27 C
Phnom Penh

អាមេរិក​ទទូច​ដល់​ប្រទេស​ជា​សមាជិក ICC ទាំងអស់​អនុវត្ត​ដីកា​ចាប់​ខ្លួន​លោក ពូទីន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony Blinken កាលពី​ថ្ងៃ​ពុធ ទី​២២ មីនា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​លោក​តំណាង​ឲ្យ​សហរដ្ឋ​អាមេរិក ទទូច​ដល់​សមាជិក​ទាំងអស់​នៃ​លក្ខន្តិកៈ​នៃ​កិច្ចព្រមព្រៀង​ក្រុង​រ៉ូម អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​ការ​បង្គាប់​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ក្នុង​ការ​ចាប់​ខ្លួន​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ទៅ​ជំនុំជម្រះ​ក្ដី​នៅ​ឯ​ទីក្រុង​ឡាអេ ជា​ទីស្នាក់ការ​កណ្ដាល​របស់​តុលាការ​អន្តរជាតិ​នេះ។

លោក ពូទីន ត្រូវ​បាន​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ចេញ​ដីកា​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​១៧ មីនា ពាក់ព័ន្ធ​នឹង​បទ​ចោទ​ឧក្រិដ្ឋកម្ម​សង្គ្រាម។ លោក ពូទីន ដែល​រង​បទ​ចោទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នេះ​ពាក់ព័ន្ធ​នឹង​កងទ័ព​របស់​លោក​ចាប់​ពង្រត់​កុមារ​ជនជាតិ​អ៊ុយក្រែន​ទៅ​នៅ​រុស្ស៊ី ដែល​ជា​ការ​បំបែក​ចេញពី​ឪពុក​ម្ដាយ​របស់​ពួកគេ។

បើ​តាម​អគ្គ​រដ្ឋអាជ្ញា​របស់​ប្រទេស​អ៊ុយក្រែន កុមារ​យ៉ាង​តិច​ជាង ៦០០០​នាក់​ត្រូវ​បាន​ចាប់​ពង្រត់។ ក្រៅពី​បទល្មើស​មួយ​នេះ លោក ពូទីន រង​បទ​ចោទ​ធំៗ​ច្រើន​ករណី​ទៀត​ដូចជា លោក​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ការ​សម្លាប់​ជន​ស៊ីវិល​ដែល​ប្រព្រឹត្ត​ដោយ​កងទ័ព​របស់​លោក។

រដ្ឋអាជ្ញា​របស់ ICC សហការ​ជាមួយ​ក្រុម​ស៊ើបអង្កេត​ស្រាវជ្រាវ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បាន​រក​ឃើញ​រណ្ដៅ​សាកសព​រួម​នៅ​តំបន់​មួយ​ចំនួន​ដែល​កងទ័ព​រុស្ស៊ី​វាយ​យក​បាន ហើយ​សម្លាប់​ជនស៊ីវិល ក្នុង​នោះ​នៅ​តំបន់​ម៉ារីយូប៉ុល រណ្ដៅ​សាកសព​រួម​យ៉ាងតិច​សាកសព​ជាង ១០៨០​នាក់​កប់​ក្នុង​រណ្ដៅ​នេះ ហើយ​ក្នុង​នោះ​មាន​ទាំង​កុមារ​ផង​ដែរ។

ចំណែក​ឯ​នៅ​ភាគ​ខាងជើង​ទីក្រុង​គៀវ ដែល​កងទ័ព​រុស្ស៊ី​ចូល​ទៅ​ដល់​ទីនោះ​កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២២ ហើយ​កងទ័ព​រុស្ស៊ី​ត្រូវ​កងទ័ព​អ៊ុយក្រែន វាយ​រុញច្រាន​ត្រឡប់​ទៅវិញ គេ​រក​ឃើញ​ជនស៊ីវិល​ស្លាប់​តាម​ដងផ្លូវ គឺ​មាន​ទាំង​មនុស្ស​ស្រី ហើយ​ពួកគេ​ស្លាប់​ភាគច្រើន​ដោយ​ការ​ចង​ស្លាប​សេក​មក​ក្រោយ។

នៅ​តំបន់​ប៊ូចា ភាគ​ខាងជើង​ទីក្រុង​គៀវ ក៏​គេ​រក​ឃើញ​រណ្ដៅ​សាកសព​រួម​ផង​ដែរ​យ៉ាងតិច​សាកសព​ប្រមាណ​ជា ៤០០​នាក់។ នៅ​តំបន់​ឃឺសុន ក្រោយពី​ទ័ព​អ៊ុយក្រែន រំដោះ​បាន​វិញ ក៏​គេ​រក​ឃើញ​ផ្នូរ​សព​ជនស៊ីវិល​រាប់​រយ​នាក់​នៅ​ទីនោះ។

ក្រៅពី​បទឧក្រិដ្ឋ​ដូចនេះ លោក ពូទីន ជាប់​បទឧក្រិដ្ឋ​មួយ​ទៀត គឺ​ការ​បាញ់​មីស៊ីល និង​ដ្រូន​ទៅ​លើ​មន្ទីរពេទ្យ សាលារៀន និង​ទៅ​លើ​លំនៅឋាន​របស់​ប្រជាជន។

បើ​តាម​ក្រសួង​យុត្តិធម៌​ប្រទេស​អ៊ុយក្រែន ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ជាង ៥​ពាន់​ទីតាំង​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង។ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បាន​ប្រជុំ​យ៉ាងតិច ៤​ដង ដើម្បី​អនុម័ត​ថ្កោលទោស​រុស្ស៊ី​ដែល​វាយប្រហារ​ទៅ​លើ​ជនស៊ីវិល។

ក្រុមប្រឹក្សា​នេះ​បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ភ្លាមៗ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ទាំងឡាយ​ដែល​កើត​លើ​ទឹកដី​អ៊ុយក្រែន ហើយ​ក្រោយ​មក​ក៏​សហការ​ជាមួយ​រដ្ឋអាជ្ញា ICC ប្រមូល​ភស្តុតាង​ទៅ​ឲ្យ ICC។ ចុងក្រោយ អគ្គ​រដ្ឋអាជ្ញា​របស់ ICC លោក ខារី ខាន់ បាន​ដឹកនាំ​អ្នកជំនាញ​មក​ពិនិត្យ​ផ្ទាល់​ភស្តុតាង និង​ទីតាំង​រណ្ដៅ​សាកសព​ទាំងនោះ​រហូត​ដល់​ជួប​ឪពុក​ម្ដាយ​កុមារ​ដែល​រុស្ស៊ី​ចាប់​ពង្រត់ ទើប ICC ចេញ​ដីកា​ចាប់​ខ្លួន​លោក ពូទីន ហើយ​ចោទប្រកាន់​មេដឹកនាំ​រុស្ស៊ី​រូប​នេះ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony Blinken បាន​ទទូច​ថា ភស្តុតាង​មាន​គ្រប់គ្រាន់​អស់​ហើយ ទើប ICC ចេញ​ដីកា​ចោទប្រកាន់ និង​ចាប់​ខ្លួន​លោក ពូទីន។ លោក​ទទូច​ដល់​ប្រទេស​ដែល​ជា​សមាជិក​របស់ ICC ទាំង ១២៣​ប្រទេស ត្រូវ​អនុវត្ត​ឱ្យ​បាន​កាតព្វកិច្ច​របស់​ខ្លួន​ដែល​ជា​ភាគី​នៃ​លក្ខន្ដិកៈ​នៃ​ទីក្រុង​រ៉ូម។

លោក Blinken បាន​បន្ត​ទៀត​ថា ភាគី​ទាំងអស់​ត្រូវ​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ដោយ​មិន​ត្រូវ​ខ្លាច​ញញើត​ចំពោះ​ជន​ត្រូវ​ចោទ​នោះ​ទេ។ ជាមួយ​គ្នា​នេះ បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reauter លោក​ប្រធានាធិបតី ចូ បៃដិន ឯណោះ​វិញ លោក​បាន​បញ្ជូន​សារ​ភ្លាមៗ​ទៅ​កាន់​សម្ព័ន្ធមិត្ត​របស់​លោក​ឱ្យ​យល់​អំពី​ការ​ពង្រឹង​អំណាច​របស់ ICC។

លោក បៃដិន បាន​ថ្លែង​ថា ដីកា​របស់ ICC ដែល​ចេញ​ចាប់​ខ្លួន​លោក ពូទីន ករណី​អំពើ​ឧក្រិដ្ឋកម្ម​នេះ គឺ​វា​មាន​ហេតុផល​ផ្លូវច្បាប់​រឹងមាំ​ប្រឆាំង​នឹង​ជន​ជាប់ចោទ​រូប​នេះ។ លោក​ថា​ដីកា​ចាប់​ខ្លួន​របស់ ICC នេះ គឺ​ឆ្លើយតប​ចំពោះ​ភស្តុតាង​ដែល​លោក ពូទីន ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ការ​លើក​ទ័ព​លុកលុយ​ប្រទេស​អ៊ុយក្រែន ហើយ​ឱ្យ​កងទ័ព​របស់​រុស្ស៊ី​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម។

លោក បៃដិន បាន​ថ្លែង​ថា ការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក ពូទីន នេះ វា​បង្ហាញ​យុត្តិធម៌​មួយ​ជំហាន​ទៅ​ហើយ​សម្រាប់​ជនរងគ្រោះ។ ការ​ដែល​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ដល់​ប្រទេស​សមាជិក ICC ពង្រឹង​កាតព្វកិច្ច​របស់​ខ្លួន​ត្រូវ​អនុវត្ត​ដីកា​ចាប់​ខ្លួន​របស់ ICC ដែល​ចេញ​ដីកា​ចាប់​ខ្លួន​លោក ពូទីន នេះ ធ្វើឡើង​ក្រោយពី​ក្រសួង​ការបរទេស​ចិន បាន​អំពាវនាវ​ឲ្យ ICC លុប​ចោល ឬ​ក៏​ទុក​ជា​មោឃៈ​សេចក្ដី​សម្រេច​របស់​ខ្លួន។

ចិន​ប្រកាស​ថា ICC ត្រូវ​មើល​ឱ្យ​ច្បាស់​ថា​ខ្លួន​នឹង​អាច​ចេញ​ដីកា​ចាប់​ខ្លួន​ប្រមុខ​រដ្ឋ​ម្នាក់​ដែល​កំពុង​មាន​អភ័យ​ឯកសិទ្ធិ​នោះ​ទេ។ យ៉ាង​ណា អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង ឌីមេទ្រី ប៉េស្កាវ បាន​ហៅ​ដីកា​របស់ ICC ថា​ជា​អំពើ​ខុស​ច្បាប់ ព្រោះ​រុស្ស៊ី​ពុំ​មែន​ជា​សមាជិក​របស់ ICC នោះ​ទេ។

អ្នក​នាំពាក្យ​រូប​នេះ​ក៏​បាន​ព្រមាន ICC ឲ្យ​លុប​ចោល​ជាបន្ទាន់​សេចក្ដី​សម្រេច​របស់​ខ្លួន​ដូចនេះ ព្រោះ​ថា​ក្រុង​មូស្គូ មិន​បណ្ដោយ​ឲ្យ​មាន​ការ​អនុវត្ត​ដីកា​នេះ​បាន​ជោគជ័យ​នោះ​ទេ។

ជាមួយ​គ្នា​នេះ អតីត​ប្រធានាធិបតី​ដែល​បច្ចុប្បន្ន​ជា​នាយករង​ទី​មួយ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​បន្ទាប់ពី​លោក ពូទីន ហើយ​គឺជា​មិត្តភក្ដិ​ស្និទ្ធស្នាល​នឹង​លោក ពូទីន បាន​ព្រមាន​ថា ប្រទេស​ណា​ដែល​ហ៊ាន​ឃាត់​ខ្លួន ឬ​ចាប់​ខ្លួន​លោក ពូទីន គឺ​ប្រទេស​នោះ​ត្រូវតែ​ដឹង​ថា​ធ្វើ​សង្គ្រាម​ជាមួយ​រុស្ស៊ី ហើយ​រុស្ស៊ី​ត្រូវតែ​វាយប្រហារ​ទៅ​លើ​ប្រទេស​នោះ​ដោយ​មីស៊ីល​របស់​រុស្ស៊ី ដែល​វា​អាច​បាញ់​ដល់​ប្រទេស​ទាំងនោះ។

បុរស​នេះ​ហើយ​ដែល​ព្រមាន​ថា​នឹង​បាញ់​កម្ទេច​ទីស្នាក់ការ​កណ្ដាល​របស់ ICC នៅ​ទីក្រុង​ឡាអេ បើ​មិន​ព្រម​លុប​ចោល​ដីកា​ចាប់​ខ្លួន​លោក ពូទីន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស