ពលរដ្ឋជិត ២០គ្រួសារនៅឃុំអូរសោម ខេត្តពោធិ៍សាត់ អង្វរសុំឱ្យប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ជួយពួកគាត់បន្ទាប់ពីអាជ្ញាធរភូមិ-ឃុំបានឃុបឃិតគ្នាជាប្រព័ន្ធរំលោភយកដីរបស់ពួកគាត់ទំហំជាង ៦១ហិកតារទុកសម្រាប់លក់។
តំណាងប្រជាពលរដ្ឋចំនួន ១៩គ្រួសារ បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី២០ មីនា នេះថា អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានបដិសេធមិនទទួលស្គាល់ និងមិនចុះបញ្ជីក្បាលដីដើម្បីចេញប័ណ្ណកម្មសិទ្ធិឱ្យពួកគាត់ឡើយ ក្រោមលេសថា ដីទាំងនោះស្ថិតក្នុងដីធ្វើអនុបយោគឆ្នាំ២០២១ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស និងក្រោមលេសថា ជាដីដែលគ្មានការទទួលស្គាល់ពីអាជ្ញាធរភូមិ-ឃុំ បើទោះបីជាពលរដ្ឋទាំងនោះបានកាន់កាប់ដីនោះតាំងពីឆ្នាំ២០១៤ មកហើយក៏ដោយ។
តំណាងពលរដ្ឋទាំងនោះអះអាងថា បើលោក ខូយ រីដា ពឹងតែទៅលើការសម្រេចរបស់អាជ្ញាធរភូមិ-ឃុំ ពួកគេច្បាស់ជាបដិសេធមិនទទួលស្គាល់ដីដែលពួកគាត់បានកាន់កាប់អស់រយៈពេលជិត ១០ឆ្នាំនេះទេ ព្រោះសមាជិកក្រុមប្រឹក្សាឃុំអូរសោម លោក ចិក ឡា សព្វថ្ងៃនេះបានរំលោភយកដីរបស់ពួកគាត់ និងបានដាក់គ្រឿងចក្រឈូសឆាយ ព្រមទាំងដាំដំឡូងមីលើដីទាំងនោះថែមទៀត ដូច្នេះបើពួកគេទទួលស្គាល់ថាដីទាំងនោះជាដីរបស់ពលរដ្ឋទាំង ១៩គ្រួសារនោះ ធ្វើម៉េចពួកគេនឹងអាចយកដីទាំងនោះទៅលក់បាន។
តំណាងពលរដ្ឋទាំង ១៩គ្រួសារ បញ្ជាក់ថា ដីរបស់ពួកគាត់មិនមែនជាដីដែលស្ថិតក្នុងតំបន់ដីធ្វើអនុបយោគទាំងជាង ១៥០ហិកតារ ឬដីដែលប៉ះពាល់ដល់អនុស្ថានីយអគ្គិសនីក្នុងស្រុកវាលវែង នោះទេ។ ជាងនេះទៀត ដីរបស់អ្នកមានអំណាចនៅជាប់គ្នានឹងដីរបស់ពួកគាត់ដែលមានទំហំរាប់រយហិកតារដែរនោះ នៅតែអាចដាំដំណាំបានដូចធម្មតា មិនមានការហាមឃាត់ ឬរារាំងពីអាជ្ញាធរភូមិ-ឃុំឡើយ។
កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញសេចក្តីជូនដំណឹង (ស.ជ.ណ) មួយដោយបញ្ជាក់ពីការធ្វើអនុបយោគលើដីទំហំ ១៥៦,០៣ហិកតារ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ពីដីសាធារណៈរបស់រដ្ឋមកជាដីឯកជនរបស់រដ្ឋវិញ។
បន្ទាប់ពីទីស្ដីការគណៈរដ្ឋមន្ត្រីចេញសេចក្តីជូនដំណឹងនេះ តំណាងប្រជាពលរដ្ឋ ១៩គ្រួសារមានលោក តុង អេង និងអ្នកស្រី លឹម លីតា ជាដើម បានចេញលិខិតកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ស្នើសុំឱ្យប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ជួយអន្តរាគមន៍ដោយអះអាងថាដីរបស់ពួកគាត់ទំហំ ៦១ហិកតារ និង ៤០អា ស្ថិតក្នុងភូមិតាឡុះ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ត្រូវបានអាជ្ញាធរបដិសេធមិនចុះបញ្ជីក្បាលដីចេញប័ណ្ណកម្មសិទ្ធិឱ្យពួកគាត់ឡើយ។
ជុំវិញបញ្ហានេះ ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញដីកាបញ្ជូនមួយកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ទៅកាន់អភិបាលខេត្តពោធិ៍សាត់ ឱ្យពិនិត្យលើករណីនេះផងដែរ។ ក្រោយមក នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ពលរដ្ឋទាំង ១៩គ្រួសារ នាំគ្នាធ្វើលិខិតផ្ដិតមេដៃបញ្ជាក់ទៅកាន់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីថែមទៀត។
ប៉ុន្តែក្រោយការចេញដីកាបញ្ជូនរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក ខូយ រីដា ដែលជាអភិបាលខេត្តពោធិ៍សាត់ បានឆ្លើយតបទៅវិញនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ថា ដីដែលពលរដ្ឋ ១៩គ្រួសារបានស្នើសុំចេញប័ណ្ណកម្មសិទ្ធិនោះ មិនមានការដាំដុះអាស្រ័យផលពីមុនមកទេ ហើយក៏មិនមានការទទួលស្គាល់ពីអាជ្ញាធរភូមិ-ឃុំនោះដែរ។
យ៉ាងណាក៏ដោយ ក្រសួងមហាផ្ទៃបានចេញលិខិតដាច់ដោយឡែកពីគ្នាពីរផ្សេងទៀត គឺនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ និងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បញ្ជាក់ទៅកាន់អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បន្ថែមទៀតដើម្បីឱ្យដោះស្រាយដីជូនពលរដ្ឋទាំង ១៩គ្រួសារនេះ ប៉ុន្តែនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ខូយ រីដា បញ្ជាក់ថា ការដែលអាជ្ញាធរខេត្តមិនចេញប័ណ្ណកម្មសិទ្ធិនេះ គឺដោយសារតែពលរដ្ឋទាំងនោះពុំមានឯកសារបញ្ជាក់កម្មសិទ្ធិពីអាជ្ញាធរមូលដ្ឋាននោះឡើយតាំងពីមុនមក។
ទោះជាបែបនេះក្តី ពលរដ្ឋទាំង ១៩គ្រួសារនោះបានត្អូញត្អែរថា ពលរដ្ឋក្រីក្រមានតែដំណាំនៅលើដី ដូចជាស្វាយចន្ទី ស្រូវ និងដំឡូងមី ជាដើម ប៉ុន្តែនៅពេលដែលអាជ្ញាធរឈូសឆាយដំណាំរបស់ពួកគាត់អស់ ស្របពេលដែលអាជ្ញាធរទាំងនោះមិនបានចេញលិខិតកាន់កាប់ឱ្យពួកគាត់ទៀតនោះ ពួកគាត់គ្មានអ្វីអាចបញ្ជាក់ពីម្ចាស់កម្មសិទ្ធិលើដីរបស់ខ្លួនបាននោះទេ ស្របពេលដែលអ្នកមានលុយដែលទើបនឹងកាន់កាប់ដីនៅតំបន់នោះមានទាំងប័ណ្ណកម្មសិទ្ធិ និងដំណាំពេញដីសព្វថ្ងៃនេះ ដែលមិនមានការរំខានពីអាជ្ញាធរឡើយ៕