31 C
Phnom Penh

ក្រសួង​ការបរទេស​កម្ពុជា​ចោទ​ថា​អាមេរិក​កំពុង​ធ្វើ​ឱ្យ​មាន​ស្តង់ដារ​ពីរ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការបរទេស​កម្ពុជា ចោទ​ថា សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ កំពុង​ធ្វើ​ឱ្យ​មាន​ស្តង់ដារ​ពីរ​ជុំវិញ​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​បណ្តា​ប្រទេស​ផ្សេងៗ រួម​ទាំង​កម្ពុជា​ផង​ដែរ ខណៈ​អាមេរិក​ខ្លួនឯង​ពុំ​បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​ស្ដីពី​សិទ្ធិមនុស្ស​របស់​ខ្លួន​នោះ​ឡើយ។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា អាមេរិក​ជា​ប្រទេស​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​តាម​បែប​របស់​ខ្លួន​ជាង ២០០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅតែ​ជួប​ប្រទះ​បញ្ហា​រំលោភ​បំពាន​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ​ជា​រៀងរាល់​ថ្ងៃ ដូចជា៖

  • ការ​រើសអើង​ជាតិ​សាសន៍
  • ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម​ពូជសាសន៍
  • ការ​បាញ់​សម្លាប់​ទ្រង់ទ្រាយ​ធំ និង​អំពើ​ឃោរឃៅ​របស់​នគរបាល
  • ការ​រំលោភ​បំពាន​ក្នុង​ពន្ធនាគារ
  • អត្រា​មរណភាព​រាប់​លាន​នាក់​ដោយសារ​ជំងឺ​រាតត្បាត
  • ការ​កាត់ទោស​ប្រហារ​ជីវិត
  • និង​ការ​រឹតត្បិត​សិទ្ធិ​រំលូត​កូន ជាដើម។

ក្រសួង​ការបរទេស​កម្ពុជា​លើកឡើង​ថា សហរដ្ឋ​អាមេរិក​បាន​បិទ​ភ្នែក​ធ្វើ​ជា​មើល​មិន​ឃើញ​នូវ​សកម្មភាព​ដ៏​គ្រោះថ្នាក់ និង​ជ្រុលនិយម​របស់​ក្រុម​ប្រឆាំង​មួយ​ចំនួន​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ជេរប្រមាថ និង​បង្កាច់​បង្ខូច​កេរ្តិ៍ឈ្មោះ​ឱ្យ​មាន​ការ​រើសអើង ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា និង​ការ​ស្អប់ខ្ពើម​ជាតិ​សាសន៍ ព្រមទាំង​ការ​អំពាវនាវ​ឱ្យ​មាន​ការ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ស្រប​ច្បាប់ ដែល​ទង្វើ​ទាំងអស់​នេះ​ត្រូវ​បាន​ថ្កោលទោស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​បណ្តា​ប្រទេស​លោក​ខាងលិច​ដែរ​នោះ។

ប្រភព​ដដែល​បញ្ជាក់​ថា ករណី​ជាក់ស្តែង​មួយ​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ស្តង់ដារ​ពីរ​របស់​សហរដ្ឋ​អាមេរិក គឺ​អាជ្ញាធរ​សហរដ្ឋ​អាមេរិក​បាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​បុគ្គល​ជាង ១០០០​នាក់​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បះបោរ​នៅ​វិមាន​រដ្ឋសភា​កន្លងមក ប៉ុន្តែ​សម្រាប់​ស្ថានភាព​ដូច​គ្នា​នៅ​ពេល​ត្រូវ​បាន​អនុវត្ត​នៅ​កម្ពុជា​លើ​ក្រុម​បះបោរ បែរ​ជា​អាមេរិក​រិះគន់​ថា​ជា​ការ​កាត់ក្តី​ទ្រង់ទ្រាយ​ធំ​ដើម្បី​បំបិទ​ទស្សនៈ​ដែល​មិន​ស្រប​គ្នា​ទៅវិញ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​ត្រូវ​គេ​រក​ឃើញ​ថា​ជា​ប្រទេស​ដែល​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដោយ​ការ​បំបិទ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ ដែល​ប្រាសចាក​ពី​មាត្រា​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជាង ៤០​ឆ្នាំ​មក​នេះ។

ប្រធាន​អង្គការ​សង់ត្រាល់ លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន Tshe Cambodia Daily ថា ការ​រំលោភ​សិទ្ធិមនុស្ស គឺ​សំដៅ​ទៅ​លើ​អាជ្ញាធរ​រដ្ឋ​ដែល​ពួកគេ​បាន​រំលោភ​អំណាច រំលោភ​សិទ្ធិមនុស្ស ឬ​ការ​ធ្វើ​ទារុណកម្ម​របស់​សមត្ថកិច្ច។ ម្យ៉ាង​ទៀត ប្រសិនបើ​បុគ្គល​ណា​មួយ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​បុគ្គល​ផ្សេង​ទៀត​ដែល​គ្មាន​ការ​ចាត់​វិធានការ​ពី​សមត្ថកិច្ច នោះ​វា​ក៏​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ដែរ។

លោក​បន្ត​ថា នៅ​សហរដ្ឋ​អាមេរិក ឬ​មួយ​នៅ​តាម​បណ្តា​ប្រទេស​ជឿនលឿន​មួយ​ចំនួន​ទៀត នៅ​ពេល​ណា​មាន​ការ​បាញ់ ការ​ប្រព្រឹត្ត​បទល្មើស ការ​រើសអើង​ជាតិ​សាសន៍ ឬ​ពណ៌​សម្បុរ ឬ​ការ​ប្រើ​អំពើ​ហិង្សា​ណា​មួយ សមត្ថកិច្ច​របស់​ប្រទេស​នោះ​តែង​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ហើយ​នេះ​មិនមែន​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ទេ ដោយសារ​អាជ្ញាធរ​បាន​ប្រើប្រាស់​តួនាទី​របស់​ខ្លួន។

លោក​បន្ត​ថា នៅ​កម្ពុជា​នៅ​ពេល​ដែល​កម្មករ​មាន​បញ្ហា ជាពិសេស​ក្រុម​កម្មករ​ណាហ្គា​វើលដ៍​ជាដើម ដែល​ត្រូវ​បាន​ថៅកែ​បណ្តេញ​ចេញពី​ការងារ​ដោយសារ​ពួកគេ​ទាមទារ​ឲ្យ​មាន​ការ​បង្កើត​សហជីព ការ​ទាមទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់ឈ្នួល ឬ​អនុវត្ត​នូវ​សិទ្ធិ​ចរចា​ជា​សមូហភាព ជាដើម​នោះ អាជ្ញាធរ​រដ្ឋ​មិន​ត្រឹមតែ​មិន​បាន​រក​ដំណោះស្រាយ​សមរម្យ​ដល់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បែរ​ជា​នាំគ្នា​បង្ក្រាប​ទៅ​លើ​ក្រុម​កូដករ និង​បាន​ចាប់​ខ្លួន​ពួកគេ​ដាក់​ពន្ធនាគារ​ទៅវិញ។

លោក មឿន តុលា បន្ត​ថា អំពើ​ទាំងនេះ​ហើយ​ដែល​សហគមន៍​អន្តរជាតិ ឬ​អាមេរិក​ជាដើម មិន​មាន​អ្វី​ខុស​ទេ​នៅ​ពេល​ដែល​ពួកគេ​តែង​ចាត់ទុក​អំពើ​ទាំងនោះ​ថា​ជា​ការ​រំលោភ​សិទ្ធិមនុស្ស។

ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ ជាពិសេស​សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​ជា​បន្តបន្ទាប់​ពី​ការ​រំលោភ​សិទ្ធិ​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​ប្រជាពលរដ្ឋ​ខ្មែរ។ ជាក់ស្តែង របាយការណ៍​ប្រចាំ​ឆ្នាំ​២០២១ របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០២២ បាន​រក​ឃើញ​ថា មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ជាពិសេស​តាមរយៈ​នៃ​ការ​គំរាម​ដោយ​ប្រើ​កងកម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​គូប្រជែង​នយោបាយ​របស់​លោក ហ៊ុន សែន ជាដើម។

របាយការណ៍​ដដែល​បាន​លាតត្រដាង​ថា ក្នុង​ចំណោម​ការ​រំលោភ​បំពាន​ដែល​ត្រូវ​បាន​រាយការណ៍ រួមមាន​ការ​ធ្វើ​ទារុណកម្ម​ដ៏​ឃោរឃៅ អមនុស្សធម៌ ដែល​បាន​ធ្វើ​ឲ្យ​អាប់ឱន​កិត្តិយស និង​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត​ផង​ដែរ។ ជាង​នេះ​ទៀត ក៏​មាន​ការ​ជ្រៀតជ្រែក​ទៅ​ក្នុង​ជីវិត​ឯកជន​របស់​ពលរដ្ឋ​តាមរយៈ​នៃ​ការ​តាមដាន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិចត្រូនិក និង​ការ​រឹតត្បិត​ធ្ងន់ធ្ងរ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​សេរី ការ​បញ្ចេញមតិ ការ​ចូលរួម​នយោបាយ​ថែម​ទៀត។

របាយការណ៍​ដដែល​ក៏​បាន​រក​ឃើញ​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​ចោទប្រកាន់​តាម​អំពើ​ចិត្ត​ពី​បទ «ញុះញង់» ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​ប្រើប្រាស់​ច្បាប់ ដើម្បី​ចោទប្រកាន់​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​អ្នកគាំទ្រ​របស់​ពួកគេ​ពី​បទ​ឧក្រិដ្ឋ​ផង​ដែរ។

បន្ថែម​ពី​នេះ ក៏​មាន​ការ​យាយី​កាន់តែ​ខ្លាំង​ឡើងៗ​លើ​មេដឹកនាំ​សហជីព​ឯករាជ្យ សកម្មជន​បរិស្ថាន និង​ពលរដ្ឋ​ដែល «បញ្ចេញមតិ​ដ៏​រសើប​ទាក់ទិន​នឹង​រឿង​នយោបាយ» ក្នុង​នោះ​រួមមាន​ទាក់ទិន​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ទៅ​នឹង​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ វិវាទ​ដីធ្លី បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម និង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន ជាដើម។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​របស់​ប្រទេស​ជាតិ ខណៈ​សេចក្តី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​ដោះស្រាយ និង​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ ប៉ុន្តែ​រដ្ឋាភិបាល​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​បាន​អនុវត្ត​ផ្ទុយ​ពី​មាត្រា​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទាំងស្រុង។

កាលពី​ចុងឆ្នាំ​២០២២ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លើក​ទី​៤៩ នៅ​ទីក្រុង​ហ្សឺណែវ នៃ​ប្រទេស​ស្វីស ថា ទិដ្ឋភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅតែ​បង្ក​ការ​ព្រួយបារម្ភ​ធ្ងន់ធ្ងរ​ដដែល ព្រោះ​ថា​លំហ​សេរីភាព​របស់​ពលរដ្ឋ និង​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រួម​តូច និង​កំពុង​ដើរ​ថយក្រោយ​ដោយសារតែ​គ្រប់គ្រង​តាម​បែប​ឯក​បក្ស​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស