លោក ស ខេង ថ្លែងថា ពួកឧក្រិដ្ឋជនអាចចេញទៅជ្រកនៅតាមខេត្តផ្សេងៗ ទោះបីប្រតិបត្តិការប្រឆាំងការជួញដូរមនុស្សនៅខេត្តព្រះសីហនុ បានថយចុះហើយក៏ដោយ ហើយករណីនេះស្ថាប័នពាក់ព័ន្ធ និងសមត្ថកិច្ចកុំទាន់មានមោទកភាពចំពោះលទ្ធផលនៃការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សបច្ចុប្បន្ន។
ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ នាថ្ងៃទី២៣ ខែមីនា នេះ លោក ស ខេង បានណែនាំទៅលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកុំឲ្យមានមោទកភាពចំពោះលទ្ធផលនៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ខ្លួន ដោយថាបញ្ហានេះនៅតែស្ថិតក្នុងស្ថានភាពប្រឈមនៅឡើយ។
លោកបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមិនទាន់បញ្ចប់ និងមិនទាន់មានការពេញចិត្តនៅឡើយទេ ពិសេសការងារបង្ក្រាប ការជួយសង្គ្រោះជនរងគ្រោះ ការចាប់ជនល្មើសមកផ្ដន្ទាទោស និងការបិទអាជីវកម្មពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។ មួយវិញទៀត ដើម្បីធានាបានថាជនរងគ្រោះត្រូវបានជួយសង្គ្រោះ និងទទួលបានយុត្តិធម៌ត្រឹមត្រូវនោះ លុះត្រាតែអ្នកប្រព្រឹត្តបទល្មើសជួញដូរមនុស្សត្រូវផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។
លោក ស ខេង បានសង្កត់ធ្ងន់ថា ទោះបីអាជ្ញាធរមានសមត្ថកិច្ចបានចុះកិច្ចប្រតិបត្តិការយ៉ាងក្ដៅគគុកដែលធ្វើឱ្យបញ្ហាជួញដូរមនុស្សនៅខេត្តព្រះសីហនុ បានថមថយច្រើនក៏ដោយ ប៉ុន្តែលោកបង្ហាញក្ដីបារម្ភថា ពួកឧក្រិដ្ឋជនអាចចេញទៅជ្រកនៅតាមខេត្តផ្សេងៗទៀត ដែលករណីនេះទាមទារឲ្យទាំងមន្ត្រី និងវិស័យឯកជនត្រូវយកចិត្តទុកដាក់បន្ថែមទៀត។
លោកក៏ស្នើទៅលេខាធិការដ្ឋាន គ.ជ.ប.ជ ឲ្យស្រង់គ្រប់ព័ត៌មានទាំងឡាយពាក់ព័ន្ធការជួញដូរមនុស្ស រាប់ទាំងព័ត៌មានចេញដោយក្រសួងការបរទេសអាមេរិក ដើម្បីរួមគ្នារិះរកគ្រប់មធ្យោបាយឆ្លើយតបឲ្យបានសមស្រប និងទាន់ពេលវេលាចំពោះបញ្ហានេះ។
បើតាមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ អ្នកស្រី ជូ ប៊ុនអេង លើកឡើងថា ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ សមត្ថកិច្ចបានរកឃើញជនបរទេស ៨៧១នាក់ ក្នុងនោះចំនួន ១៦២នាក់ត្រូវបានកំណត់អត្តសញ្ញាណថាពាក់ព័ន្ធនឹងអំពើរត់ពន្ធ និងជួញដូរមនុស្ស។ ចំណែកចំនួន ៨០នាក់ទៀត ត្រូវបានកំណត់ថាជាជនសង្ស័យប្រព្រឹត្តបទល្មើស ដែលត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ។
ដោយឡែកចំពោះករណីអំពើធ្វើអាជីវកម្មផ្លូវភេទឆ្នាំ២០២២ វិញ អាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបបានចំនួន ១៣០ករណី/១២៤ករណី (កើន ៦ករណី) ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១៤៩នាក់ ក្នុងនោះអនីតិជន ១៩នាក់ និងជនបរទេស ១០នាក់ដែលមាន ៣សញ្ជាតិ។ ក្រៅពីឃាត់ជនសង្ស័យហើយ អ្នកស្រីថាជនរងគ្រោះចំនួន ២២៥នាក់ ត្រូវបានជួយសង្គ្រោះដោយប្រគល់ឲ្យមន្ទីរសង្គមកិច្ច ៤៨នាក់ និងគ្រួសារចំនួន ១៧៧នាក់។
បើតាមរបាយការណ៍ស្ដីពីការជួញដូរមនុស្សឆ្នាំ២០២២ របស់ក្រសួងការបរទេសអាមេរិក ដែលចេញផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា បានទម្លាក់ចំណាត់ថ្នាក់កម្ពុជាមកកម្រិតទី៣ ដែលអាក្រក់បំផុតពុំធ្លាប់មានតាំងពីឆ្នាំ២០១៥ មក ក្រោយពេលកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់កម្រិតទី២ ក្រោមការឃ្លាំមើលអស់រយៈពេល ៣ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៩ មក។
របាយការណ៍បានបញ្ជាក់ថា កត្តាដែលនាំឲ្យមានការទម្លាក់ចំណាត់ថ្នាក់កម្ពុជាអាក្រក់បំផុតនេះ ដោយសាររដ្ឋាភិបាលកម្ពុជាពុំបានគោរពតាមពេញលេញនូវស្តង់ដារអប្បបរមាដើម្បីបំបាត់នូវអំពើជួញដូរមនុស្ស និងពុំបានខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៅឡើយ៕