26 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​ការ​មិន​ដោះស្រាយ​វិវាទ​ការងារ​ណាហ្គា​អាច​ជា​គំរូ​អាក្រក់​សម្រាប់​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា នៅ​ពេល​ដែល​មាន​ការ​បណ្តែតបណ្តោយ​មិន​ដោះស្រាយ​វិវាទ​ការងារ​របស់​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដូច​សព្វថ្ងៃ​នេះ អាច​ជា​ស្លាកស្នាម​គំរូ​អាក្រក់​មួយ​សម្រាប់​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ទៅ​ថ្ងៃ​ក្រោយ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ មីនា នេះ​ថា ប្រសិនបើ​វិវាទ​នេះ​នៅតែ​មិន​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​ភាគី​រងគ្រោះ​ទទួល​បាន​យុត្តិធម៌​ទេ​នោះ បញ្ហា​នេះ​អាច​នឹង​ជះឥទ្ធិពល​អាក្រក់​ដែល​នឹង​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​របស់​បក្ស​កាន់​អំណាច និង​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​ផង​ដែរ។

លោក សេក សុជាតិ លើកឡើង​ថា ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​សមរម្យ​មួយ រដ្ឋាភិបាល​គួរតែ​ផ្តល់​ការ​លើក​ទឹកចិត្ត​ដល់​ជនរងគ្រោះ​តាមរយៈ​នៃ​ការ​ជួយ​សម្រួល​តាម​ការ​ស្នើសុំ​របស់​កូដករ​ទាំងនោះ ដែល​ទាមទារ​ចូល​ធ្វើការ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​វិញ និង​ទម្លាក់​ចោល​រាល់​បទ​ចោទ​លើ​ពួកគេ ព្រមទាំង​ដោះលែង​មេដឹកនាំ​សហជីព​របស់​ពួកគេ​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នា​ពេលនេះ​ផង​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើងវិញ​លើ​វិវាទ​នេះ ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់ ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​កាន់តែ​ខិត​ជិត​មក​ដល់​ទៅ​ហើយ​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ​ក្រុង​ភ្នំពេញ​បើក​សវនាការ​លើ​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទាំង ៩​រូប កាលពី​ថ្ងៃ​អង្គារ ទី​២១ មីនា នេះ។

កាលពី​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​លើ​ករណី​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទាំង ៩​រូប លើក​ទី​៤ ដូចជា​ប្រធាន​ទ្រទ្រង់​សិទ្ធិ​ការងារ​កម្មករ​ខ្មែរ កញ្ញា ឈឹម ស៊ីថរ ថ្នាក់​ដឹកនាំ​សហជីព កញ្ញា ឈឹម សុខន សកម្មជន​សហជីព​អ្នកស្រី រី សុវណ្ណឌី ជាដើម ក្រោម​បទ​ចោទ “ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម” ក្រោយ​ក្រុម​កូដករ​ទាំងនោះ​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ខ្លួន​ដែល​បាន​អូស​បន្លាយ​ពេល​ជាង ១​ឆ្នាំ​មក​នេះ។

ក្នុង​សវនាការ​លើក​ទី​៤ នេះ គឺជា​ការ​បន្ត​ពី​សវនាការ​កាលពី​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៣ ដែល​តុលាការ​បាន​សាកសួរ​ដេញដោល​លើ​តំណាង​សហជីព​ពីរ​រូប គឺ​កញ្ញា ឈឹម សុខន និង​អ្នកស្រី ឃ្លាំង សុបិន្ដ ខណៈ​សវនាការ​លើក​ទី​៤ នេះ តុលាការ​បាន​សាកសួរ​ដេញដោល​សមាជិក​សហជីព​ចំនួន ៤​រូប គឺ​កញ្ញា ស៊ុន ស្រីពេជ្រ អ្នកស្រី រី សុវណ្ណឌី អ្នកស្រី ហៃ សុភាព និង​កញ្ញា ទូច សិរីមាស ផង​ដែរ ហើយ​សវនាការ​បន្ទាប់​នឹង​ធ្វើ​នៅ​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៣ ខាងមុខ​នេះ​បន្ត​ទៀត។

កាលពី​ខែ​មេសា ឆ្នាំ​២០២១ ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​បញ្ឈប់​បុគ្គលិក​ពី​ការងារ​ទាំង​អយុត្តិធម៌​ជាង ១៣០០​នាក់។ បញ្ហា​នេះ ត្រូវ​កម្មករ​ធ្វើ​កូដកម្ម​តវ៉ា​ជាមួយ​ក្រុមហ៊ុន​អស់​រយៈពេល​ជាង ១​ឆ្នាំ​ហើយ បើ​គិត​មក​ទល់​នឹង​ពេលនេះ ប៉ុន្តែ​មិន​ត្រូវ​បាន​ក្រសួង​ពាក់ព័ន្ធ​រក​ដំណោះស្រាយ​ជូន​កម្មករ​ឡើយ។ ផ្ទុយទៅវិញ ក្រុម​កូដករ ៩​នាក់​ត្រូវ​រង​នូវ​ការ​ចោទប្រកាន់​តាម​ផ្លូវ​តុលាការ​ពី​បទ​ព្រហ្មទណ្ឌ ខណៈ​តំណាង​កម្មករ កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន​ដាក់​គុក​លើក​ទី​២ កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ និង​បន្ត​ឃុំ​ខ្លួន​រហូត​ដល់​ពេលនេះ។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​របស់​ប្រទេស​ជាតិ ខណៈ​សេចក្តី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ដោះស្រាយ និង​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ ប៉ុន្តែ​រដ្ឋាភិបាល​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​បាន​អនុវត្ត​ផ្ទុយ​ពី​មាត្រា​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទាំងស្រុង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស