29 C
Phnom Penh

មេដឹកនាំ​រដ្ឋប្រហារ​នៅ​ភូមា​ចង់​ឱ្យ​សហគមន៍​អន្តរជាតិ​គាំទ្រ​ប្រជាធិបតេយ្យ​ក្លែងក្លាយ​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ មេដឹកនាំ​រដ្ឋប្រហារ​នៃ​ប្រទេស​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បាន​ទទូច​ដល់​ក្រុម​ប្រទេស​ដែល​ប្រកាន់​ជំហរ​ប្រឆាំង​ការ​ដឹកនាំ​របស់​លោក ងាក​មក​គាំទ្រ​ផែនការ​រដ្ឋាភិបាល​របស់​លោក​ក្នុង​ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ដឹកនាំ​វិលត្រឡប់​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ដែល​គេ​ថា​ជា​វិថី​មួយ​ក្រោម​ការ​ត្រួសត្រាយ​ផ្លូវ​របស់​ក្រុម​រដ្ឋប្រហារ គឺជា​ប្រជាធិបតេយ្យ​ក្លែងក្លាយ។

មេដឹកនាំ​របប​សឹក​ភូមា​រូប​នេះ​ថ្លែង​ថា គេ​មិន​ត្រូវ​បន្ត​គាំទ្រ​ចលនា​ប្រឆាំង​រដ្ឋាភិបាល​របស់​រូប​លោក​ទៀត​នោះ​ទេ។ លោក មីន អ៊ុងឡាំង បាន​ហៅ​ថា​ក្រុម​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ភូមា ថា​ជា «ពួក​ភេរវករ» ដែល​មាន​ចេតនា​បំផ្លាញ​ប្រជាធិបតេយ្យ​នៃ​ប្រទេស​អាស៊ាន​មួយ​នេះ​ទៅវិញ​នោះ​ទេ។

ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែ​មីនា នេះ បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា មេដឹកនាំ​របប​សឹក​រូប​នេះ​បាន​លើកឡើង​ដូចនេះ​នៅ​ចំពោះ​មុខ​មន្ត្រី​យោធា​ប្រមាណ​ជា ៨០០០​នាក់ ដែល​ចូលរួម​ពិធី​ព្យុហយាត្រា​ប្រចាំ​ឆ្នាំ​នៃ​ទិវា​កងកម្លាំង​ប្រដាប់​អាវុធ​ភូមា កាលពី​ថ្ងៃ​ចន្ទ ទី​២៧ មីនា។

ក្នុង​ឱកាស​នោះ លោក មីន អ៊ុងឡាំង សង្កត់​ធ្ងន់​ថា កងទ័ព​និង​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ចាត់​វិធានការ​ប្រឆាំង​ពួក​ភេរវករ​ដែល​កំពុង​ព្យាយាម​បំផ្លិចបំផ្លាញ​ប្រទេស និង​សម្លាប់​ជីវិត​មនុស្ស។ ដូចនេះ យើង​សូម​ទទូច​ដល់​សហគមន៍​អន្តរជាតិ​ចូលរួម​សហការ​ជាមួយ​នឹង​រដ្ឋាភិបាល​ភូមា​បច្ចុប្បន្ន ដើម្បី​ដើរ​លើ​គន្លង​ផ្លូវ​ត្រឹមត្រូវ​ត្រឡប់​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។

រដ្ឋប្រហារ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង កាលពី​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ បាន​បិទ​បញ្ចប់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដែល​មាន​អាយុ​បាន​ប្រាំ​ឆ្នាំ ដែល​ពី​មុន​មក​ប្រទេស​នេះ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ពួក​យោធា​អស់​រយៈពេល​ជាង ៦០​ឆ្នាំ។

ក្រុម​អង្គការ​សិទ្ធិមនុស្ស និង​សហគមន៍​អន្តរជាតិ​ប្រកាន់​របប​ប្រជាធិបតេយ្យ បាន​ចោទ​របប​សឹក​ពី​ការ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ទៅ​លើ​ក្រុម​ប្រដាប់​អាវុធ ដោយ​រួម​មាន​ទាំង​ការ​វាយប្រហារ​លើ​ជន​ស្លូតត្រង់ និង​កម្លាំង​អ្នក​ប្រជាធិបតេយ្យ។

បន្ទាប់ពី​បាន​ដឹកនាំ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ឧត្តមសេនីយ៍ មីន អ៊ុងឡាំង លើក​ខ្លួនឯង​ជា​នាយករដ្ឋមន្ត្រី ហើយ​បាន​ជំរុញ​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​បង្កើត​រដ្ឋាភិបាល​ស្រមោល។

ក្នុង​ពិធី​ព្យុហយាត្រា​មួយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ មេដឹកនាំ​របប​សឹក​ម្នាក់​នេះ​បាន​ប្រកាស​ប្ដេជ្ញា​ថា​នឹង​មិន​បន្ធូរ​ដៃ​ដាច់ខាត​ក្នុង​ការ​បង្ក្រាប​ក្រុម​ចលនា​ប្រឆាំង ហើយ​បាន​សន្យា​ជា​ថ្មី​ថា កងទ័ព​របស់​លោក​នឹង​រៀបចំ​ឱ្យ​មាន​ការ​បោះឆ្នោត​ដែល​ប្រកប​ដោយ​ភាព​សេរី និង​យុត្តិធម៌ ក្រោយ​បញ្ចប់​ការ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន។

នៅ​ក្នុង​ខួប ២​ឆ្នាំ​នៃ​ការ​ឡើង​កាន់​អំណាច របប​សឹក​ភូមា​បាន​ប្រកាស​បន្ត​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ដែល​មាន​រយៈពេល​មួយ​ឆ្នាំ​ទៀត ហើយ​ក៏​បាន​ប្រកាស​ពន្យារ​ពេល​បោះឆ្នោត​ដែល​ពួក​យោធា​បាន​សន្យា​ថា​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ត្រឹម​ខែ​សីហា ឆ្នាំ​នេះ។

ការ​ប្រកាស​ពន្យារ​ការ​បោះឆ្នោត​នេះ ពួក​យោធា​អះអាង​ថា បច្ចុប្បន្ន​នេះ​ប្រទេស​ដែល​ខ្លួន​កំពុង​គ្រប់គ្រង នៅ​មិនទាន់​គ្រប់គ្រង​បាន​ទេ។ ដូចនេះ ការ​រៀបចំ​ការ​បោះឆ្នោត​ក៏​មិន​អាច​ប្រព្រឹត្ត​បាន​ដែរ។

ពួក​យោធា​អះអាង​ថា ការ​ផ្ទេរ​អំណាច​ទៅ​រដ្ឋាភិបាល​ស៊ីវិល​វិញ គឺ​ត្រូវ​ឆ្លងកាត់​ការ​បោះឆ្នោត​មួយ​ដ៏​ត្រឹមត្រូវ និង​ប្រព្រឹត្ត​តាម​គន្លង​ប្រជាធិបតេយ្យ​ដែល​ភាគី​ទាំងអស់​អាច​ទទួល​យក​បាន។

រដ្ឋប្រហារ​របស់​ពួក​យោធា​ដែល​រំលាយ​រដ្ឋាភិបាល​ស៊ីវិល​ជាប់​ឆ្នោត​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២០ ក៏​បាន​ផ្តើម​ឱ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​ឡើងវិញ​រវាង​កងទ័ព​ភូមា ក្រោម​ការ​ដឹកនាំ​នៃ​របប​សឹក​សព្វថ្ងៃ​នេះ​ជាមួយ​នឹង​ក្រុម​កងទ័ព​ជនជាតិ​ភាគតិច ដែល​សហការ​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​ស្រមោល ហើយ​បច្ចុប្បន្ន​នេះ ប្រទេស​ភូមា​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ទៅ​ហើយ។

គិត​មក​ដល់​ពេលនេះ ពួក​យោធា​ចាប់​ខ្លួន​អ្នក​បះបោរ​ជាង ១៦០០០​នាក់ និង​បាញ់​សម្លាប់​ក្រុម​ប្រឆាំង​ជាង ៣០០០​នាក់។

នៅ​ពេល​ដែល​មេដឹកនាំ​រដ្ឋប្រហារ​អំពាវនាវ​សុំ​ឱ្យ​ជួយ​គាំទ្រ​ដំណើរការ​ប្រជាធិបតេយ្យ​របស់​ខ្លួន គឺជា​ចំណោទ​មួយ​សួរ​ថា តើ​ប្រជាធិបតេយ្យ​ក្លែងក្លាយ​របស់​របប​សឹក​នេះ វា​បាន​លើក​ទឹកចិត្ត​ប្រទេស​ប្រជាធិបតេយ្យ​ដែល​មិន​ក្លែងក្លាយ​គាំទ្រ​ដែរ​ឬ​ទេ។

ប្រទេស​ធំៗ​នៅ​ក្នុង​សមាគម​អាស៊ាន​ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​ត្រឹមត្រូវ ដូចជា​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន បាន​ហៅ​សារ​របស់​មេ​រដ្ឋប្រហារ​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ថា​ជា​សារ​ទាក់ទាញ​តែ​ក្លែងក្លាយ។

មេដឹកនាំ​ប្រទេស​ទាំង ៣ នេះ រួម​នឹង​នាយករដ្ឋមន្ត្រី​ប្រទេស​សិង្ហបុរី លី សៀនឡុង កាលពី​ថ្មីៗ​នេះ​បាន​ប្រកាស​ថា នឹង​ស្វែងរក​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ ដើម្បី​បង្ខំ​ឲ្យ​របប​សឹក​ភូមា​អនុវត្ត​ឱ្យ​បាន​នូវ​គោលការណ៍ ៥​ចំណុច​របស់​អាស៊ាន ដែល​បាន​ព្រមព្រៀង​គ្នា​នៅ​ចំពោះ​មុខ​ឧត្តមសេនីយ៍ មីង អ៊ុងឡាំង កាលពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ខែ​មេសា ឆ្នាំ​២០២១ នៅ​ទីក្រុង​ចាកាតា ប្រទេស​ឥណ្ឌូនេស៊ី។

ចំពោះ​វិបត្តិ​នៅ​ប្រទេស​ភូមា នេះ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ រួម​នឹង​មហាសន្និបាត​របស់​អង្គការ​ពិភពលោក​នេះ​បាន​ទាមទារ​ឲ្យ​ពួក​យោធា​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់ រួម​ទាំង​អ្នកស្រី អ៊ុងសាន ស៊ូជី ហើយ​ផ្ទេរ​អំណាច​របស់​ពួក​យោធា​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​វិញ តែ​ពួក​យោធា​មិន​ដែល​អនុវត្ត​តាម​ការ​ទាមទារ​របស់​អង្គការ​សហប្រជាជាតិ និង​សមាគម​អាស៊ាន​ម្ដង​ណា​នោះ​ទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស