27.5 C
Phnom Penh

លោក ពូទីន ទៅ​ឥណ្ឌា ស្នើសុំ​បន្ត​ជួយ​ទិញ​ប្រេង ចំណែកឯ​លោក ម៉ាក្រុង ទៅ​ចិន ស្នើ​ដាក់​សម្ពាធ​លើ​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន​ទៅ​ដល់​ទីក្រុង​ញូវដែលី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ធ្នូ ដើម្បី​ជួប​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ដែល​ជា​ទស្សនកិច្ច​លើកដំបូង​របស់​មេដឹកនាំ​វិមាន​ក្រឹមឡាំង រូប​នេះ​ទៅ​កាន់​ប្រទេស​ឥណ្ឌា ចាប់តាំងពី​សង្គ្រាម​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន ផ្ទុះ​ឡើង​ជិត ៤​ឆ្នាំ​ហើយ។

តែ​ថ្ងៃ​ជាមួយ​គ្នា​នេះ ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក៏បាន​ទៅ​ដល់​ទីក្រុង​ប៉េកាំង ផង​ដែរ។ លោក ម៉ាក្រុង ទៅ​ទីក្រុង​ប៉េកាំង ដើម្បី​ដាក់​សម្ពាធ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ឱ្យ​គាប​រុស្ស៊ី បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន។

ប៉ុន្តែ​លោក ពូទីន ទៅ​ឥណ្ឌា ដើម្បី​ស្នើសុំ​ឥណ្ឌា ឱ្យ​នៅ​បន្ត​ជួយ​ទិញ​ប្រេង​ពី​រុស្ស៊ី ក្នុង​ការ​ពង្រឹង​សង្គ្រាម​របស់​ខ្លួន​នៅ​លើ​ទឹកដី​អ៊ុយក្រែន ដែល​គេ​ថា​ជា​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី។

តាម​សារព័ត៌មាន The Moscow Times ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​របស់​លោក ពូទីន នៅ​ក្រុង​ញូវដែលី ធ្វើឡើង​ខណៈ​ដែល​ឥណ្ឌា និង​រុស្ស៊ី ប្រារព្ធ​ខួប ២៥​ឆ្នាំ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ។ នៅ​ថ្ងៃ​សុក្រ ទី​៥ ធ្នូ នេះ មេដឹកនាំ​ទាំង​ពីរ​នឹង​ធ្វើ​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​ឥណ្ឌា-រុស្ស៊ី លើក​ទី​២៣។

ព្រឹត្តិការណ៍​នេះ​កើតឡើង​ចំ​ពេល​ដែល​សហរដ្ឋ​អាមេរិក កំពុង​បង្កើន​សម្ពាធ​លើ​រុស្ស៊ី និង​គំរាម​ដាក់​ទណ្ឌកម្ម​លើ​ឥណ្ឌា ដោយសារ​ទីក្រុង​ញូវដែលី នៅ​បន្ត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ទីក្រុង​មូស្គូ បើ​ទោះជា​ក្រុង​ញូវដែលី កាត់បន្ថយ​ការ​នាំចូល​ប្រេង​រុស្ស៊ី ក៏ដោយ។

លោក ពូទីន ត្រូវ​បាន​អមដំណើរ​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក Andrei Belousov និង​គណៈប្រតិភូ​ជាន់ខ្ពស់​ពី​ក្រុមហ៊ុន​ប្រេង និង​អាវុធ​រដ្ឋ​របស់​រុស្ស៊ី។

តាម The Moscow Times នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនដ្រា ម៉ូឌី នៅតែ​ស្នើ​ឱ្យ​រុស្ស៊ី និង​អ៊ុយក្រែន ឆាប់​បង្កើត​សន្តិភាព​ជាមួយ​គ្នា​ឡើងវិញ។ លោក ណារិនដ្រា ម៉ូឌី និយាយ​ថា ដោយសារតែ​សង្គ្រាម​ធ្វើ​ឱ្យ​ពិភពលោក​ជួប​ផលវិបាក​ទាំង​សេដ្ឋកិច្ច និង​ការ​កសាង​សណ្ដាប់ធ្នាប់​ពិភពលោក។ តែ​គេ​មិន​ឮ​ថា​លោក ណារិនដ្រា ម៉ូឌី ចង់​ដើរ​តួនាទី​ជួយ​រុញ​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន ទៅ​រក​ទី​បញ្ចប់​នោះ​ទេ។

ចំពោះ​លោក ម៉ាក្រុង ដែល​ស្ថិត​នៅ​ទីក្រុង​ប៉េកាំង លោក​បាន​ដាក់​សម្ពាធ​លើ​សមភាគី​ចិន ស៊ី ជីនពីង ឱ្យ​ប្រឹងប្រែង​ជួយ​បិទ​បញ្ចប់​សង្គ្រាម​រុស្ស៊ី នៅ​អ៊ុយក្រែន ប៉ុន្តែ​លោក​ប្រធានាធិបតី ស៊ី ជីនពីង និយាយ​ថា ចិន​មិន​ចង់​ឱ្យ​គេ​ទម្លាក់​ទំនួល​ខុសត្រូវ​លើ​ចិន ក្នុង​វិបត្តិ​នៅ​អ៊ុយក្រែន នេះ​ទេ។

ការពិត​ទៅ មេដឹកនាំ​ទាំង​ពីរ​មាន​គំនិត​ខ្វែង​គ្នា​ក្នុង​បរិបទ​សង្គ្រាម​រុស្ស៊ី នៅ​អ៊ុយក្រែន។

យ៉ាងណា លោក ស៊ី ប្រកាស​គាំទ្រ​រាល់​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​សន្តិភាព ហើយ​បន្ត​ដើរ​តួនាទី​បែប​ស្ថាបនា​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ តែ​ប្រឆាំង​ដាច់ខាត​ការ​ប៉ុនប៉ង​ទម្លាក់​ទំនួល​ខុសត្រូវ​លើ​ចិន ក្នុង​វិបត្តិ​អ៊ុយក្រែន។

សម្រាប់​ក្រុង​ប៉េកាំង មិន​ដែល​ថ្កោលទោស​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី លើ​អ៊ុយក្រែន ម្ដង​ណា​ទេ ហើយ​សូម្បីតែ​ការ​ចូលរួម​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ក៏​ចិន មិន​បាន​ចូលរួម​ដែរ។ ចិន​នៅតែ​ជា​ប្រទេស​ទិញ​ប្រេង​ដ៏​ច្រើន​បំផុត​ពី​រុស្ស៊ី។

ចំពោះ​លោក ម៉ាក្រុង នៅតែ​ចង់​ឃើញ​ចិន ប្រើ​ឥទ្ធិពល​របស់​ខ្លួន​បិទ​បញ្ចប់​សង្គ្រាម​របស់​រុស្ស៊ី។

តាម​ការ​កត់ត្រា​របស់​អ្នក​សារព័ត៌មាន នេះ​ជា​លើក​ទី​បួន​ដែល​ប្រធានាធិបតី​បារាំង បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ចិន គិត​ចាប់តាំងពី​ឆ្នាំ​២០១៧ មក។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ ប្រទេស​ចិន បាន​ទទួល​ស្វាគមន៍​វត្តមាន​លោក ម៉ាក្រុង នៅ​វិមាន​ប្រជាជន​ចិន យ៉ាង​កក់ក្ដៅ។

ក្នុង​ជំនួប​នោះ លោក ស៊ី ជីនពីង និង​ភរិយា ទទួល​លោក ម៉ាក្រុង និង​ភរិយា​របស់​លោក ម៉ាក្រុង ជា​លក្ខណៈ​ឯកជន តែ​មាន​ភាព​អធិកអធម​យ៉ាង​ខ្លាំង។

តែ​យ៉ាងណា ចិន​ធ្លាប់​ចង់​ដើរ​តួនាទី​ជា​អ្នក​ស្វែងរក​សន្តិភាព​បញ្ចប់​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន ដែរ តែ​អ៊ុយក្រែន មិន​ពេញចិត្ត ដោយសារតែ​ផែនការ​សន្តិភាព​របស់​ចិន មិន​និយាយ​អំពី​អធិបតេយ្យភាព បូរណភាព​ទឹកដី​អ៊ុយក្រែន ត្រូវ​បាន​គោរព​នោះ​ទេ បែរជា​និយាយ​ថា សង្គ្រាម​អាច​បិទ​បញ្ចប់​បាន លុះត្រា​អឺរ៉ុប និង​អាមេរិក លែង​បន្ត​ជួយ​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន។ អ៊ុយក្រែន ថា​ចិន ចង់​ឱ្យ​អ៊ុយក្រែន កាត់​ទឹកដី​ឱ្យ​រុស្ស៊ី។

ចំណែកឯ​ឥណ្ឌា ក៏​ចង់​ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​សន្តិភាព​សម្រាប់​អ៊ុយក្រែន ដែរ តែ​រុស្ស៊ី ហាក់​មិន​ពេញចិត្ត​ក្រុង​ញូវដែលី។ ក្នុង​សំណុំរឿង​សង្គ្រាម​របស់​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន គេ​ថា​រុស្ស៊ី បារម្ភ​ឥណ្ឌា នៅ​ក្រោម​ឥទ្ធិពល​អាមេរិក និង​អឺរ៉ុប៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស