31 C
Phnom Penh

អាជ្ញាធរ​ព្រមាន​ចាត់​វិធានការ​ពលរដ្ឋ​រងគ្រោះ​ដែល​ទិញ​បុរី VIP បន្ទាប់ពី​ពួកគេ​តវ៉ា​បិទ​ផ្លូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ពលរដ្ឋ​រងគ្រោះ​ដែល​ទិញ​បុរី VIP បន្ទាប់ពី​ពួកគេ​តវ៉ា​បិទ​ផ្លូវ ដោយ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ឲ្យ​ជួយ​ដោះស្រាយ ដោយសារ​ក្រុមហ៊ុន​បាន​យក​ប័ណ្ណ​កម្មសិទ្ធិ​របស់​ពួកគេ​ទៅ​ដាក់​បញ្ចាំ។

ការ​ព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​ពលរដ្ឋ​ដែល​ទិញ​បុរី​នៅ​ក្រុមហ៊ុន VIP បាន​ផ្ទុះ​ការ​តវ៉ា​បិទ​ផ្លូវ​លេខ​២១៧ ត្រង់​ចំណុច​មុខ​បុរី ស្ថិត​នៅ​ភូមិ​ម៉ឺន្ត្រា សង្កាត់​ស្ពានថ្ម និង​គល់​ស្ពាន​ព្រែកជ្រៃ ស្ថិត​នៅ​ភូមិ​ព្រែកជ្រៃ សង្កាត់​ស្ពានថ្ម និង​ស្ថិត​នៅ​ភូមិ​បាគូ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ខណៈ​ពួកគេ​មិន​ទទួល​បាន​ដំណោះស្រាយ។

ពលរដ្ឋ​ប្រមាណ ១០០​នាក់​ដែល​ធ្វើ​ការ​តវ៉ា​កាលពី​ថ្ងៃទី​១៩ ខែ​មីនា នេះ ពួកគេ​បាន​លើក​បដា​បិទ​ផ្លូវ ដោយ​ភ្ជាប់​ជាមួយ​រូបថត​លោក ហ៊ុន សែន និង​ភរិយា ព្រមទាំង​លោក ហ៊ុន ម៉ាណែត ដែល​បាន​សរសេរ​សារ​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៣ ដោយ​ចោទប្រកាន់​ទៅ​លើ​ពលរដ្ឋ​ដែល​តវ៉ា​បិទ​ផ្លូវ​សាធារណៈ ថា​ធ្វើ​តាម​ការ «ញុះញង់» របស់​អ្នក​ទិញ​បុរី VIP ដូចគ្នា បើ​ទោះបីជា​ពួកគេ​មិន​ទាន់​បាន​ដំណោះស្រាយ​ក៏ដោយ។

សាលា​រាជធានី​ភ្នំពេញ​បន្ត​ថា ការ​យក​ផ្លូវ​សាធារណៈ​ធ្វើជា​ចំណាប់ខ្មាំង​ដើម្បី​ទាមទារ​ដំណោះស្រាយ​នោះ វា​នឹង​បង្ក​ផល​ប៉ះពាល់​សណ្ដាប់ធ្នាប់ និង​របៀប​រៀបរយ​សាធារណៈ។ លើស​ពី​នេះ អាជ្ញាធរ​បាន​ចាត់ទុក​ការ​តវ៉ា​បិទ​ផ្លូវ ដើម្បី​ទាមទារ​ដំណោះស្រាយ​វិវាទ​របស់​ពួកគេ ថា​ជា​សកម្មភាព​ខុស​ច្បាប់​វិញ ខណៈ​កន្លងមក​ពួកគេ​ក៏​បាន​នាំគ្នា​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ឲ្យ​ជួយ ប៉ុន្តែ​មក​ដល់​ពេលនេះ មិន​មាន​ដំណោះស្រាយ​ឡើយ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ការ​អត់ធ្មត់​ព្យាយាម​ដោះស្រាយ​ឲ្យ​អស់​លទ្ធភាព​តាម​យន្តការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ ស្រប​តាម​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ឬ​យន្តការ​ច្បាប់​នានា ចៀសវាង​ការ​ធ្វើ​សកម្មភាព​ខុស​ច្បាប់​នានា។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​អំពាវនាវ​ទៅ​ពលរដ្ឋ​កុំ​ឲ្យ​យក​ផ្លូវ​សាធារណៈ​ធ្វើ​ជា​ចំណាប់ខ្មាំង​ក្នុង​ការ​ដោះស្រាយ​វិវាទ​របស់​ខ្លួន បែរ​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរការ​របស់​ពលរដ្ឋ​ផ្សេង​ទៀត ប៉ុន្តែ​បើសិនជា​ក្រុម​ពលរដ្ឋ​នោះ​មិន​ស្ដាប់​ទេ ដោយ​បន្ត​តវ៉ា​បិទ​ផ្លូវ​ជា​ថ្មី​ទៀត អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​ពិចារណា​ចាត់​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ជា​ធរមាន​លើ​ពួកគេ។

កាលពី​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២៣ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ឈ្មោះ ទិត ដាលីន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ដោយ​ឃុំ​ខ្លួន​អ្នកស្រី ង៉ុយ រស់ អាយុ ៤០​ឆ្នាំ ជា​ភរិយា​របស់​លោក ហម រ៉ន ដែល​ជា​ម្ចាស់​បុរី វីអាយភី (VIP) បណ្ដោះអាសន្ន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (ព្រៃស)។ បន្ទាប់ពី​ឃុំ​ខ្លួន​ហើយ តុលាការ​ក៏​បាន​ចេញ​ដីកា​រឹបអូស​ទ្រព្យសម្បត្តិ​ម្ចាស់​បុរី VIP ដើម្បី​ទូទាត់​បំណុល​ទៅ​ឲ្យ​ម្ចាស់​បំណុល ខណៈ​ម្ចាស់​បុរី​នេះ​បាន​ចេញ​សែក​ស្អុយ​ចំនួន​៣។

បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បុរី វីអាយភី (VIP) នៅ​រាជធានី​ភ្នំពេញ ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន R.N. VIP Real Estate ធ្លាប់​លើកឡើង​ថា ពួកគេ​មិន​បាន​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ផ្ទះ និង​ដី​ដែល​ពួកគេ​បាន​ទិញ​ពី​ក្រុមហ៊ុន​ស្ថិត​ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​នោះ​ទេ បើ​ទោះបីជា​ពួកគេ​បាន​បង់​ប្រាក់​ទៅ​ឲ្យ​ក្រុមហ៊ុន​រួច​ទៅ​ហើយ​ក្ដី​នោះ។

លោក ហម រ៉ន ជា​នាយក​បុរី វីអាយភី (VIP) ដែល​មាន​វិវាទ​ជាមួយ​អតិថិជន​មួយ​ចំនួន​នៃ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

អតិថិជន​អះអាង​ថា ពួកគាត់​មិន​បាន​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ក្រោយ​បាន​ទិញ​ផ្ទះ ដោយ​អះអាង​ថា ក្រុមហ៊ុន​បាន​ដាក់​បញ្ចាំ​ប័ណ្ណ​កម្មសិទ្ធិ​របស់​ពួកគាត់។

កាលពី​ឆ្នាំ​២០២០ ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​នេះ​បាន​បរិច្ចាគ​ថវិកា​ចំនួន ៣​ពាន់​ដុល្លារ​ដល់​កាកបាទ​ក្រហម​កម្ពុជា ដែល​ដឹកនាំ​អ្នកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក ហ៊ុន សែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស