ពលរដ្ឋនៅខេត្តសៀមរាប ឡើងមករកកិច្ចអន្តរាគមន៍ពីលោក ហ៊ុន សែន និងក្រសួងដែនដី ឲ្យជួយដោះស្រាយបញ្ហាដីធ្លីដែលពួកគេចោទថា អាជ្ញាធរអប្សរា និងអ្នកមានអំណាចបានរំលោភយកដីរបស់ពួកគេដោយខុសច្បាប់។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន បានសរសេរលើហ្វេសប៊ុកថា ពលរដ្ឋចំនួន ១០០នាក់ដែលឡើងមកភ្នំពេញកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ មកពីសហគមន៍ចំនួន៦ ក្នុងខេត្តសៀមរាប ក្នុងនោះមានសហគមន៍ស្នាសង្គ្រាម សហគមន៍ស្គុន សហគមន៍អង្គរធំ សហគមន៍ត្រពាំងស្វាយ សហគមន៍ឃ្លាំងទឹក៧៨ និងសហគមន៍ភ្នំក្រោម។
ប្រភពដដែលបញ្ជាក់ថា មូលហេតុដែលក្រុមប្រជាពលរដ្ឋនាំគ្នាឡើងមកភ្នំពេញដាក់ញត្តិនៅក្រសួងដែនដី និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំឲ្យលោក ហ៊ុន សែន និងស្ថាប័នធំៗទាំងពីរជួយរកកិច្ចអន្តរាគមន៍ ព្រោះអាជ្ញាធរអប្សរា និងអ្នកមានអំណាចបានរំលោភយកដីប្រជាពលរដ្ឋដោយខុសច្បាប់។
ចំណែកនៅថ្ងៃទី២៨ ខែមីនា នេះ ពលរដ្ឋចំនួន ៧០គ្រួសារខេត្តសៀមរាប ក៏បានយកញត្តិទៅដាក់នៅក្រសួងមហាផ្ទៃ ដើម្បីស្នើទៅលោក ស ខេង ឲ្យជួយដោះស្រាយវិវាទដីធ្លីទំហំ ១០ហិកតារដែលពួកគេចោទថា អាជ្ញាធរមូលដ្ឋានបានយក។ ក្រៅពីស្នើសុំឲ្យយកដីមកវិញ ពួកគេស្នើទៅលោក ស ខេង ជួយចេញប័ណ្ណកម្មសិទ្ធិដល់ពួកគេផងដែរ ដោយថាបច្ចុប្បន្ន ពួកគេមិនមានដីធ្លីសម្រាប់សង់ផ្ទះស្នាក់នៅឡើយ។
ជុំវិញរឿងដីធ្លីនេះ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានស្ដីបន្ទោសអភិបាលរាជធានី-ខេត្ត រួមទាំងមន្ត្រីមួយចំនួនផ្សេងទៀតដែលអសកម្មក្នុងតួនាទីព្រងើយកន្តើយក្នុងការដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ។ ក្រៅពីមិនដោះស្រាយហើយ លោក ស ខេង ថាពួកគេក៏មិនរាយការណ៍ដោយសម្ងំតែសុខសម្រាប់ខ្លួនប៉ុណ្ណោះ។
របាយការណ៍ដែលមានចំណងជើងថា «ការបន្តចោទប្រកាន់–ការចាប់ឃុំខ្លួនពលរដ្ឋក្នុងរឿងវិវាទដីធ្លី» ចេញផ្សាយនៅក្នុងឆ្នាំ២០២១ កន្លងទៅ បានឲ្យដឹងថា មានជនរងគ្រោះដោយសារជម្លោះដីធ្លីចំនួន ១ម៉ឺន ៧ពាន់ ៣៣គ្រួសារ ស្មើ ៦១៤៦៩នាក់ ក្នុងនោះមានករណីវិវាទដីធ្លីចំនួន ៦៩ករណីលើដីទំហំជាង ៥ម៉ឺនហិកតារ (៥២៦០១,៨៧ហិកតារ) ក្នុងនោះមានជនជាតិដើមភាគតិចចំនួន ១៣៤៧គ្រួសារ៕