គេហទំព័រ​អ៊ីនធឺណិត​នៅ​កម្ពុជា​ទាំងអស់ ដូចជា​សារព័ត៌មាន Fresh News ជាដើម ដែល​ជា​ស្ថាប័ន​ឃោសនា​នយោបាយ​ឱ្យ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស